សម្ដេចក្រឡាហោម ស ខេង គាំទ្រដល់ការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក ប៉ុន្តែត្រូវផ្អែក លើផែនការយុទ្ធសាស្ត្រជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល១០ឆ្នាំ
July 07, 2020    អ្នកទស្សនា :

      សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានគាំទ្រដល់ការធ្វើសោធនកម្មច្បាប់ចរាចរណ៍ ប៉ុន្តែត្រូវយោងតាមផែនការយុទ្ធសាស្ត្រជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល១០ឆ្នាំ (២០២១-២០៣០)។ សម្ដេចបានលើកឡើងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ ឆ្នាំ២០២០ ព្រឹកថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។

      សម្ដេចមានប្រសាសន៍ថា ស្ថាប័នពាក់ព័ន្ធត្រូវប្រមូលកម្លាំង និងធនធានបង្កើនការយកចិត្តទុកដាក់ក្នុងការរៀបចំផែនការយុទ្ធសាស្ត្ររយៈពេល១០ឆ្នាំ (២០២១-២០៣០) ហើយការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ត្រូវផ្អែកលើផែនការនេះ ពោលគឺធ្វើយ៉ាងណាឲ្យវិសោធនកម្មច្បាប់ និងផែនការយុទ្ធសាស្ត្រមានភាពស៊ីចង្វាក់គ្នា។ សម្ដេចក៏បានលើកឡើងថា យើងបានសិក្សាលើការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ ហើយសូមបន្តធ្វើការងារនេះបន្តទៀត  ហើយសូមស្នើឲ្យមានការរៀបចំឲ្យរួចរាល់ ដើម្បីអញ្ជើញក្រសួង ស្ថាប័ន មន្ត្រីពាក់ព័ន្ធចូលរួមពិភាក្សា និងប្រមូលនូវយោបល់ផ្សេងៗ។

      ជាងនេះទៀត សម្ដេចបានបន្ថែមថា ដើម្បីធានាសុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋ ការធ្វើផែនការយុទ្ធសាស្ត្រនេះត្រូវ ពិចារណាលើគ្រប់ស្ថានភាព  ទាំង ស្ថាន ភាព យានយន្ត ស្ថានភាពផ្លូវ និងចំណុចជាច្រើន ដូចជា ការបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ ការគ្រប់គ្រង ល្បឿន និង សុវត្ថិភាពអ្នកប្រើប្រាស់ផ្លូវជាដើម។ សម្ដេចបានគូសបញ្ជាក់ថា៖ «ខ្ញុំគិតថា គួរតែដាក់ជាផែនការជាតិ ព្រោះទាក់ទងនឹងចំណាយផ្សេងៗ ហើយផែនការយុទ្ធសាស្ត្រទាក់ទងនឹងចរាចរណ៍នេះ ជាផែនការរបស់រដ្ឋ ហើយអនាគតអាចរឹតតែស្មុគស្មាញ ប្រសិនយើង មិនចាប់ផ្ដើមធ្វើពីឥឡូវនេះ»។

      ឆ្លៀតក្នុងឱកាសនោះ សម្ដេចក្រឡាហោមបានលើកទឹកចិត្តដល់កងកម្លាំងសមត្ថកិច្ច អនុគណៈកម្មការទាំងអស់ និងស្ថាប័ន អង្គភាពពាក់ព័ន្ធនានា ឲ្យបន្តខិតខំបំពេញភារកិច្ច និងតួនាទី របស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ក្នុងការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ សម្រាប់រយៈពេល៦ ខែចុងក្រោយ នៃឆ្នាំ២០២០នេះ៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ