ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសកែសម្រួលលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ និងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីនគរបាលជាតិ
June 16, 2020    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ ទី១៦ ខែមិថុនាឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសកែសម្រួលលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ និងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីនគរបាលជាតិ ក្រោមអធិបតីភាពឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានក្រុមការងារ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានក្រុមការងារ និងមានការចូលរួមពី អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋាន អង្គភាពពាក់ព័ន្ធមន្រ្តីជំនាញផ្នែកច្បាប់ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនផងដែរ។

      ឯកឧត្តម ប៊ុន ហុន មានប្រសាសន៍ថា ក្រុមការងារបច្ចេកទេសកែសម្រួលលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ និងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីនគរបាលជាតិត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩កន្លងមក ក្រោយទទួលបានគោលការណ៍ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដូច្នេះក្រុមការងារត្រូវពិនិត្យពិចារណារ ឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីធ្វើយ៉ាងណា រៀបចំច្បាប់នេះឱ្យបានល្អ ជាពិសេសធានាឱ្យបាននូវសុគតិភាពជាមួយនឹងច្បាប់ដទៃដែលពាក់ព័ន្ធ និងត្រូវសិក្សាបន្ថែមផងដែរអំពីបទដ្ឋានគតិយុទ្ធ និងបទពិសោធន៌ជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសអូស្រា្តលីជាដើម។

      ឯកឧត្តមបន្ថែមថា កន្លងមកប្រទេសអូស្រា្តលី បានជួយ និងផ្តល់ជាបទពិសោធ៍មួយចំនួនលើការងារនេះដែរ ប៉ុន្តែទោះជាយ៉ាងនេះក្តីកម្ពុជាក៏ត្រូវការ បន្តសិក្សាបន្ថែមទៀតជាមួយបណ្តាប្រទេសផ្សេងៗ ជាពិសេសប្រទេសនៅតំបន់អាស៊ាន ដើម្បីធ្វើយ៉ាងអោយការរៀបចំច្បាប់នេះមានភាពត្រឹមត្រូវ និងមិនមានប៉ះពាល់ដល់ច្បាប់ផ្សេងទៀតក្នុងព្រះរាជាណា ចក្រកម្ពុជា។

      សូមជម្រាបថា ក្រុមការងារបច្ចេកទេសកែសម្រួលលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រី នគរបាលជាតិ និងរៀបចំសសេចក្តីព្រាងច្បាប់ស្តីពីនគរបាលជាតិនេះមានសមាជិកភាពចំនួន១៨រូប ក្រុមការងារនេះមានភារៈកិច្ចត្រូវ ពិនិត្យ និងពិភាក្សាទៅលើ២ចំណុច ដោយទី១គឺកែសម្រួលលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ និងទី២គឺរៀបចំសេចក្តីព្រាងច្បាប់ស្តីពីនគរបាលជាតិ។ 

      គូររំលឹកដែរថា សេចក្តីព្រាងច្បាប់ស្តីពីនគរបាលជាតិកម្ពុជាបានរៀបចំឡើង មាន១៨ជំពូក ៩០មាត្រា  ដែលច្បាប់នេះរៀបចំឡើងក្នុងគោលបំណង ដើម្បីកំណត់អំពីលក្ខន្តិកៈការគ្រប់គ្រងនគរបាលជាតិកម្ពុជា ក្នុងការធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈអាយុជីវិត សិទ្ធិសេរីភាព ទ្រព្យសម្បតិ្តសាធារណៈ និងឯកជនដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ។ សេចក្តីព្រាងច្បាប់ស្តីពីនគរបាលជាតិកម្ពុជា មានវិសាលភាពចំពោះនគរបាលជាតិកម្ពុជាគ្រប់រូប ដែលបំពេញភារកិច្ចទូទាំងព្រះរាជាណាចក្រកម្ពុជា លើកលែងតែមានច្បាប់ដោយឡែកផ្សេងពីនេះ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ