ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបន្តពិនិត្យ និងកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតគណៈកម្មការជាតិប្រឆាំងទារុណកម្ម 
June 11, 2020    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បត៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិនិត្យ និងកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ក្រោមអធិបតីភាពឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការ ក្រុមប្រឹក្សានីតិកម្មអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ មន្រ្តីជំនាញផ្នែកច្បាប់ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនផងដែរ។

      មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ប៊ុន ហុន បានឱ្យដឹងថាកាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មបានប្រជុំពិភាក្សាខ្លះៗលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតគណៈកម្មការជាតិប្រឆាំងទារុណកម្ម នៅពេលនោះអង្គប្រជុំបានសម្រេចឱ្យក្រុមអ្នកច្បាប់នៃក្រុមប្រឹក្សានិតកម្មធ្វើការពិភាក្សាគ្នា ក្នុងការរៀបចំទម្រង់នៃគណៈកម្មធិការនេះឡើងវិញ។ ឯកឧត្តមបានបន្តថា សម្រាប់កិច្ចប្រជុំនៅថ្ងៃនេះ គណៈកម្មាធិកាជាតិប្រឆាំងទារុណកម្មក៏បានចាប់ផ្តើមពិនិត្យ និងកែសម្រួលខ្លឹមសារនៃសេចក្តី ព្រាងច្បាប់ស្តីពីការបង្កើតគណៈកម្មការជាតិប្រឆាំងទារុណកម្មចាប់ពីជំពូកទី១នេះឡើងវិញ។

      ឯកឧត្តម ប៊ុន ហុន មានប្រសាសន៍បន្តថាសេចក្តីព្រាងច្បាប់នេះ នៅពេលខាងមុខនឹងក្លាយទៅជាច្បាប់របស់ជាតិ ដូច្នេះត្រូវធ្វើយ៉ាងណាពិនិត្យឱ្យបានល្អិតល្អន់ឱ្យសេចក្តីព្រាងច្បាប់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មនេះ ចេញទៅមានភាពល្អប្រសើរបំផុត។ 

      សូមជម្រាបដែរថា សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតគណៈកម្មធិការជាតិប្រឆាំងទារុណកម្មនេះមាន ១០ជំពូក និង៤១មាត្រា ដោយច្បាប់នេះមានគោលបំណងដើម្បីធានាការពារជនទាំងឡាយដែលត្រូវបានដក ហូតសេរីភាពឱ្យរួចផុតពីការធ្វើទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មដទៃទៀត ដែលឃោឃៅ អមនុស្សធម៌ ឬ បន្ថោកបន្ទាប ដោយដាក់វិធានការត្រួត ពិនិត្យជាទៀងទាត់ នៅកន្លែងឃុំឃំាងនានា និងទីកន្លែងដែលជនទាំងឡាយណាត្រូវបាន ឬអាចត្រូវបានដកហូតសេរីភាព។

      ជាងនេះទៅទៀត ច្បាប់នេះមានវិសាលភាពអនុវត្តនៅគ្រប់ទីកន្លែងឃុំឃាំងជនទាំងឡាយណាត្រូវបានឬអាចត្រូវបានដកហូតសេរីភាពនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ