អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំផ្សព្វផ្សាយ​ផែនការ​សកម្មភាពឆ្នាំ២០២០
July 16, 2020    អ្នកទស្សនា :

      ទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០ អគ្គនាយក​ដ្ឋាន​ពន្ធនាគារ នៃក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាព​ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានពន្ធនាគារ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តម​សេនីយ៍ សន្ដិបណ្ឌិត ចាន់ គីមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួង​មហាផ្ទៃ ដោយមានការចូលរួម អគ្គនាយក អគ្គនាយកដ្ឋានពន្ធគារ និងភាគីពាក់ព័ន្ធ​ជាច្រើន ទៀត។

      ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ សន កែវ អគ្គនាយករង អគ្គនាយក​ដ្ឋានពន្ធនា គារ នៃក្រសួងមហាផ្ទៃ បានថ្លែងថា ផែនការសកម្មភាពឆ្នាំ​២០២០ របស់អគ្គនាយកដ្ឋានពន្ធគារ គឺជាផែនការសកម្មភាពឆ្នាំទី២ នៃការអនុវត្ត​ផែនការយុទ្ធសាស្ដ្ររយៈពេល៥ឆ្នាំ របស់អគ្គនាយកដ្ឋានពន្ធនាគារ ក្នុងគោលបំណង​លើកកម្ពស់ការគ្រប់គ្រងជនជាប់ឃុំតាមជំនាញវិជ្ជាជីវៈ ធានាបានសន្ដិសុខ សុវត្ថិភាព សុខភាពនិងមនុស្សធម៌ ព្រមទាំង ផ្ដល់កម្មវិធីអប់រំកែប្រែ ស្ដារនីតិសម្បទា បណ្ដុះ​បណ្ដាល​​វិជ្ជាជីវៈ និងសមាហរណកម្ម។

      ឯកឧត្តមបន្ដថា ដើម្បីសម្រេចបានអនុវត្តផែនការយុទ្ធសាស្ដ្រនេះ ចាំបាច់ត្រូវមានការ​ឧបត្ថម្ភគាំទ្រ ទាំងស្មាតី និងធនធានហិរញ្ញវត្ថុពីរាជរដ្ឋាភិបាលកម្ពុជា ពីក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័ន អង្គការ ដៃគូពាក់ព័ន្ធ និងសប្បុរសជននានា។ជាងនេះទៅទៀត ក៏តម្រូវឲ្យមានការខិតខំប្រឹងបំពេញ តួនាទី ភារកិច្ចប្រកបដោយស្មារតីទទួល​ខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ដ្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់។

      ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ សន កែវ បានលើកឡើងទៀតថា ដើម្បីឲ្យផែន​ការ​សកម្មភាពឆ្នាំ២០២០ សម្រេចបានតាមគោលបំណង និងលទ្ធផលរំពឹងទុក​អគ្គនាយក​ដ្ឋានពន្ធនាគារ ដាក់ចេញនូវវិធានការដូចខាងក្រោម ៖

ទី១-ផ្សព្វផ្សាយផែនការនេះឲ្យបានទូលំទូលាយក្នុងជួរមន្ដ្រីពន្ធនាគារ ស្ថាប័នពាក់ព័ន្ធ និងអង្គការជាតិដៃគូនានា ដើម្បីចូលរួមអនុវត្ត និងជួយឧបត្ថម្ភគាំទ្រ។

ទី២-គ្រប់នាយកដ្ឋាន និងពន្ធនាគាររាជធានី-ខេត្ត ត្រូវកសាងផែនការសកម្មភាព​លំអិតជាក់ស្ដែង និងទទួលខុសត្រូវអនុវត្តតាមតួនាទីភារកិច្ច ដើម្បីសម្រេចគោល​ដៅចុងក្រោយ។

ទី៣-គ្រប់អង្គភាពពាក់ព័ន្ធ ត្រូវតាមដាន ត្រួតពិនិត្យ វាយតម្លៃការអនុវត្ត តាមរយៈពេល​ដែល​បានកំណត់ និងត្រូវរាយការណ៍មកអគ្គនាយកដ្ឋានពន្ធនាគារ​ជាលាយលក្ខណ៍​អក្សរ។

      នាឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ចាន់ គីមសេង មានប្រសាសន៍​ថា «សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានកោត​សសើរចំពោះមន្ដ្រីពន្ធនាគាររបស់យើង ដែលខិតខំប្រឹងប្រែងធ្វើកិច្ចការងារ ដែល​សម្រេច​តួនាទីភារកិច្ចជាច្រើន»។

      ឯកឧត្តមក៏បានថ្លែងអំណរគុណ ចំពោះគ្រប់អង្គភាពអគ្គនាយកដ្ឋានពន្ធនាគារទាំងអស់ ដែល​បាន​ខិតខំធ្វើការងារ និងអនុវត្តយ៉ាងសកម្ម នូវវិធានការបង្ក្រាប និងទប់ស្កាត់ ការ​រីក​រាល​ដាល់នៃជំងឺកូវីដ-១៩ នៅតាមមណ្ឌលអប់កែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ហើយ​ជារួមមកដល់ថ្ងៃនេះ អគ្គនាយកដ្ឋានពន្ធនាគារ ធានាបាន១០០ភាគរយ ថា ជនជាប់​ឃុំខ្លួន មិនមានឆ្លងជំងឺកូវីដ-១៩ឡើយ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ