សម្ដេចក្រឡាហោម ស ខេង បញ្ជាក់សារជាថ្មីថា រាជរដ្ឋាភិបាលរឹតបន្ដឹងច្បាប់ចរាចរណ៍ គឺដើម្បីការពារអាយុជីវិត ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិ
July 07, 2020    អ្នកទស្សនា :

      សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងគោលបំណងដើម្បីការពារអាយុជីវិត ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិ ជាដើម មិនមែនដាក់បន្ទុកទៅលើប្រជាពលរដ្ឋ ដូចក្រុមអ្នករិះគន់គិតនោះឡើយ។

      ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «មានគេលើកឡើងថា (ក្រុមអ្នករិះគន់) ប្រជាជនយើងកំពុងរងផលប៉ះពាល់ជំងឺកូវីដ-១៩ យើងដាក់បន្ទុកទៅលើប្រជាពលរដ្ឋទៀត តាមរយៈនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ ដោយមានការផាកពិន័យយ៉ាងធ្ងន់ធ្ងរ ហើយមានអ្នកខ្លះទៀតថា រឹតបន្ដឹងដើម្បីយកលុយប្រជាពលរដ្ឋ»។

      សម្ដេចក្រឡាហោម បញ្ជាក់ថា នាពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើបញ្ហាជំងឺកូវីដ-១៩ ហើយរហូតដល់ពេលនេះ មានអ្នកជំងឺកូវីដ-១៩នៅកម្ពុជាចំនួន១៤១នាក់ និងមិនទាន់មានអ្នកណាមួយស្លាប់ដោយសារជំងឺកូវីដ-១៩ឡើយ ក៏ប៉ុន្ដែងាកមកមើលគ្រោះចរាចរ ណ៍វិញមានអ្នកស្លាប់ជារៀងរាល់ថ្ងៃ ដូច្នេះអ្នករិះគន់បញ្ហារឹតបន្ដឹងច្បាប់ចរាចរណ៍ គ្រាន់តែលេស និងធ្វើការដោយមិនច្បាស់លាស់ ហាក់បីដូចជា ចង់ឲ្យប្រជាជនស្លាប់បន្ដទៀត។ សម្ដេចក្រឡាហោម បន្ថែមថា អ្នករិះគន់ចំពោះបញ្ហាច្បាប់ចរាចរណ៍ថ្មី គឺមិនឲ្យតម្លៃប្រជាពលរដ្ឋ ហើយត្រូវគិតពិចារណាអោយបានត្រឹមត្រូវឡើងវិញ។ សម្ដេចក្រឡាហោមបន្ដថា គោលបំណងនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍សព្វថ្ងៃនេះ គឺ ដើម្បីការពារទ្រព្យសម្បត្តិ និងអាយុជីវិតប្រជាពលរដ្ឋតែប៉ុណ្ណោះ ប្រសិនបើប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា សមត្ថកិច្ចមិនផាកពិន័យឡើយ។

      ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បន្ថែមថា «ប្រសិនបើរាជរដ្ឋាភិបាលបន្ធូការរិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនឹង មានប្រជាពលរដ្ឋស្លាប់កាន់តែច្រើន។ ដូច្នេះទើបរាជរដ្ឋាភិបាល បានរឹតបន្ដឹងចរាចរណ៍បែបនេះ ដើម្បីឲ្យបណ្ដាប្រទេសជាមិត្តកោតសសើរកម្ពុជា»។

      សូមជម្រាបថា យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០ បានឲ្យដឹងថា ការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យ លេខ៣៦ អនក្រ.បក រយៈពេល២ខែ (ឧសភា-មិថុនា) បានពិន័យសរុបចំនួន៨៣.៣៨៦ករណី ក្នុងនោះម៉ូតូចំនួន៦១.០២២នាក់ ស្មើ៧៣% និងរថយន្ដចំនួន២២.៣៦៤ករណី ស្មើ២៧%។

      បន្ថែមពីនេះ ការអនុវត្តបង់ប្រាក់ពិន័យតាមស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក ដែលបានកំណត់ទទួល បានប្រាក់ពិន័យ ចំនួន ១២.៥០១.១៨៥.០០០រៀល ក្នុងនោះ មិនទាន់បង់ប្រាក់ពិន័យចំនួន២០%៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ