ក្រសួងមហាផ្ទៃ បន្តកិច្ចប្រជុំពិភាក្សាសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)
May 19, 2020    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ រសៀលថ្ងៃអង្គារទី១៩ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានបន្តកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញ ចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានពាក់ព័ន្ធនានា ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។

      មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ប៊ុន ហុន បានឱ្យដឹងថា សេចក្តីព្រាងអនុក្រឹតស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)នេះ ធ្លាប់បានយកមកពិភាក្សាម្តងរួចមកហើយ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ហើយអនុក្រឹត្យនេះ ក៏បានស្នើសុំឱ្យមន្ត្រីជំនាញយកទៅសិក្សាបន្ត។ ដូច្នេះនៅថ្ងៃនេះយើងលើកយកសេចក្តីព្រាងអនុក្រឹត្យនេះមកពិភាក្សាបន្តទៀតព្រោះថា សេចក្តីព្រាងអនុក្រឹត្យនេះពិតជាមានសារៈសំខាន់ណាស់ ដោយសព្វថ្ងៃនេះមិនទាន់មានការគ្រប់គ្រងច្បាស់លាស់នៅឡើយទេ។ ឯកឧត្តមបន្តថា អាកាសយានគ្មានមនុស្សបើក (ដ្រូន) ប្រសិនបើក្នុងវិស័យកសិកម្ម ឬក្នុងវិស័យពាណិជ្ជកម្ម មិនមានការបារម្ភនោះទេ ប៉ុន្តែបើយកទៅប្រើប្រាស់ប៉ះពាល់ទៅដល់សន្តិសុខជាតិ នេះជាការបារម្ភយ៉ាងធ្ងន់ធ្ងរ។ ឯកឧត្តមបន្ថែមថា បន្ទាប់ពីកិច្ចប្រជុំព្រាងអនុក្រឹត្យនេះរួច យើងក៏នឹងអាចប្រជុំជាមួយអន្តរក្រសួងដែលពាក់ព័ន្ធដូចជាក្រសួងការពារជាតិ លេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីពិភាក្សា ធ្វើយ៉ាងណាឱ្យអនុក្រឹត្យនេះកាន់តែល្អ និងអាចយកទៅអនុវត្តបាន។

      ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ាង រ៉ាស៊ី អនុប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍ស្តីអំពីដំណើរការតាក់តែងសេចក្តីព្រាងអនុក្រឹត្យការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)ថា កាលពីពេលប្រជុំលើកទី១ អង្គប្រជុំបានសម្រេចកែសម្រួលនៅលើនិយមន័យ បន្ថែមមួយចំនួន រីឯចំណុចមួយទៀតទាក់ទងទៅនឹងសមត្ថកិច្ច ដោយអង្គប្រជុំបានកែសម្រួលបញ្ចូលបន្ថែមនូវការបណ្តុះបណ្តាល ការហ្វឹកហាត់នៃការប្រើអាកាសយានគ្មានមនុស្សបើក (ដ្រូន)ហើយក៏បានសម្រេចបន្ថែម ដាក់លក្ខខណ្ឌមួយចំនួនឱ្យអ្នកផលិត ឬអ្នកកែច្នៃឱ្យគាត់ត្រូវចុះបញ្ជីការបច្ចេកទេស ឬមានប្លង់រួមពីបច្ចេកទេសដើម្បីដាក់ជូនសមត្ថកិច្ចផងដែរ។

      អនុក្រឹត្យនេះ មានគោលបំណងគ្រប់គ្រងអាកាសយានគ្មានអ្នកបើក (ដ្រូន) គ្រប់ប្រភេទដើម្បីធានា សុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អនុក្រឹត្យនេះ ផងដែរ គឺក្នុងគោលបំណងកំណត់អំពីការចុះបញ្ជីការ ការអនុញ្ញាតផលិត ការកែច្នៃ ការប្រើប្រាស់ និងការកំណត់តំបន់ហាមឃាត់ការប្រើប្រាស់សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រង អាកាសយានគ្មាន មនុស្សបើក (ដ្រូន)។

      ជាពិសេសអនុក្រឹត្យនេះមានវិសាលភាព អនុវត្តចំពោះអាកាសយានគ្មានមនុស្សបើក(ដ្រូន) គ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជា លើកលែងតែការផលិត ការកែច្នៃ និងការប្រើប្រាស់ដែលបម្រើឱ្យវិស័យការពារជាតិ និងសន្តិសុខដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាល៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ