ឯកឧត្តម អ៉ីវ លាង ដឹកនាំប្រជុំពិភាក្សាចងក្រងប្រវត្តិរបស់អគ្គាធិការដ្ឋាន
July 15, 2020    អ្នកទស្សនា :

      នាព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំ កិច្ចប្រជុំពិភាក្សាចងក្រងប្រវត្តិរបស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ។

      ឯកឧត្តមបានថ្លែងយ៉ាងដូចនេះថា កិច្ចប្រជុំពេលនេះជារឿងសំខាន់ណាស់ ដែលយើង​ត្រូវតែស្វែងយល់ឱ្យបានច្បាស់ពីប្រវត្តិការកកើត គោលបំណងដែលថ្នាក់ដឹកនាំបាន​បង្កើតអគ្គាធិការដ្ឋាននាសម័យកាលនោះ ខណៈ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីកំពុងបម្រើការងារក្នុងអគ្គាធិការដ្ឋាន។ ឯកឧត្តមបានបន្តទៀតថា ម្យ៉ាងទៀត វាជាការរំលឹកដល់វិរៈភាព ស្នាដៃ ស្គាល់ឈ្មោះថ្នាក់ដឹកនាំ និងជាពិសោធន៍មួយដែល​ទាក់ទង​នឹងការកំណែទម្រង់ដឹកនាំ ការកែសម្រួលលិខិតបទដ្ឋានគតិយុត្ត និងការផ្លាស់​ប្តូរ​ឈ្មោះរបស់អគ្គាធិការដ្ឋានទៅតាមសម័យកាលនីមួយៗ ហើយការចងក្រងប្រវត្តិ​ពេលនេះ អាចជាឯកសារបន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយផងដែរ។

      ជាកិច្ចបញ្ចប់ ឯកឧត្តម បានថ្លែងការអរគុណចំពោះអង្គប្រជុំដែលបានចូលរួមពិនិត្យ ពិភាក្សាយ៉ាងផុសផុល និងបានកោតសរសើរចំពោះក្រុមការងារដែលបាន​ខិតខំប្រឹង​ប្រែងបំពេញកិច្ចការនេះ។ បន្ទាប់មក ឯកឧត្តម បានប្រគល់ជូនក្រុមការងារបន្តស្រាវ​ជ្រាវឯកសារ ឬសម្ភាសន៍អ្នកពាក់ព័ន្ធ និងកែសម្រួលតាមស្មារតីអង្គប្រជុំផងដែរ។

      សូមជម្រាបថា បច្ចុប្បន្ន អគ្គាធិការដ្ឋានមានតួនាទីធ្វើជាសេនាធិការជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការធ្វើអធិការកិច្ច និងដោះស្រាយបណ្ដឹងរបស់ប្រជាពលរដ្ឋ បណ្តឹងបរិហារ និងបណ្តឹងតវ៉ានានា ពាក់ព័ន្ធមន្ត្រី ឬអង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ធានាដល់​ការអនុវត្តតួនាទី ភារកិច្ចនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក្នុងដែនសមត្ថកិច្ចក្រសួង​មហាផ្ទៃ ឱ្យស្របតាមលិខិតបទដ្ឋានគតិយុត្ត។

      នេះបើយោងតាមរបាយការណ៍បឋមពីវឌ្ឍនភាពសង្ខេបរបស់អគ្គាធិការដ្ឋាន មានដូចខាងក្រោម៖

កាលដើមឡើយ អគ្គាធិការដ្ឋាន ពុំមានឈ្មោះដូចបច្ចុប្បន្ននេះទេ ក្រោយពីភ្លើង​សង្គ្រាមបានរំលត់ទៅ ដល់ពេលដែលត្រូវរៀបចំគោលនយោបាយ រចនាសម្ព័ន្ធ ដើម្បីដឹកនាំប្រទេសឡើងវិញស្របតាមសភាពការជាក់ស្តែងតាមសម័យកាលនីមួយៗ ហេតុនេះការកែទម្រង់ដឹកនាំ រចនាសម្ព័ន្ធនានា ក៏ត្រូវបានកែសម្រួលជាបន្តបន្ទាប់។ ខាងក្រោមនេះជាការវិវត្តជាបន្តបន្ទាប់របស់អគ្គាធិការដ្ឋាន :

      អគ្គាធិការដ្ឋានបានចាប់បដិសន្ធិឡើងក្នុងឆ្នាំ១៩៨៩ ដែលកាលនោះមានឈ្មោះថា <<គណៈកម្មាធិការត្រួតពិនិត្យក្រសួងមហាផ្ទៃ>> នេះផ្អែកតាមប្រកាសលេខ ២៦៦ សជណ ចុះថ្ងៃទី ២២ ខែឧសភា ឆ្នាំ១៩៨៩ ដោយស្ថិតនៅក្រោមការដឹកនាំ​ផ្ទាល់​របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ប្រកាសនេះក៏បានកំណត់ពីតួនាទីភារកិច្ចផងដែរ គឺត្រួតពិនិត្យរាល់ការអនុវត្តគោលការណ៍ គោលនយោបាយ សេចក្ដីសម្រេច សារាចរ សារាចរណែនាំរបស់ក្រសួង របបកំណត់បទបញ្ញតិ វិន័យកងកម្លាំងនគរបាល ទទួល និងដោះស្រាយបណ្តឹងរបស់ប្រជាជន ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។

      ដើម្បីឆ្លើយតបតាមតម្រូវការ និងកំណែទម្រង់នានា ទៅនឹងសភាពការណ៍ជាក់ស្តែង ទើបដល់ឆ្នាំ១៩៩២ បានប្តូរឈ្មោះពី<<គណៈកម្មាធិការត្រួតពិនិត្យក្រសួងមហាផ្ទៃ>> ទៅជា <<អធិការដ្ឋានកិច្ចការរដ្ឋបាល និងនយោបាយរដ្ឋបាល>> វិញ បើផ្អែកតាម​អនុក្រឹត្យលេខ០៨អនក្រ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៩២។ ដោយឡែកតួនាទី ភារកិច្ច បែរជាកំណត់ក្នុងប្រកាសលេខ៤៥ បផ.កប.៩២ ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ១៩៩២ទៅវិញ។ ដើម្បីបង្កើនប្រសិទ្ធការងាររបស់អធិការដ្ឋានកិច្ចការរដ្ឋបាល និងនយោបាយរដ្ឋបាល សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​នាពេលនោះ បានដាក់ចេញសេចក្តីសំរេចលេខ១៣មផ.អធិ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៩៣ ដោយកំណត់កាន់តែច្បាស់ពីការអនុវត្តតួនាទី ភារកិច្ចរបស់អធិការដ្ឋាន​កិច្ចការរដ្ឋបាល និងនយោបាយរដ្ឋបាល។

      ក្រោយពេលប្រទេសកម្ពុជាបានរៀបចំឱ្យមានការបោះឆ្នោតក្នុងឆ្នាំ១៩៩៣ និងមិន​ទាន់មានច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃនៅឡើយ ។ ដើម្បីធានានិរន្តរភាព ប្រសិទ្ធ​ភាព​ការងារ ការវិវត្តន៍សភាពការណ៍ និងឆ្លើយតបតាមសេចក្តីត្រូវការចំពោះមុខ បានប្តូរឈ្មោះពី <<អធិការដ្ឋានកិច្ចការរដ្ឋបាល និងនយោបាយរដ្ឋបាល >> ទៅជា <<អគ្គាធិការដ្ឋានកិច្ចការនយោបាយ រដ្ឋបាល និងនគរបាល >> នេះបើផ្អែកតាម​អនុក្រឹត្យលេខ១៦អនក្រ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៣។ ប៉ុន្តែអនុក្រឹត្យនេះ​មិនបានចែងកំណត់តួនាទីភារកិច្ច និងរចនាសម្ព័ន្ធនៅឡើយ ហេតុនេះហើយ ទើបក្រសួងមហាផ្ទៃ បានដាក់ចេញប្រកាសលេខ០៩៥ប្រ.ក ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៩៤ដើម្បី កំណត់តួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធ របស់អគ្គាធិការដ្ឋាន កិច្ចការនយោបាយ រដ្ឋបាល និងនគរបាល។ រហូតដល់ឆ្នាំ១៩៩៦ ទើបច្បាប់​ស្តីការបង្កើតក្រសួងមហាផ្ទៃ ត្រូវប្រកាសដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ។ហេតុនេះហើយ ក្នុងឆ្នាំ២០០៩ រាជរដ្ឋាភិបាលបានដាក់ចេញ​អនុក្រឹត្យលេខ២៧ អនក្រ.បក ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០០៩ ដែលបានកំណត់​តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធរបស់អគ្គាធិការដ្ឋានកិច្ចការនយោបាល រដ្ឋបាល និងនគរបាលកាន់តែលម្អិត និងកាន់តែទូលំទូលាយ។

      ពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យលេខ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ក៏បានប្តូរឈ្មោះពី<< អគ្គាធិការដ្ឋាន​កិច្ច​នយោបាយ រដ្ឋបាល និងនគរបាល >>ទៅជា <<អគ្គាធិការដ្ឋាន >> ដូចបច្ចុប្បន្ននេះ និងបានកំណត់ច្បាស់លាស់ពីតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធផងដែរ។

      ផ្អែកអនុក្រឹត្យលេខ១០៩នេះ អគ្គាធិការដ្ឋានមានរចនាសម្ព័ន្ធដូចខាងក្រោម ៖

១.នាយកដ្ឋានរដ្ឋបាល សរុប

២.នាយកដ្ឋានអធិការកិច្ច កិច្ចការរដ្ឋបាល

៣.នាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវកិច្ចការរដ្ឋបាល

៤.នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលថ្នាក់កណ្តាល ៥.នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលរាជធានី ខេត្ត

៦.នាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវកិច្ចការនគរបាល។

ចំពោះថ្នាក់ដឹកនាំ នៃអគ្គាធិការដ្ឋាន

ចាប់ពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន មាន៖

១.ឯកឧត្តមឧត្តមសេនីយ៍ឯក យ៉េង ម៉ារ៉ាឌី

២.ឯកឧត្តមឧត្តមសេនីយ៍ឯក សូ ផន

៣.ឯកឧត្តមឧត្តមសេនីយ៍ឯក យ៉េង ម៉ារ៉ាឌី

៤.ឯកឧត្តមឧត្តមសេនីយ៍ឯក ថាវ គឹមហោ

៥.ឯកឧត្តម ប៉ុល លឹម

៦.ឯកឧត្តម កុល វីរក្ស

៧.ឯកឧត្តម ឌុច សុន

៨.ឯកឧត្តម អ៊ែវ ប៊ុនថុល

៩.ឯកឧត្តម រស់ វរុណ

១០.ឯកឧត្តម អ៉ីវ លាង៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ