ក្រសួងមហាផ្ទៃ កិច្ចប្រជុំពិភាក្សាអំពីការរៀបចំទម្រង់ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពរបស់អគ្គនាយកដ្ឋាន និងអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ
June 11, 2020    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ កិច្ចប្រជុំពិភាក្សាអំពីការរៀបចំទម្រង់ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពរបស់អគ្គនាយកដ្ឋាន និងអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋាន អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងអង្គភាពពាក់ព័ន្ធជាច្រើនផងដែរ។

      ក្នុងឱកាសនោះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺពិភាក្សាអំពីទម្រង់ និងបែបបទនៅក្នុងការរៀបផែនការសកម្មភាព របស់អគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ឱ្យមានការឯកភាពតាមទម្រង់តែមួយ គឺដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងដឹកនាំ លើសពីនេះទៀត ឯកឧត្តម បានបន្តថា កិច្ចប្រជុំនេះគឺធ្វើឡើងតាមសំណើររបស់អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដែលជាអង្គភាពទទួលបន្ទុកក្នុងការបូកសរុបសកម្មភាពរបស់ក្រសួង។

      បន្ថែមពីនេះទៀត ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ថា នេះជាឆ្នាំដំបូងដែលអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ បានរៀបចំផែនការសកម្មភាពរបស់ខ្លួន ដោយផ្អែកលើទិសដៅ និងបញ្ហាប្រឈមនានា ដែលបានដាក់ចេញក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ សម្រាប់ធ្វើជាមូលដ្ឋានក្នុងអនុវត្តការងារប្រចាំថ្ងៃ និងនាពេលអនាគតនៅតាមអគ្គនាយកដ្ឋាននីមួយចំណុះក្រសួងមហាផ្ទៃ។

      ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះការងាររៀបចំផែនការសកម្មភាពរបស់អគ្គនាយកដ្ឋាននានា ហើយឯកឧត្តម បានចាត់ទុកថាកិច្ចការងារនេះគឺពិតជាកិច្ចការងារដ៏សំខាន់មួយដែរ ដែលការរៀបចំផែនការសកម្មភាពនេះ ក៏ពិតជាមានការលំបាកបើប្រៀបទៅនឹងការរៀបចំផែនការសកម្មភាពដែលផ្អែកលើគោលនយោបាយ ឬក៏វិស័យមួយចំនួន។

      ឯកឧត្តម បានគូសបញ្ជាក់ផងដែរថា ផែនការសកម្មភាពនេះគឺត្រូវមានការរៀបរាប់គ្រប់សកម្មភាព រួមទាំងការងាររដ្ឋបាល និងការងារផ្សេងៗទៀត។ ឯកឧត្តម ក៏បានបន្តថា ការរៀបចំផែនការសកម្មភាពរបស់អគ្គនាយកដ្ឋាននានាក្នុងរយៈ កាលកន្លងមក អាចមានទម្រង់មិនដូចគ្នា គឺផ្តោតតាមចំណេះដឹង និងបទពិសោធន៍របស់អគ្គនាយកដ្ឋាននីមួយៗ ហេតុនេះហើយបានជាតម្រូវឲ្យមានកិច្ចប្រជុំអង្គភាពដែលពាក់ព័ន្ធទាំងអស់ពិភាក្សាគ្នាដើម្បីជ្រើសរើសយកទម្រង់តែមួយ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ