រាជរដ្ឋាភិបាលកម្ពុជា គាំទ្រចំពោះការចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍកម្ពុជានាពេលកន្លងមកជាមួយទីម័រខាងកើត
June 10, 2020    អ្នកទស្សនា :

      សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា គាំទ្រចំពោះការចែករំលែកនូវបទពិសោធន៍ផ្សេងៗ ដែលប្រទេសកម្ពុជា ទទួលបាន នៅក្នុងដំណើរការអភិវឌ្ឍកម្ពុជា ជាពិសេស ការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិជាមួយប្រទេសទីម័រខាងកើត។

      សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតដែលទើបតែងតាំងថ្មីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។

      សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថាប្រទេសទាំងពីរពិតជាមានប្រវត្តិសាស្ដ្រស្រដៀងគ្នា ជាពិសេស ក្នុងដំណើរការកសាងនូវការឯកភាព និងផ្សះផ្សារជាតិ។ សម្ដេចក្រឡាហោម ក៏បានបន្ថែមដែរថា ចំពោះវឌ្ឍនៈភាពដែលកម្ពុជា កំពុងតែមានដូចបច្ចុប្បន្ននេះ ក៏មានកិច្ចការមួយចំនួនទៀត ដែល រាជរដ្ឋាភិបាលកំពុងតែខិតខំយកចិត្តទុកដាក់ ជាពិសេស ការងារអភិវឌ្ឍន៍ធនធានមនុស្ស ដោយសារធនធានមនុស្សរបស់កម្ពុជា ត្រូវបានបំផ្លិចបំផ្លាញនៅក្នុងរបបព្រល័យពូជសាសន៍ទាំងស្រុង។

      ទន្ទឹមនឹងនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានគាំទ្រផងដែរ ចំពោះការបង្កើតទីក្រុងសម្ព័ន្ធភាព ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទៅលើវិស័យផ្លាស់ប្ដូរបទពិសោធន៍លើរដ្ឋបាលថ្នាក់ក្រោមជាតិនេះ ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ 

      ឯកឧត្តម អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស បានលើកឡើងថា ប្រទេសកម្ពុជា និងប្រទេស ទីម័រខាងកើត ឆ្លងកាត់ នៅប្រវត្តិសាស្ដ្រប្រហាក់ប្រហែលគ្នា ដោយជាប្រទេសធ្លាប់ឆ្លងកាត់នៅសង្គ្រាមយ៉ាងខ្លាំង។ ឯកឧត្តម ក៏បានកោតសសើរប្រទេសកម្ពុជា ដែលសម្រេចនៅវឌ្ឍនៈភាពសេដ្ឋកិច្ចដ៏ល្អក្រោយពីបញ្ចប់សង្គ្រាមកន្លងមកនេះ។

      ឯកឧត្តមបានចាត់ទុកប្រទេសកម្ពុជា គឺជាគំរូមួយហើយក៏សង្ឃឹមថា នៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម នឹងខិត ខំធ្វើការ ជាមួយដៃគូពាក់ព័ន្ធរួមជាមួយ ក្រសួងមហាផ្ទៃផងដែរ ក្នុងការរៀនសូត្រនៅបទពិសោធន៍ផ្សេងៗពីកម្ពុជា ដើម្បីកសាងនូវ ការអភិវឌ្ឍន៍របស់ប្រទេសទីម័រខាងកើត តាមប្រទេសកម្ពុជា ដែលជាប្រទេសធ្លាប់ឆ្លងកាត់ការលំបាកដូចគ្នា នៅក្នុង ប្រវត្តិសាស្ដ្ររបស់ខ្លួន។ ឯកឧត្តមក៏សូមអរគុណកម្ពុជា ដែលបានបង្ហាញនូវជំហរគាំទ្រដល់រឹងមាំដល់ប្រទេសទីម័រខាងកើត ចូលក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នាពេលកន្លងមក។

      ឯកឧត្តមនឹងខិតខំធ្វើយ៉ាងណាក្នុងអាណត្តិការងារ របស់ឯកឧត្តម បង្កើតឲ្យមានផ្លាស់ប្ដូរបទពិសោធន៍ រវាងថ្នាក់ដឹកនាំ មូលដ្ឋាន របស់ប្រទេសទីម័រខាងកើត ដើម្បីសិក្សារៀនសូត្ររកបទពិសោធន៍របស់កម្ពុជា ទៅក្នុងវិស័យកំណែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីអភិវឌ្ឍមូលដ្ឋាននៅក្នុងប្រទេសទីម័រខាងកើតផងដែរ។ ឯកឧត្តមក៏បានកោតសរសើរ សម្ដេចក្រឡាហោម ក្នុងនាមជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ហើយជាថ្នាក់ដឹកនាំមួយរូបក្នុងការដឹកនាំការងារ ក្នុងកំណែ ទម្រង់រដ្ឋាបាលថ្នាក់ក្រោមជាតិនៅកម្ពុជា និងតាមរយៈវឌ្ឍនៈភាពកំណែទម្រង់ថ្នាក់ក្រោមជាតិ ដែលបានសម្រេចនៅលទ្ធផលធំៗជាច្រើនកន្លងមកនេះ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ