សម្ដេចក្រឡាហោម ស ខេង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម នាយឧត្ដមសេនីយ៍ ចក់ ឡេង ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា
June 28, 2020    អ្នកទស្សនា :

      នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការសុីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម នាយឧត្ដមសេនីយ៍ ចក់ ឡេង ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០២:០៤នាទីទៀបភ្លឺ ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានសព ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

      សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ព្រមទាំងប្រតិភូក្រសួងមហាផ្ទៃ បានអញ្ជើញដាក់កម្រងផ្កា អុជធូប ស្មិងស្មាធិ៍ គោរពឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្ដម នាយឧត្ដមសេនីយ៍ ចក់ ឡេង និងអញ្ជើញជួបសុន្ទនាជាមួយលោកជំទាវ ខៀវ ហុង ព្រមទាំងក្រុមគ្រួសារ ក្នុងបរិយាកាសប្រកបដោយសេចក្ដីក្រៀមក្រំ និងអាឡោះអាល័យ ចំពោះការទទួលមរណភាពរបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ចក់ ឡេង។

      បន្ទាប់មក សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញប្រគល់ជូនលោកជំទាវ ខៀវ ហុង ព្រមទាំងក្រុមគ្រួសារ នូវបបច្ច័យចូលរួមក្នុងពិធីបុណ្យសពឯកឧត្ដម នាយឧត្ដមសេនីយ៍ ចក់ ឡេង និងបានបន្តអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ចុះហត្ថលេខាលើសៀវភៅក្រាំងមាស ដែលសម្ដេចក្រឡាហោមបានសរសេរចារទុកជាកិច្ចចុងក្រោយ នៃពិធីគោរពវិញ្ញាណក្ខន្ធសពឯកឧត្ដម នាយឧត្ដមសេនីយ៍ ចក់ ឡេង ទីប្រឹក្សាផ្ទាល់នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

      មរណភាពរបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ចក់ ឡេង មិនត្រឹមតែជាការបាត់បង់ស្វាមី ឪពុក ជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅរបស់ក្រុមគ្រួសារប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ជាការបាត់បងនូវឥស្សរជនជាន់ខ្ពស់មួយរូបរបស់ជាតិ ដែលបានលះបង់កម្លាំងកាយ និងប្រាជ្ញាស្មារតី មិនខ្លាចនឿយហត់ ចូលរួមកសាងសង្គមជាតិ។

      សម្ដេចក្រឡាហោម ស ខេង មានសេចក្ដីសង្វេគសោកស្ដាយជាអនេក ប្រកបដោយសមានទុក្ខក្រៀមក្រំ និងរន្ធត់ក្ដុកក្ដួលឥតឧបមាចំពោះមរណភាពរបស់សព ឯកឧត្ដមនាយឧត្ដមសេនីយ៍ និងបានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយ ក្រុមគ្រួសារនៃសព និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្ដមនាយឧត្ដមសេនីយ៍ ចក់ ឡេង បានសោយសុខក្នុងសុគតិភពកុំ បីឃ្លាងឃ្លៀតឡើយ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ