ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិគ្រោះយោបល់Onlineជាមួយតំណាងស្ថានទូតសហរដ្ឋអាមេរិក និងតំណាងក្រុមហ៊ុនបច្ចេកវិទ្យាសហរដ្ឋអាមេរិកលើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេវិទ្យាព័ត៌មាន 
June 15, 2020    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិគ្រោះយោបល់Onlineពិភាក្សាជាមួយតំណាងស្ថានទូតសហរដ្ឋអាមេរិក តំណាងក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក និងតំណាងក្រុមហ៊ុនបច្ចេកវិទ្យាសហរដ្ឋអាមេរិកធំៗចំនួន៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេវិទ្យាព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សានីតិកម្ម ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការក្រសួងមហាផ្ទៃ ប្រធាន អនុប្រធានក្រុមប្រឹក្សានីតិកម្ម តំណាងអគ្គនាយកដ្ឋាន នាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃជាច្រើនផងដែរ។

      ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ប៊ុន ហុន បានធ្វើការថ្លែងអរគុណចំពោះតំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងតំណាងក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ព្រងទាំងក្រុមហ៊ុនបច្ចេកវិទ្យាទាំង៤ ដែលបានចូលរួមក្នុងកិច្ចប្រជុំនាពេលនេះ។

      ជាមួយគ្នានេះ ឯកឧត្តម ប៊ុន ហុន បានមានប្រសាសន៍បញ្ជាក់ថា«កម្ពុជាមានឆន្ទៈក្នុងការរប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ទោះបីជាបទល្មើសនេះប្រព្រឹត្តតាមទម្រង់ណាក៏ដោយ ហេតុដូចនេះហើយ ទើបកម្ពុជាព្យាយាមធ្វើការរៀបចំច្បាប់នេះឡើង។ ក៏ប៉ុន្តែពាក់ព័ន្ធទៅនឹងបទល្មើសបច្ចេកវិទ្យានេះកម្ពុជានៅមានកម្រិតនៅឡើយ» ដូច្នេះហើយនៅក្នុងការរៀបចំសេចក្តីព្រាងច្បាប់នេះ ឯកឧត្តមចង់បាននូវមតិយោបល់ពីអ្នកជំនាញអន្តរជាតិដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់នេះមានសុក្រឹតភាព និងបទដ្ឋានអន្តរជាតិព្រមទាំងស្របតាមការអភិវឌ្ឍនៃប្រទេសកម្ពុជា។

      លើសពីនេះទៀត ឯកឧត្តម បានបន្តថា សេចក្តីព្រាងច្បាប់នេះបានធ្វើឡើងតាំងពីឆ្នាំ២០១៦ ហើយមានការចូលរួមពីតំណាងក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក និងតែងតែពិភាក្សា ពិគ្រោះយោបល់ជាមួយគ្នាជាបន្តបន្ទាប់។ ឯកឧត្តម បានលើកឡើងថា សេចក្តីព្រាងច្បាប់នេះស្ថិតក្នុងដំណាក់កាលព្រាងដោយមានការរៀបចំពីក្រសួងមហាផ្ទៃ ដោយមិនទាន់ឆ្លង និងពិគ្រោះយោបល់ពីសំណាក់រាជរដ្ឋាភិបាលនៅឡើយទេ។

      ក្នុងឱកាសនោះផងដែរ អនុប្រធានបេសកកម្មនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Michael Nebill ដែលជាអ្នកសម្រួលជាមួយតំណាងភាគីអន្តរជាតិក្នុងកិច្ចប្រជុំ បានឱ្យដឹងថា ចំពោះសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេវិទ្យាព័ត៌មានវិទ្យានេះពិតជាមានសារៈសំខាន់ណាស់ ដោយច្បាប់នេះគឺបង្កើតឡើងក្នុងន័យដើម្បីរក្សាតុល្យភាព ធ្វើយ៉ាងណារក្សាការពារកុំឱ្យមានបទល្មើសបច្ចេកវិទ្យា ក៏ដូចជាការពារសិទ្ធិរក្សាបាននូវបទដ្ឋានជាលក្ខណៈអន្តរជាតិ ដើម្បីធានាថាក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិអាចអនុលោមបាន ហើយអាចវិនិយោគនៅក្នុងប្រទេសកម្ពុជាបាន។

      លោកអនុប្រធានបេសកកម្មនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ឱកាសដល់ស្ថានទូតសហរដ្ឋអាមេរិក និងភាគីនៃក្រុមហ៊ុនធំៗចំនួន៤ចូលរួក្នុងកិច្ចប្រជុំពិគ្រោះយោបល់នេះ ហើយសហរដ្ឋអាមេរិកនឹងចាំត្រៀមផ្តល់នូវធនធានជំនួយបច្ចកទេសសម្រាប់ការរៀបចំនូវសេចក្តីព្រាងច្បាប់ពីបទល្មើសបច្ចេវិទ្យាព័ត៌មាននេះជាបន្តបន្ទាប់ទៀត៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ