នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អនុញ្ញាតឲ្យមន្ត្រីតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ចូលជួបសម្កែងការគួរសម និងពិភាក្សាការងារ
June 11, 2020    អ្នកទស្សនា :

      ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គ ស្នងការនគរបាលជាតិ បានអនុញ្ញាតឲ្យលោក Pradeep Wagle តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ចូលជួបសម្កែងការគួរសម និងពិភាក្សាការងារ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

      លោក Pradeep Wagle បានលើកឡើងអំពីចំណងនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជា និងការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលបានកំណត់តាមរយៈការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា។ លោកបានលើកឡើងនូវគោលការណ៍ទប់ស្កាត់ហិង្សាហ្វូងមនុស្ស Mob Violence និងការស្នើរកការបណ្តុះបណ្តាលលើកម្លាំងនគរបាលពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស។ មន្ត្រីអង្គការសហប្រជាជាតិរូបនេះ បានស្នើរកកិច្ចសហការពីអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីការធ្វើកិច្ចការរួមគ្នាលើបញ្ហាការបណ្តុះបណ្តាលនេះ។

     ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងចាត់ទុកជំនួបថ្ងៃទី១០មិថុនានេះ គឺជាជំនួបដ៏សំខាន់រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយនឹងតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា និងជាការផ្លាស់ប្តូរទស្សនៈថ្មីមួយរវាងគ្នាទៅវិញទៅមក ហើយក៏ជាសារមួយដើម្បីបញ្ជាក់ទៅនាយកដ្ឋាន-អង្គភាព និងស្នងការរាជធានី-ខេត្ត ថា ថ្នាក់ដឹកនាំអង្គភាពទាំងពីរបានធ្វើការជាមួយគ្នា។

      ពាក់ព័ន្ធអំពើហិង្សាហ្វូងមនុស្ស ឯកឧត្តមអគ្គស្នងការនគរបាលជាតិ បានឆ្លើយថា កម្ពុជាមិនទាន់ឃើញមានបញ្ហានេះធំដុំនៅឡើយទេ ប៉ុន្តែបានគាំទ្រលើការអប់រំបណ្តុះបណ្តាលនានាលើកងកម្លាំងនគរបាល។ ឯកឧត្តម ក៏បានស្នើរកការពិនិត្យជាមុននូវគំរោងស្នើរបស់ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើបញ្ហាបណ្តុះបណ្តាល និងការចង់ដឹងអំពីកម្រិត និងតថភាពនៃសំណើរបាយការណ៍នោះសិន។

      ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានលើកឡើងអំពីភាពជាក់ស្តែងពិតប្រាកដនូវកត្តាអនុវត្តច្បាប់ និងការគោរពសិទ្ធិសេរីភាពដែលចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ និងបានលើកឡើងអំពីអំពើអនាធិបតេយ្យរបស់ក្រុមមួយចំនួនដែលចូលចិត្តធ្វើកិច្ចការបំពានប្រឆាំងនឹងច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ពាក់ព័ន្ធនិងការធ្វើបាតុកម្មដោយសន្តិវិធីបច្ចុប្បន្នមានជំហរពីរខ្វែងគ្នា ភាគច្រើនគេចោទថារាជរដ្ឋាភិបាលរឺកម្លាំងនគរបាលបិទសិទ្ធិសេរីភាព តែតាមពិតច្បាប់គឺអនុញ្ញាតឲ្យបញ្ចេញសិទ្ធិសេរីភាពតែត្រូវមានការស្នើសុំ និងជូនដំណឹង និងត្រូវមានការគាំទ្រពីអាជ្ញាធរ មិនត្រូវធ្វើអ្វីដោយបំពានច្បាប់នោះទេ។ ឯកឧត្តម បានបញ្ជាក់ថា លើលោកនេះបើគ្មានច្បាប់គ្រប់គ្រងទេ ប្រទេសនឹងទៅជាអាណាធិបតេយ្យ ដូច្នេះទាមទារឲ្យមានការយោគយល់ក្នុងការបញ្ចេញមតិ ចង់ធ្វើកូដកម្ម បាតុកម្ម ត្រូវតែធ្វើតាមនីតិវិធី។

      ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ក្នុងកិច្ចពិភាក្សានោះផងដែរ នៅបានលើកឡើងអំពីសភាពការណ៍ពាក់ព័ន្ធសិទ្ធិមនុស្សនៅក្រៅប្រទេស ជាពិសេសហេតុការណ៍ដែលបាននិងកំពុងកើតឡើងនៅក្នុងសហរដ្ឋអាមេរិក ទាក់ទងនឹងការខឹងសម្បាររបស់ពលរដ្ឋក្រោយការបាត់បង់ជីវិតពលរដ្ឋស្បែកខ្មៅម្នាក់ ដែលបង្កការខឹងសម្បារធ្វើឲ្យបាតុកម្មតវ៉ាទូទាំងសហរដ្ឋអាមេរិកនោះផងដែរ។

      ក្នុងជំនួបនេះដែរ ភាគីទាំងពីរនឹងបន្តសហការគ្នាគ្រប់ពេលវេលា ក្នុងករណីខាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធមនុស្ស ចង់ជួបពិភាក្សាការងារជាមួយនាយកដ្ឋានជំនាញ និងស្នងការរាជធានី-ខេត្ត អគ្គស្នងការនគរបាលជាតិ នឹងបង្កលក្ខណៈ បើកទូលាយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់ និងអង្គភាពសិទ្ធមនុស្សផងដែរ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ