អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំបូកសរុបសកម្មការងារប្រចាំខែឧសភា និងទិសដៅការងារបន្តសម្រាប់ខែមិថុនាឆ្នាំ២០២០ របស់ក្រុមការងារថ្នាក់មូលដ្ឋាន
June 12, 2020    អ្នកទស្សនា :

      ព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំបឹងព្រះ នៃស្រុកបាភ្នំ ខេត្តព្រៃវែង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មការងារប្រចាំខែឧសភា និងទិសដៅការងារបន្តសម្រាប់ខែមិថុនាឆ្នាំ២០២០ របស់ក្រុមការងារថ្នាក់មូលដ្ឋានរបស់ឃុំបឹងព្រះ ដោយអញ្ជើញចូលរួមពី លោកអភិបាលស្រុកបាភ្នំ លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ នាយកវិទ្យាល័យបឹងព្រះ មេភូមិ និងអាជ្ញាធរពាក់ព័ន្ធមួយចំនួន។

      ក្រោយពីក្រុមការងារធ្វើសេចក្តីរាយការណ៍សង្ខេបពីសកម្មភាពការងាររួចមក ឯកឧត្តម បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារនាពេលនេះ ជាមួយនេះ ឯកឧត្តមបានជម្រុញដល់ក្រុមការងារបន្តអនុវត្តការងារដែលនៅសេសសល់ និងទិសដៅការងារបន្តដែលនឹងដាក់ចេញ។

      ឯកឧត្តមបានស្នើដល់មេឃុំ មេភូមិ ចុះស្រង់ និងកំណត់អត្តសញ្ញាណបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលរងគ្រោះក្នុងដំណាក់កាលជំងឺកូវីដ១៩ ឱ្យបានឆាប់បំផុតតាមអាចធ្វើបាន ដើម្បីទទួលបានការឧបត្ថម្ភតាមរបបគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជួយសម្រួលជីវភាពជូនពួកគាត់។

      ឯកឧត្តមបានក្រើនរំលឹក ដោយជម្រុញដល់ក្រុមការងារ បន្តណែនាំ និងផ្សព្វផ្សាយនូវវិធានការ ការណែនាំនានាការទប់ស្កាត់ ការបង្ការ ការពារនឹងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល និងជាពិសេសក្រសួងសុខាភិបាល ដល់បងប្អូនប្រជាពលរដ្ឋ បើទោះបីជាស្ថានភាពជំងឺកូវីដ១៩ មានការធូរស្រាលសម្រាប់ប្រទេសកម្ពុជា បន្តិចមែន តែនៅជាបញ្ហាប្រឈម និងកុំធ្វេសប្រហែសឱ្យសោះ។

      ចំពោះបញ្ហាការសិក្សាវិញ ឆ្លៀតឱកាសនោះ ឯកឧត្តមបានស្នើ លោកនាយក ណែនាំដល់លោកគ្រូ អ្នកគ្រូ ត្រូវជម្រុញផ្សព្វផ្សាយសេចក្តីណែនាំនានារបស់ក្រសួងអប់រំ ពាក់ព័ន្ធការសិក្សាពីចម្ងាយ ឬហៅថាតាមអនឡាញ ដល់សិស្សានុសិស្សរបស់ខ្លួន ជាពិសេសដល់អាណាព្យបាលដែលដើរតួនាទីយ៉ាងសំខាន់ដើម្បីជម្រុញ ក៏ដូចបង្រៀនបន្ថែមដល់កូនៗរបស់ខ្លួនក្នុងដំណាក់កាលជំងឺកូវីដ១៩នេះ។ ទន្ទឹមនេះ ឯកឧត្តមក៏ស្នើដល់លោកមេឃុំ មេភូមិ អាជ្ញាធរពាក់ព័ន្ធ សហកាជាមួយលោកនាយកចូលរួមធ្វើកិច្ចការឱ្យកាន់តែទូលំទូលាយតាមមូលដ្ឋានរៀងៗខ្លួន។

      ឯកឧត្តមបានបន្តលើកឡើងដល់បញ្ហាសេវាសាធារណៈ ដោយសង្កត់ធ្ងន់ថា ចាំបាច់ត្រូវបម្រើតាមតម្រូវការជូនបងប្អូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។ ដោយឡែកចំពោះបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ឯកឧត្តមបានជម្រុញអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនេះ ឆ្លៀតនាពេលនោះដែរ ឯកឧត្តម បានសំណូមពរឱ្យធ្វើការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យពិន័យអន្តរការណ៍ដែលរាជរដ្ឋាភិបាលដាក់ចេញកន្លងមក ជូនបងប្អូនប្រជាពលរដ្ឋបានដឹងឱ្យទូលំទូលាយ ដើម្បីចូលរួមទប់ស្កាត់ ឬកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាមួយរាជរដ្ឋាភិបាល។

      បន្ទាប់ពីកិច្ចប្រជុំរួចមក ឯកឧត្តម និងក្រុមការងារ បន្តចុះមើលកន្លែងធ្វើចត្តឡីស័ករបស់ឃុំនៅវិទ្យាល័យបឹងព្រះ ពិនិត្យសាលាឃុំបឹងព្រះដែលកំពុងជិតសាងសង់រួច និងសួរសុខទុក្ខបងប្អូនអ្នកជំងឺនៅមណ្ឌលសុខភាពឃុំផងដែរ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ