នារសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីលទ្ធផល នៃការចុះអង្កេតស្រាវជ្រាវ ចំនួន២ករណីមានដូចខាងក្រោម ÷
-ករណីសារព័ត៌មានមួយបានចុះផ្សាយពីវីដេអូឃ្លីបរបស់លោកអតីតអធិការ១រូប នៅខេត្តរតនគិរី ចំពោះការកើតទុក្ខមិនសុខចិត្តទៅនឹងការដកតំណែងរបស់លោកទាំងថាលោកគ្មានកំហុស និងមិនទាន់មានដំណោះស្រាយសមស្របណាមួយចំពោះរូបលោកនៅឡើយ។
-ករណីរបាយការណ៍ឆ្លើយតបរបស់ស្នងការដ្ឋាននគរបាលខេត្ត១ កន្លងមកដែលក្រសួងបានបង្វែរជូនជាសមត្ថកិច្ច ពាក់ព័ន្ធនឹងសារព័ត៌មានបានចុះផ្សាយថា អធិការដ្ឋាននគរបាលស្រុក បានឃុំជនសង្ស័យ អស់រយៈពេលចំនួន៣យប់ ៣ថ្ងៃ ដើម្បីបង្ខំទារប្រាក់ចំនួន២,៤០០ដុល្លារអាមេរិក ជាថ្នូរទៅនឹងការដោះលែង ។
សូមជម្រាបផងដែរថា ពាក់ព័ន្ធនឹងការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន ក្រោយពីការចុះអង្កេតស្រាវជ្រាវកន្លងមក ទទួលស្គាល់ថា ÷
-បណ្តាញសារព័ត៌មានមួយចំនួនពិតជាបានចុះផ្សាយជាករណីមានឬកើតឡើងពិតប្រាកដមែន និងប្រកបដោយវិជ្ជាជីវៈ ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកែលម្អចំនុចខ្វះខាត ភាពអសកម្ម និងលុបបំបាត់មន្ត្រីខិលខូចមួយចំនួនយកតួនាទីបម្រើផលប្រយោជន៍ខ្លួន ឬបក្សពួក។
-ប៉ុន្តែក៏មានសារព័ត៌មានមួយចំនួនទៀត ពិតជាបានចុះផ្សាយនូវព័ត៌មានមិនពិត ឬគ្មានប្រភពច្បាស់លាស់ និងជាពិសេសបានចុះផ្សាយករណីដែលកើតមានយូរមកហើយ ឬករណីដែលសមត្ថកិច្ចបានបង្រ្កាបនិងលុបបំបាត់រួចហើយដែរ ដែលនេះពិតជាបានបង្កការភ័ន្តច្រឡំមតិសាធារណៈ បំផុលសង្គមយ៉ាងធ្ងន់ធ្ងរ ទង្វើនេះបានជៈឥទ្ធិពល ឬប៉ះពាល់ដល់កិត្តិយសរបស់មន្ត្រីរាជការ ដែលខុសផ្ទុយយ៉ាងធ្ងន់ធ្ងរនឹងវិជ្ជាជីវៈខាងសារព័ត៌មាន។
ជាថ្មីម្តងទៀត សូមអំពាវនាវដល់បណ្តាញសារព័ត៌មាន(ទាំងបណ្តាញអនឡាញ) និងអ្នកប្រើប្រាស់បណ្តាញសង្គមនានា ជាពិសេសបណ្តាញហ្វេសប៊ុក ចុះផ្សាយ ឬផុសព័ត៌មានប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្លួន។
កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និង មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ៕
ប្រភព៖ អគ្គាធិការដ្ឋាន