សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពប្រចាំឆ្នាំ២០២០របស់អគ្គនាយកដ្ឋានពន្ធនាគារ និងអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ
June 23, 2020    អ្នកទស្សនា :

      នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពប្រចាំឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានពន្ធនាគារ និងអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយដ្ឋានពាក់ព័ន្ធ ព្រមទាំងអង្គភាពនានាជាច្រើនផងដែរ។

      នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិតបណ្ឌិត ចាន់ គឹមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានមានប្រសាសន៍ថា ផែនការសកម្មភាពឆ្នាំ២០២០នេះ ត្រូវបានរៀបចំឡើងផ្អែកលើមូលដ្ឋាន សំខាន់ៗរួមមាន៖ យុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល, ក្របខណ្ឌគោលនយោបាយកំណែទម្រង់ពន្ធនាគារក្រសួងមហាផ្ទៃ, ផែនការយុទ្ធសាស្ដ្ររយៈពេល៥ឆ្នាំ (២០១៩-២០២៣) របស់អគ្គនាយកដ្ឋានពន្ធនាគារ, រចនាសម្ព័ន្ធតួនាទី ភារកិច្ចរបស់អគ្គនាយកដ្ឋានពន្ធនាគារ ដូចមានចែងក្នុងអនុក្រឹត្យ ស្ដីពីការរៀបចំ និងប្រព្រឹត្តិទៅ នៃក្រសួងមហាផ្ទៃ, ទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ដែលបានដាក់ចេញក្នុងពិធីសន្និបាត កាលពីថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២០, អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងស្មារតីអង្គប្រជុំក្រោមអធិបតីភាព ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។

      ដោយឡែកសម្រាប់ផែនសកម្មភាពប្រចាំឆ្នាំ២០២០ របស់អគ្គលេខាធិកាដ្ឋាន ក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន បានលើកឡើងថា គោលបំណង និងគោលដៅនៃផែនការសកម្មភាពនេះ គឺផ្ដោតសំខាន់ទៅលើការរៀបចំកែសម្រួលរបៀបរបបកាងារ ការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីធានាប្រសិទ្ធភាព និងចីរភាពនៃប្រព័ន្ធប្រតិបត្តិការ ពិសេសពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន ការលើកកម្ពស់គុណភាព សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីរាជការ និងការលើកកម្ពស់ទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងគ្រប់ភាគីពាក់ព័ន្ធ។

      សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា « ថ្វីត្បិតតែយើងមិនអាចអនុវត្តតាមផែនការសកម្មភាពបានទាំងស្រុង ប៉ុន្តែផែនការសកម្មភាពនេះចាត់ទុកជាផែនទីសម្រាប់បង្ហាញផ្លូវ នាឆ្នាំបន្តបន្ទាប់ ហើយសម្រាប់បញ្ហាប្រឈមនានា យើងសង្ឃឹមថាអាចដោះស្រាយបាននៅឆ្នាំក្រោយ និងឆ្នាំបន្តបន្ទាប់ខាងមុខ»។

      សម្ដេចក្រឡាហោម ក៏បានបន្ថែមថា អង្គភាពពាក់ព័ន្ធនានា កំពុងយកចិត្តទុកដាក់ ដើម្បីពង្រឹងរដ្ឋបាលសាធារណៈ ឲ្យមានសមត្ថភាពបំពេញការងារមានប្រសិទ្ធភាព។ លើសពីនេះទៀត សម្ដេចក្រឡាហោម ស្នើឲ្យអង្គភាព និងអគ្គនាយកដ្ឋានពាក់ព័ន្ធឲ្យខិតខំប្រឹងប្រែងពង្រឹងគុណភាពអង្គភាព តាមរយៈគុណភាពមន្ត្រី ដោយប្រឹងប្រែងពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន។

      ជាងនេះទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានកោតសរសើរចំពោះអគ្គនាយកដ្ឋានទាំងពីរ ដែលបានខិតខំប្រឹងប្រែងរៀបចំផែនការសកម្មភាពនេះឡើង ហើយអគ្គនាយកដ្ឋានពាក់ព័ន្ធផ្សេងទៀតត្រូវខិតខំប្រឹងប្រែងរៀបចំ និងអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ២០២០របស់ខ្លួនឲ្យមានប្រសិទ្ធភាព៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ