អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំត្រួតពិនិត្យការងាររបស់នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលរាជធានី ខេត្ត
June 23, 2020    អ្នកទស្សនា :

      នារសៀលថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការងាររបស់នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលរាជធានី ខេត្ត។

      ថ្លែងនាឱកាសនោះ ឯកឧត្តមបានលើកឡើងពីគោលបំណងកិច្ចប្រជុំពេលនេះថា គឺដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមនានារបស់នាយកដ្ឋាន។ ឯកឧត្តមបន្តថា មន្ត្រីអធិការកិច្ចត្រូវស្គាល់ពីតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់ ចាំបាច់ទាមទារត្រូវមានសមត្ថកិច្ចគ្រប់គ្រាន់ ដោយសារយើងមានភារកិច្ចត្រួតពិនិត្យការអនុវត្តតួនាទីរបស់អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ និងបានជម្រុញដល់មន្រ្តីឱ្យខិតខំស្រាវជ្រាវបន្ថែមក្នុងការបង្កើនចំណេះដឹងដើម្បីឆ្លើយតបតាមតម្រូវការងារ ជាពិសេសរក្សាបានវប្បធម៌ចែករំលែកនូវបទពិសោធន៍ ចំណេះដឹងដល់គ្នា ដោយតម្កល់ផលប្រយោជន៍របស់អង្គភាពជាធំ។

      ឯកឧត្តមបានលើកឡើងប្រសាសន៍ដ៏មានតម្លៃខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ថា " មន្ត្រីអធិការកិច្ច គឺជាបូជនីយបុគ្គល ដែលត្រូវតម្កល់យុត្តិធម៌ជាចម្បង"។ ហេតុនេះ ក្នុងនាមជាមន្ត្រីអធិការកិច្ច ក្នុងការអនុវត្ត តួនាទីភារកិច្ចរបស់ខ្លួន ត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ តម្លាភាព សីលធម៌ ភាពទន់ភ្លន់តែម៉ឹងម៉ាត់ពេលចុះបំពេញបេសកកម្មរបស់ខ្លួន និងឈរលើរគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាមូលដ្ឋាន ដោយត្រូវសរសេររបាយការណ៍ឱ្យបានច្បាស់លាស់ទៅតាមរឿងពិតជាក់ស្តែង។

      ឯកឧត្តមបានបន្តទៀតថា កុំយកការខឹងឬស្រលាញ់ មកលាយឡំនឹងការបំពេញការងារ ដែលនាំទៅរកភាពលំអៀង ផ្ទុយពីវិជ្ជាជីវៈរបស់ខ្លួន ហើយត្រូវជៀសវាងដាច់ខាត កុំឆ្លៀតឱកាស ទាញយក ឬបម្រើផលប្រយោជន៍របស់ខ្លួន ឬលាភសក្ការៈណាមួយ។

      បន្ទាប់មក ឯកឧត្តមបានមានមតិដឹកនាំមួយចំនួនមាន: ត្រូវគោរពតួនាទីតាមឋានានុក្រម របៀបរបបការងារ ពង្រឹងសមត្ថភាព ការបណ្តុះបណ្តាលមន្ត្រី បញ្ហាវត្តមានមន្ត្រី ការលើកទឹកមន្ត្រី ដោះស្រាយបណ្តឹងឈរលើគោលការណ៍ប្រកបដោយយុត្តិធម៌ ក្រមសីលធម៌ វិន័យ និងពន្លឿនដោះស្រាយសំណុំរឿង។ 

      អង្គប្រជុំក៏បានលើកឡើងនូវបញ្ហាប្រឈម សំណូមនានា ដើម្បីចូលរួមគ្នាដោះស្រាយ ក្នុងការបង្កលក្ខណៈងាយស្រួលដល់ការអនុវត្តការងារចំពោះមុខ។

      ជាកិច្ចបញ្ចប់អង្គប្រជុំ ឯកឧត្តម បានថ្លែងការអរគុណ និងសង្ឃឹមថា អស់លោក លោកស្រី នឹងបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារជូនអង្គភាពដើម្បីទទួលបានលទ្ធផលកាន់តែល្អថែមទៀតផងដែរ។

      កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និង មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍វរសេនីយ៍ ជាប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ