សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសិក្ខាសាលាថ្នាក់អនុតំបន់ អាស៊ីអាគ្នេយ៍ ស្តីពី "បច្ចុប្បន្នភាពនៃគោលដៅសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០១៦-២០២០"
September 28, 2017    អ្នកទស្សនា :

នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសិក្ខាសាលាថ្នាក់អនុតំបន់ អាស៊ីអាគ្នេយ៍ ស្តីពី "បច្ចុប្បន្នភាពនៃគោលដៅសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០១៦-២០២០"  នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
        តំណាងគណៈប្រតិភូក្នុងតំបន់អាស៊ាន និងអាស៊ីប៉ាស៊ីហ្វិក(UNESCAP)បានឡើងថ្លែងនូវសេចក្តីរាយការណ៍អំពីគ្រោះថ្នាក់ចរាចរណ៍ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាទូទាំងពិភពលោកគោរពជូនសម្តេចក្រឡាហោម ព្រមទាំង អង្គសិក្ខាសាលា ជ្រាបជាព័ត៌មាន។
        នាឱកាសនៃការបិទសិក្ខាសាលានេះ សម្តេចក្រឡាហោម បានសំដែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដោយបានចូលរួមក្នុងពិធីបិទ
សិក្ខាសាលាថ្នាក់អនុតំបន់អាស៊ីអាគ្នេយ៍ ស្តីពី "បច្ចុប្បន្នភាពនៃគោលដៅសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០១៦-២០២០" ដែលឧបត្ថម្ភដោយគណៈកម្មការសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក និងសហការរៀបចំដោយអគ្គលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍នៃគណៈកម្មធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា។ សម្តេចបានបន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហាប្រឈមដែលបង្កឱ្យមានមនុស្សស្លាប់ ពិការ ព្រមជាមួយនឹងការបាត់បង់ទ្រព្យសម្បត្តិសាធារណៈ និងឯកជនជាច្រើន បណ្តាលឱ្យមានបញ្ហានិងការលំបាកគួរឱ្យព្រួយបារម្ភដល់សង្គមជាតិដោយបន្សល់ទុកនូវស្ត្រីមេម៉ាយ ក្មេងកំព្រា និងភាពក្រីក្រដែលប្រទេសនីមួយៗចាំបាច់ត្រូវតែទប់ស្កាត់ កាត់បន្ថយឱ្យបានទាំងករណីគ្រោះថ្នាក់ចរាចរណ៍ និងសង្គ្រោះជីវិតមនុស្ស ព្រមទាំងថែទាំសុខមាលភាពសង្គម។ កម្ពុជាដែលជាសមាជិកនៃអង្គការសហប្រជាជាតិ និងជាប្រទេសដែលមាននីតិរដ្ឋ និងអធិបតេយ្យភាព សន្តិភាពទូទាំងប្រទេស ហើយជាប្រទេសដែលទ្រទ្រង់នូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងកំពុងខិតខំអភិវឌ្ឍនប្រទេសលើគ្រប់វិស័យ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីធ្វើសមាហរណកម្មទៅគ្រប់ទីកន្លែងនៅក្នុងប្រទេស និងតភ្ជាប់ជាមួយប្រទេសជិតខាងក្នុងតំបន់ សំដៅគាំទ្រ សកម្មភាពចរាចរណ៍ទំនាក់ទំនងសេវាកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ ព្រមជាមួយនិងការខិតខំកសាងលិខិតបទដ្ឋានគតិយុត្ត និងបំពេញកាតព្វកិច្ចនានា ស្របតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ជាពិសេសលើការការពារអាយុជីវិតមនុស្ស និងការកាត់បន្ថយភាពក្រីក្រ តាមរយៈការទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលជាមូលហេតុស្រួចស្រាវមួយនាំទៅដល់មហន្តរាយអាយុជីវិតមនុស្ស និងអស្ថេរភាពសង្គម។ ទាំងនេះក៏ជាបញ្ហារួមរបស់ប្រទេសទូទាំងពិភពលោក ជាពិសេសប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលកន្លងមក រួមទាំងប្រទេសកម្ពុជា យើងពិតជាបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលដៅសហវត្សរ៍រួមនិងគោលដៅទស្សវត្យរ៍សុវត្ថិភាពចរាចរណ៍របស់អង្គការសហប្រជាជាតិ។
ជាលទ្ធផលជាក់ស្តែងក្នុងឆ្នាំ២០១៦ បានកាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បានរហូតដល់ ៣៧៩នាក់ ហើយកាលពីឆ្នាំ២០១៥ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានចំនួន ២២៣១នាក់  រួចនៅឆ្នាំ២០១៦ អ្នកស្លាប់មានតែ ១៨៥២នាក់ប៉ុណ្ណោះ។ ដូច្នេះហើយបានជាកម្ពុជាត្រូវបានកម្មវិធីពានរង្វាន់របស់ព្រះអង្គម្ចាស់ម៉ៃឃើលនៃចក្រភពអង់គ្លេស តាមរយៈអង្គការមូលនិធិបង្ការរបួសអាស៊ី បានផ្តល់នូវពានរង្វាន់កាលពីចុងឆ្នាំ២០១៦កន្លងមក។
ជាចុងបញ្ចប់នៃការបិទសិក្ខាសាលា សម្តេច បានអបអរសាទរចំពោះលទ្ធផលជាផ្លែផ្កានៃអង្គសិក្ខាសាលាដ៏មានសារសំខាន់នេះ ដែលយើងរួមគ្នាប្តេជ្ញាចិត្តថានិងខិតខំកាត់បន្ថយចំនួនអ្នកស្លាប់ អ្នករបួស ឱ្យបាន៥០%នៅដំណាក់កាល២០២០ ស្របតាមគោលដៅទសវត្សរ៍របស់អង្គការសហប្រជាជាតិ ក៏ដូចជាការកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាជាតិ និងជម្រុញការអភិវឌ្ឍន៍ប្រកបដោយចិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ។ សម្តេចបានជូនពរដល់អង្គសិក្ខាសាលាទាំងមូល ឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ច សុខភាពល្អ និងសុខសុវត្ថិភាពក្នុងការធ្វើដំណើរត្រឡប់ទៅមាតុប្រទេសវិញ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ