សម្ដេចក្រឡាហោម ស ខេង ជំរុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិស្រង់ឈ្មោះគ្រួសារក្រីក្រ និងជនទេសន្តរប្រវេសន៍ ពិតប្រាកដ ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីទទួលប្រាក់ពីកម្មវិធីផ្ទេរសាច់ប្រាក់ជូនគ្រួសារក្រីក្រ ប្រកបដោយតម្លាភាព
July 15, 2020    អ្នកទស្សនា :

      សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជំរុញឲ្យ ក្រសួងផែនការ និងរដ្ឋបាលថ្នាក់​ក្រោមជាតិ​ទាំងអស់ត្រូវស្រង់ឈ្មោះគ្រួសារក្រីក្រ និងជនទេសន្តរប្រវេសន៍ឲ្យបានច្បាស់លាស់ ដើម្បីទទួលសាច់ប្រាក់ពីកម្មវិធី «ឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រ» ដែលរាជរដ្ឋាភិបាល ប្រកាសដាក់ឲ្យប្រើប្រាស់នាពេលថ្មីៗនេះ ប្រកបដោយតម្លាភាព។

      ក្នុងកិច្ចប្រជុំជាន់ខ្ពស់រវាងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិនៅកម្ពុជា ស្ដីពីកម្មវិធីរួមគ្នា ដើម្បីគាំទ្រជនទេសន្ដប្រវេសន៍ ដែលវិលត្រឡប់ក្នុងស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ និងផលប៉ះពាល់ នាថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡា ហោម ស ខេង មានប្រសាសន៍ថា រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវគ្រប់គ្រងឲ្យបានល្អចំពោះសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងសង្គម ជាពិសេសគ្រប់គ្រងនៅចលនាជនទេសន្តរប្រវេសន៍ព្រមទាំងផ្ដល់សេវាសាធារណៈនានា ឲ្យមានភាពឆ្លើយតបទាន់ពេលវេលា និងលើក​កម្ពស់របស់ប្រជាពលរដ្ឋផងដែរ។

      សម្ដេចក្រឡាហោម មានប្រសាសន៍បន្ថែមទៀត «ក្រសួងផែនការ និងរដ្ឋបាលថ្នាក់ក្រោម គម្បីត្រូវខិតខំធ្វើបច្ចុប្បន្នភាពជនក្រីក្រពិតប្រាកដ ជាពិសេស ជនទេសន្តរប្រវេសន៍ដែលត្រឡប់មកពីប្រទេសជិតខាងវិញ ដើម្បីទទួលបានសេវាពីកម្មវិធីផ្ទេរសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងកិច្ចគាំពារផ្នែកសេដ្ឋកិច្ចផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល»។

      ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានស្នើទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា សម្របសម្រួលជាមួយទីភ្នាក់ងារអង្គការប្រជាជាតិប្រចាំប្រទេសនានាក្នុងតំបន់ ដើម្បីរកដំណោះស្រាយ ក្នុងការគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែនពលករទេសន្តរប្រវេសន៍រវាងប្រទេសបញ្ជូន និងប្រទេសទទួល។

      សម្ដេចក្រឡាហោមបន្ដថា ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកទៅលើកម្មវិធីសន្ដិសុខស្បៀង និងអាហាររូបឧបត្ថម្ភរបស់ប្រជាពលរដ្ឋ ហើយទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងភាគីពាក់ព័ន្ធមួយចំនួនទៀតត្រូវ សម្របសម្រួលគៀងគរធនធានសម្រាប់ដោះស្រាយ ផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ហើយត្រូវបន្ដសហការ​រៀបចំប្រព័ន្ធគ្រប់​គ្រងជនចំណាក់ស្រុកដែលបានវិលត្រឡប់មកកម្ពុជាវិញ។

      សម្ដេចក្រឡាហោម ក៏បានអំពាវនាវឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្ដពង្រឹងការគ្រប់គ្រងពលករចំណាក់ស្រុកដែលត្រឡប់មកកម្ពុជាវិញ ព្រមទាំងពង្រឹងវិធានការគ្រប់គ្រងព្រំដែន ហើយត្រូវសហការជាមួយប្រទេសជិតខាង ដើម្បីធ្វើការស្រាវជ្រាវ និងបង្ក្រាបមេខ្យល់ ដែលនាំពលករ​ឆ្លងដែនខុសច្បាប់ផងដែរ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ