សម្ដេចក្រឡាហោម ណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវប្រើប្រាស់ថវិកាមូលនិធិមួយលានដុល្លារបស់អង្គការសហប្រជាជាតិ ជួយដល់ជនទេសន្តរប្រវេសន៍ឲ្យមានប្រសិទ្ធភាព និងតម្លាភាព
July 15, 2020    អ្នកទស្សនា :

      សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា អង្គការសហប្រជាជាតិបានផ្ដល់មូលនិធិចំនួន១លានដុល្លា ដើម្បីជួយដល់ជនទេសន្តរប្រវេសន៍កម្ពុជា ដូចនេះ ភាគីពាក់ព័ន្ធទាំងអស់ដែលរួមមាន ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការដៃគូទាំងអស់ ត្រូវចាត់ចែងប្រើប្រាស់ថវិកានេះឲ្យចំគោលដៅ ដើម្បីប្រសិទ្ធភាព និងមានតម្លាភាពផងដែរ។ នេះបើតាមការលើកឡើងរបស់សម្ដេចក្រឡាហោម ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំជាន់ខ្ពស់រវាងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិនៅកម្ពុជា ស្ដីពីកម្មវិធីរួមគ្នា ដើម្បីគាំទ្រជនទេសន្ដប្រវេសន៍ ដែលវិលត្រឡប់ក្នុងស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ និងផលប៉ះពាល់ នាព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។

      សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា អង្គការសហប្រជាជាតិបានផ្ដល់មូលនិធិ ដើម្បីជួយដល់ទេសន្តរប្រវេសន៍ចំនួនទឹកប្រាក់១លានដុល្លា ហើយកិច្ចប្រជុំថ្ងៃនេះ គឺយើងជួបជុំគ្នារវាងភាគីពាក់ព័ន្ធរបស់ភាគីកម្ពុជា និងភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីរៀបចំកម្មវិធីរួមគ្នា ក្នុងការចាត់ចែង និងប្រើប្រាស់ថវិកានេះឲ្យមានប្រសិទ្ធភាព និងតម្លាភាព ហើយបានដល់មុខសញ្ញា និងគោលដៅ ជាពិសេសគឺពលករចំណាក់ស្រុក ឬជនទេសន្តរប្រវេសន៍ដែលជួបបញ្ហា។ សម្ដេចបានបន្ថែមថា ទឹកប្រាក់នេះគឺសម្រាប់ការចំណាយលើកិច្ចការទូទៅសម្រាប់ខេត្តគោលដៅចំនួន៣ រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តសៀមរាប ហើយក្នុងនោះអាចមានការជ្រើសរើសទៅតាមទីតាំង និងគោលដៅជាក់ស្ដែងនៃខេត្តទាំង៣នេះផងដែរ ចំណែកក្រុមការងារពាក់ព័ន្ធនានានឹងខិតខំប្រឹងប្រែងធ្វើការងារនេះឲ្យបានសមស្រប និងមានប្រសិទ្ធភាព។

      សម្ដេចក្រឡាហោម ក៏បានលើកឡើងថា៖ «កន្លងទៅ រាជរដ្ឋាភិបាលបានប្រកាសនូវគោលនយោបាយគាំពារសង្គម ដែលយើងកំពុងអនុវត្តរៀងរាល់ថ្ងៃ ក្នុងនោះយើងមិនមែនអនុវត្តតែសម្រាប់ប្រជាពលរដ្ឋក្រីក្រទេ ក៏មានបងប្អូនជាជនទេសន្តរប្រវេសន៍ផងដែរ បានន័យថាពួកគាត់ក៏ទទួលបានកម្មវិធីនេះដែរ ហើយនេះគឺជាកម្មវិធីដោយឡែកមួយ។»

      ជាងនេះទៀត សម្ដេចក្រឡាហោម បានបង្ហាញក្ដីសង្ឃឹមថា ប្រសិនបើយើងអាចអនុវត្តកម្មវិធីដែលមានរយៈពេល៦ខែនេះបានល្អ ហើយការប្រើប្រាស់ថវិកាមូលនិធិដែលអង្គការសហប្រជាជាតិផ្ដល់ឲ្យ មានប្រសិទ្ធភាព នោះយើង នឹងមានការ គាំទ្របន្ថែម ទៀតពីអង្គការសហប្រជាជាតិផងដែរ៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ