ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ០៥ឆ្នាំ (២០១៩-២០២៣) និងសេចក្តីព្រាងផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គលេខាធិការដ្ឋាន
June 12, 2020    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃទទួលបន្ទុក អគ្គលេខាធិការដ្ឋាន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ (២០១៩-២០២៣) និងសេចក្តីព្រាងផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គលេខាធិការដ្ឋាន ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ប្រធាន-អនុប្រធាននាយកដ្ឋានក្រោមចំណុះ ព្រមទាំងមន្រ្តីពាក់ព័ន្ធផងដែរ។

      ក្នុងកិច្ចប្រជុំនាឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍ស្តីពីសាវតារ និងលទ្ធផលសម្រេចនៃការធ្វើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ (២០១៩-២០២៣) និងសេចក្តីព្រាងផែនការសកម្មភាពឆ្នាំ២០២០ ជូនដល់អង្គប្រជុំពិនិត្យ និងភាក្សា ដោយក្នុងនោះផងដែរ ឯកឧត្តម អគ្គលេខាធិការ បានមានប្រសាសន៍ថា សេចក្តីព្រាងផែនការទាំងពីរនេះត្រូវបានប្រជុំឆ្លងផ្ទៃក្នុងបានចំនួន៥លើករួចមកហើយ ក្នុងក្របខណ្ឌអគ្គលេខាធិការដ្ឋាន ជាមួយ និងនាយកដ្ឋានចំណុះ។

      បន្ថែមពីនេះទៀត ឯកឧត្តមនាយឧត្តមសេនីយ៍ បានមានប្រសាសន៍បន្តថា ការកសាងផែនការយុទ្ធសាស្រ្តរយៈពេល ០៥ (២០១៩-២០២៣)នេះ ត្រូវបានរៀបចំឡើងក្រោមបរិបទនៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា និងផ្អែកលើគោលការណ៍ណែនាំ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ព័ន្ធ ការប្រមូលផ្តុំ វិភាគ វាយតម្លៃលើបទពិសោធន៍ បញ្ហាប្រឈម និងទស្សនវិស័យវែងឆ្ងាយក្នុងគោលបំណងដើម្បីរៀបចំកែសម្រួលរបៀបរបបការងារ និងកសាងហេដ្ឋានរចនាសម្ព័ន្ធចាំបាច់ ដើម្បីធានាប្រសិទ្ធភាពការងាររបស់អង្គភាព។ ដោយឡែកសម្រាប់សេចក្តីព្រាងផែនការសកម្មភាពឆ្នាំ២០២០ គឺបានរៀបចំឡើងតាមរបៀបវារៈការងារនៃផែនការយុទ្ធសាស្រ្ត៥ឆ្នាំ(២០១៩-២០២៣) របស់អគ្គលេខាធិការដ្ឋាន ក្នុងគោលបំណងដើម្បីធ្វើទំនើបកម្មរបស់អង្គភាព។

      មានប្រសាសន៍នាកិច្ចប្រជុំនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសេចក្តីព្រាងផែនការទាំងពីរ ដោយស្របតាមការគ្រប់គ្រងបែបទំនើបកម្ម ដែលបានបង្ហាញឲ្យឃើញយ៉ាងជាក់លាក់ចំពោះលទ្ធផលរំពឹងទុក ហើយក៏បានកសាងដោយមានសូចនាករជាជំហានៗយ៉ាងច្បាស់លាស់ងាយស្រួលក្នុងការអនុវត្តការងារបន្ថែមទៀតស្របតាមផែនការដែលបានគ្រោងទុក។

      ផ្អែកតាមផែនការយុទ្ធសាស្រ្តដ៏ល្អទាំងនេះ ឯកឧត្តម សន្តិបណ្ឌិត ក៏បានណែនាំឱ្យអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងអង្គភាពក្រោមចំណុះទាំងអស់ ខិតខំពង្រឹងការដឺកនាំ របៀបរបបការងារបន្ថែមទៀត ជាពិសេសបន្តខិតខំពង្រឹង បណ្តុះបណ្តាលដល់មន្រ្តីឲ្យមានជំនាញ វិជ្ជាជីវៈ សមត្ថភាពខ្ពស់ ដើម្បីដឹកនាំ និងបម្រើការងារជូនអង្គភាពឱ្យមានការរីកចម្រើនស្របតាមស្តង់ដារនៃការគ្រប់គ្រងបែបទំនើប និងស្របតាមបរិបទសង្គមជឿនលឿននាពេលបច្ចុប្បន្ន៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ