សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងប្រគល់ជូនសម្ភារការពារជំងឺកូវីដ-១៩ 
June 22, 2020    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យឯកឧត្តម  Wang Wentain ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងប្រគល់ជូនសម្ភារការពារជំងឺកូវីដ-១៩។

     សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន និងរដ្ឋាភិបាលចិន ដែលតែងតែជួយគាំទ្រ និងបានយកចិត្តទុកដាក់ជួយដល់កម្ពុជា និងក្រសួងមហាផ្ទៃកម្ពុជាតាមគ្រប់លទ្ធភាព។

      សម្ដេចបានមានប្រសាសន៍ទៀតថាសម្ភារៈដែលមិត្តចិនបានប្រគល់ជូនពេលនេះ ពិតជាបញ្ជាក់ឱ្យឃើញអំពីការយកចិត្តទុកដាក់ និងគិតគូរមកដល់ប្រទេសកម្ពុជាដែលជាមិត្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។

      សម្ដេចក្រឡាហោមក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលតែងតែបន្តយកចិត្តទុកដាក់ជួយជ្រោមជ្រែងដល់ការពង្រឹង និងពង្រីកទំនាក់ទំនងរវាងក្រសួងសន្តិសុខសាធារណៈចិន ជាមួយនិងក្រសួងមហាផ្ទៃកម្ពុជា ជាពិសេសនៅលើវិស័យសន្តិសុខ។

      ជាមួយគ្នានោះ សម្ដេចក្រឡាហោមបានបង្ហាញសេចក្ដីសង្ឃឹមជឿជាក់ថា តាមរយៈស្មារតីជួយគាំទ្រគ្នាទៅវិញទៅមកនេះ នឹងរួមចំណែកធ្វើឱ្យកាន់តែរឹងមាំថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក៏ដូចជារវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរផងដែរ ហើយក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោមត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់កិច្ចសហការជាមួយភាគីចិន និងស្ថានទូតចិន ក្នុងការគាំទ្រលើកិច្ចការផ្សេងៗដែលនៅក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃផ្ទាល់។

      សម្ដេចក្រឡាហោម មានប្រសាសន៍បន្ថែមដែរថា សម្ដេចនឹងបន្តលើកទឹកចិត្តដល់កងកម្លាំងអនុវត្តច្បាប់ប្រទេសទាំងពីរ និងបន្តលើកកម្ពស់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែខ្លាំងក្លាថែមទៀត ទោះបីស្ថានភាពនេះ យើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក៏ដោយ។

      ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណជូនសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី និងបាននាំមកនូវសារសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំចិន ព្រមទាំងឯកឧត្តម ចាវ ឃឺជឺ ដែលជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមាចនិតចិន ជូនចំពោះសម្ដេចក្រឡាហោមផងដែរ។

      ឯកឧត្តមបន្តថា ទោះបីជាចិន កំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ១៩ ក៏ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅតែបន្តដំណើរការជាប្រក្រតី និងបន្តមានវឌ្ឍនភាពល្អប្រសើរ ពិសេសឆ្លុះបញ្ចាំងតាមរយៈការរួមចំណែករបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ក្នុងការជួយឧបត្ថម្ភនូវធនធាន រួមចំណែកដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងមួយនេះ នៅពេលជំងឺនេះបានចាប់ផ្ដើមកើតមានជាលើកដំបូង។

      ឯកឧត្តមបានមានប្រសាសន៍ថាសម្ភារៈប្រគល់ជូនក្រសួងមហាផ្ទៃនៅពេលនេះ ថ្វីដ្បិតតែមានចំនួនមិនច្រើន ប៉ុន្តែ ឯកឧត្តមសូមឯកភាពចំពោះប្រសាសន៍លើកឡើងរបស់សម្ដេច ដោយបានលើកឡើងថាជំនួយសម្ភារៈទាំងនេះ បានស្ដែងពីទឹកចិត្តរបស់ប្រជាជនចិន និងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះប្រជាជន និងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា។

      ឯកឧត្តម បានរំលឹកថាក្នុងរយៈពេលមួយឆ្នាំមកនេះ កិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់រវាងប្រទេសទាំងពីរ ពិតជាទទួលបាននូវលទ្ធផលល្អប្រសើរ ទោះបីជាប្រទេសទាំងពីរកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩យ៉ាងណា ក៏ដោយ ហើយថាការសម្រេចបានលទ្ធផលល្អប្រសើរនេះ ឯកឧត្តមសូមថ្លែងអំណរគុណចំពោះការដឹកនាំរបស់សម្ដេចក្រឡាហោមក្នុងកិច្ចការនេះ។

      ឯកឧត្តម សង្ឃឹមជឿជាក់ថាកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ នឹងបំរើដល់ផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសទាំងពីរ លើវិស័យថែរក្សាសន្តិសុខទៅអនាគត។

      សូមជម្រាបថា សម្ភារការពារជំងឺកូវីដ-១៩ ដែលទទួលបាននាពេលនេះរួមមាន៖ វែនតាវេជ្ជសាស្រ្តចំនួន៥០០ឈុត, ស្រោមដៃពេទ្យចំនួន១០០០០គូរ, ម៉ាស់KN95ចំនួន១០០០០ម៉ាស់, ម៉ាស់វេជ្ជសាស្រ្តចំនួន៥០០០០ម៉ាស់ និងសម្លៀកបំពាក់ការពារវេជ្ជសាស្រ្តពេទ្យចំនួន៥០០ឈុត សម្រាប់ប្រគល់ជូនក្រសួងមហាផ្ទៃ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ និងដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពដល់មន្រ្តីរាជការសាធារណៈផងដែរ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ