សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម
June 24, 2020    អ្នកទស្សនា :

      នារសៀលថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (H.E, MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការីចូល ជួបសម្តែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។

      យោងតាមប្រសាសន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា សម្តេចក្រឡាហោម ថ្លែងអំណរគុណចំពោះ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (H.E, MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមចំណែកផ្តល់កិច្ចសហការយ៉ាងសកម្ម នៅក្នុងបេសកកម្មការទូតរបស់ឯកឧត្តម តាមរយៈការនាំយកជំនួយឧបត្ថម្ភផ្សេងៗ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលជាការរួមចំណែករបស់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនជូនមកដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ។ ទោះបីជាប្រទេសជប៉ុនកំពុងតែជួបបញ្ហាដូចគ្នានេះយ៉ាងណាក្តី ក៏នេះបានបង្ហាញអោយឃើញនូវកាយវិការ និងទឹកចិត្តដ៏ល្អដែលមិនអាចកាត់ថ្លៃបានរបស់មិត្តជប៉ុន។

      ឯកឧត្តម ឧត្តមសេនីយ៍ឯក អ្នកនាំពាក្យរងបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដើរទន្ទឹមនឹងការគិតគូរដល់ការស្តារសេដ្ឋកិច្ចឡើងវិញ តាមរយៈការដាក់វិធានការជាបន្តបន្ទាប់ ជាកស្តែង នាព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការអនុវត្តនូវគោលនយោបាយ លើការឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះផងដែរ។ សម្តេចក្រឡាហោម ក៏បានជម្រាបជូនដែរថា រាជរដ្ឋាភិបាលកម្ពុជាមិនរង់ចាំដល់ជំងឺនេះចប់ទើបគិតគូរស្តារសេដ្ឋកិច្ចនោះទេ ប៉ុន្តែយើងក៏គិតគូរដល់ការស្តារសេដ្ឋកិច្ចក្នុងពេលដំណាលគ្នាតែម្តង ។ ជាក់ស្តែងមានការងារ និងគម្រោងធំៗជាច្រើនដែលកំពុងអនុវត្តជាប់ជាប្រចាំ ដូចជាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើមដែលកំពុងតែដំណើរការ ដោយមិនមានការផ្អាកនោះទេ។

      ឯកឧត្តម ឧត្តមសេនីយ៍ឯក អ្នកនាំពាក្យរងបានបន្ថែមដែរថា ពាក់ព័ន្ធទៅនឹងការងារក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម បានណែនាំ ដល់អង្គភាពនានាឱ្យបន្តនូវកិច្ចសហប្រតិបត្តិការ ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់មន្ត្រីស្ថានទូតនានាក្នុងព្រះរាជាណាចក្រកម្ពុជា ធ្វើយ៉ាងណាឱ្យដំណើរមកដល់ ឬក៏ដំណើរត្រឡប់ទៅវិញប្រព្រឹត្តទៅដោយរលូន។

      ឯកឧត្តម ឧត្តមសេនីយ៍ឯក អ្នកនាំពាក្យរង បានមានប្រសាសន៍ដែរថា ជប៉ុន បានមានថ្លែងនូវការកោតសរសើរចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញជាបន្តបន្ទាប់នាពេលកន្លងមក ហើយឯកឧត្តម ឯកអគ្គរាជទូតជប៉ុនក៏បានថ្លែងអំណរគុណក្រសួងមហាផ្ទៃ ជាពិសេសសម្តេចក្រឡាហោម ដែលតែងតែជួយសម្រួលលើបញ្ហា និងសំណូមពរផ្សេងៗរបស់ស្ថានទូត ក្នុងស្ថានភាពនៃជំងឺកូវីដ១៩ ដូចជាបញ្ហាទិដ្ឋាការរបស់ពលរដ្ឋជប៉ុន ដែលកំពុងតែរស់នៅប្រទេសកម្ពុជា ជាដើម ដែលនេះជាការរួមចំណែកមួយដ៏សំខាន់ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់ពលរដ្ឋជប៉ុននៅកម្ពុជា ហើយក៏ជាការបញ្ជាក់ឱ្យឃើញពីកិច្ចសហប្រតិ្តបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ