ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានទទួលសម្ភារសម្រាប់ការពារជំងឺកូវីដ-១៩ ពីមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) ប្រចាំប្រទេសកម្ពុជា និងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំប្រទេសកម្ពុជា (UNOHCHR) ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ចាន់ គីមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ អង្គការជាតិ-អន្ដរជាតិ និងភាគីពាក់ព័ន្ធមួយទៀត។
សូមជម្រាបថា សម្ភារអគ្គនាយកដ្ឋានពន្ធនាគារទទួលនាពេលនេះ រួមមាន៖ សាប៊ូដុំ ៥.០៤០ដុំ, សាប៊ូម្សៅ ២.៩៤០កញ្ជប់, ថ្នាំដុសធ្នេញ ៧៦៨ដុំ, ច្រាស់ដុសធ្មេញ ៦១២ច្រាស់ និងសំឡីអនាម័យស្រ្តី ១.០៨០កញ្ចប់ សម្រាប់ផ្ដល់ជូនពន្ធនាគារ រាជធានី-ខេត្ត។
នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ចាន់ គីមសេង បានថ្លែងអំណរគុណចំពោះអង្គការយូនីសេហ្វ និង UNOHCHR ដែលបានផ្ដល់សម្ភារការពារជំងឺកូវីដ-១៩ ទៅដល់ពន្ធនាគារ រាជធានី-ខេត្ត ដើម្បីធ្វើយ៉ាងណាការពារជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធិភាពខ្ពស់។
ឯកឧត្តមបានបន្ដថា ចំពោះជំងឺកូវីដ-១៩នេះ អង្គការយូនីសេហ្វ និង UNOHCHR មានការចាប់អាម្មណ៍យ៉ាងខ្លាំងក្នុងការសហការជាមួយ អគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ-១៩ នៅតាមពន្ធនាគារនៅប្រទេសកម្ពុជា។ ឯកឧត្តមក៏បានស្នើឲ្យអង្គការ យូនីសេហ្វ និង UNOHCHR ត្រូវពិភាក្សាគ្នាបន្តទៀត ដើម្បីបង្កើនការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដល់អនីតិជន ឬជនជាប់ឃុំខ្លួនដទៃទៀតក្នុងពន្ធនាគារ។ ឯកឧត្តមជឿជាក់ថា អង្គការ យូនីសេហ្វ និង UNOHCHR នឹងបន្ដកិច្ចសហការយ៉ាងល្អបន្ថែមទៀតជាមួយ អគ្គនាយកដ្ឋានពន្ធនាគារដែលនាំមកនូវផលប្រយោជន៍ក្នុងវិស័យ ពន្ធនាគារនៅកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ដែរថា វិស័យពន្ធនាគារនេះ អគ្គនាយកដ្ឋានពន្ធនាគារ បានធ្វើការគ្រប់គ្រងយ៉ាងល្អ ស្របតាមពាក្យស្លោក «សន្ដិសុខ សុខភាព និងមនុស្សធម៌»។
ដោយឡែកលោក JALLAA ABDELWAHAB អនុប្រធានមូលនិធិ អង្គការសហប្រជាជាតិ ដើម្បីកុមារ (យូនីសេហ្វ) បានឲ្យដឹងថា ចាប់តាំងពីការរីករាលដាលជំងឺកូវីដ-១៩ កិច្ចការងារជួយកុមារ ក៏បានជួបប្រទះជាច្រើន ជាពិសេសជំងឺកូវីដ-១៩ បានធ្វើឲ្យមានការប៉ះពាល់វិស័យអប់រំ សុខភាពសាធារណៈ និងសុខភាពរបស់កុមារ នៅតាមពន្ធនាគារផងដែរ។ លោកបានបន្ថែមថា ផលប៉ះពាល់ទាំងនោះ មានរយៈពេលវែង និងខ្លី ប៉ុន្តែជាការពិតណាស់ យូនីសេហ្វ បានទទួលការគាំទ្រពីជំនួយរបស់ សហរដ្ឋាអាមេរិក រដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបា លចិន ដើម្បីទិញសម្ភារយកមកចែកជូនពន្ធនាគារនៅប្រទេសកម្ពុជា។លោកថា យូនីសេហ្វ នឹងបន្ដទិញសម្ភារបន្ថែមទៀត ដើម្បីបំពេញតម្រូវការនៅតាមពន្ធនាគារ ហើយធ្វើយ៉ាងណាទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យឆ្លងទៅដល់អ្នកជាប់ឃុំខ្លួនក្នុងពន្ធនាគារ។
ចំណែកលោក PRADEEP WANGLE តំណាងស្ដីទី ការិយាល័យឧត្តមស្នងការទទួលបន្ទុក សិទ្ធិមនុស្ស ប្រចាំប្រទេសកម្ពុជា (UNOHCHR) មានប្រសាសន៍ដែរថា UNOHCHRរីករាយបន្ដកិច្ចសហការបន្ថែមទៀតជាមួយ អគ្គនាយកដ្ឋានពន្ធនាគារ ទៅលើវិស័យផ្សេងៗផងដែរ ជាពិសេស វិស័យពន្ធនាគារ។ លោកបន្តថា ជំងឺ កូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ទាំងកម្ពុជា និងពិភពលោក ដូច្នេះភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ បន្ថែមទៀត។លោកលើកឡើងទៀតថា UNOHCHR នឹងសហការជាមួយ ក្រសួងយុត្តិធម៌ អគ្គនាយករដ្ឋានពន្ធនាគារ និងភាគីពាក់ព័ន្ធមួយចំនួនទៀត ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យឆ្លងទៅដល់អ្នកជាប់ពន្ធនាគារនៅតាមរាជធានី-ខេត្ត៕
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា