ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យ ពិភាក្សាស្ដីពីកិច្ចសហប្រតិបត្តិការប្រមូល ប្រាក់ពិន័យចរាចរណ៍ តាមរយៈសេវាធនាគាអេឡិចត្រូនិក
June 11, 2020    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃបើកកិច្ចប្រជុំពិនិត្យ ពិភាក្សាស្ដីពីកិច្ចសហប្រតិបត្តិការប្រមូលប្រាក់ពិន័យចរាចរណ៍តាមរយៈសេវាធនាគាអេឡិចត្រូនិករបស់ធនាគារជាដៃគូរបម្រើសេវាកម្មប្រតិបត្តិការចំណូល-ចំណាយថវិការដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋាននានា ព្រមទាំងមន្រ្តីពាក់ព័ន្ធផងដែរ។

      ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន បានលើកឡើងថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ត្រូវប្រជុំ ពិនិត្យទៅលើលិខិតសំណើរបស់ធនាគារអេឡិចត្រូនិក នៃធនាគារដៃគូរ ដើម្បីចូលរួមក្នុងការប្រមូលនូវការផាកពិន័យចរាចរណ៍ ដើម្បីតាមដានការនូវអនុវត្តបានកម្រិតណា និងដើម្បីស្វែងរកគន្លឹះ និងគំនិតយោបល់ផ្សេងបន្ថែមទៀត។

      ក្នុងកិច្ចប្រជុំនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា ការអនុវត្តនីតិវិធីនៃការគ្រប់គ្រង ការប្រមូល ការបែងចែកប្រាក់ពិន័យ ការប្រើប្រាស់បង្កាន់ដៃពិន័យ គឺមានយន្តការច្បាស់លាស់ និងត្រួតពិនិត្យត្រឹមត្រូវ បើទោះជានីតិវិធីមិនទាន់មានភាពជឿនលឿននៃបច្ចេកទេសក្នុងការគ្រប់គ្រង ប៉ុន្តែមានលក្ខណៈជាក់លាក់ មានតម្លាភាព និងមិនមានបញ្ហាអ្វីដែលធ្វើឲ្យបាត់បង់ប្រាក់ចំណូល ឬកិត្តិយស សេចក្ដីថ្លៃថ្នូររបស់កងកម្លាំងនគរបាលនោះឡើយ។

      ឯកឧត្តម នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់បន្ថែមថា ស្របតាមជំហររបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំពោះសំណើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗទៅលើបញ្ហាការបង់ប្រាក់ពិន័យនេះ គឺមិនទាន់អាចឆ្លើយតបបាននៅឡើយទេ ព្រោះអគ្គស្នងការនគរបាលជាតិចង់ឲ្យមានការជួបផ្ទាល់រវាងអ្នកល្មើស និងនគរបាលចរាចរណ៍ ដើម្បីធ្វើការផ្សព្វផ្សាយអប់រំអំពីករណីល្មើស និងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។

      ជាងនេះទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ក៏បានបញ្ជាក់ផងដែរថា សភាពការណ៍ នៃការរឹត បន្តឹងការ អនុវត្តច្បាប់ចរាចរណ៍ក្នុងរយៈពេល២ខែនេះ មានលក្ខណៈល្អប្រសើរដែលបានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាង១១% ,អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានការថយចុះជាង២០%, និងអ្នករបួសមានការថយចុះជាង២០%។ ព្រមជាមួយគ្នានោះដែរ ក្នុងខែឧសភាកន្លងទៅ មានការផាកពិន័យចំនួន៤៤០០០ករណី ក្នុងនោះបទល្មើសម៉ូតូមាន ចំនួន៧៦% និងរថយន្តចំនួន២៤%៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ