សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាព ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
May 13, 2020    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាព ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ព្រមទាំង ស្ថាប័ន អង្គភាព ពាក់ព័ន្ធ ជាច្រើនផងដែរ។

      ឯកឧត្តមនាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានជម្រាបជូន សម្ដេចក្រឡាហោម ស ខេង អំពីការរៀបចំផែនការសកម្មភាព ហើយការងារនេះជាលើកទី១ដែលអគ្គនាយកដ្ឋាន បានរៀបចំផែនការសកម្មភាពប្រចាំឆ្នាំបែបនេះ ហើយផែនការសកម្មភាពនេះ គឺមានសារៈសំខាន់ណាស់ និងជាផែនទីបង្ហាញផ្លូវដើម្បីងាយស្រួលក្នុងអនុវត្តការងារនៅក្នុងឆ្នាំ២០២០។

      ឯកឧត្តមបញ្ជាក់ថា ផែនការសម្មភាពនេះ ត្រូវបានរៀបចំឡើងយោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ក្នុងពិធីបិទសន្និបាត កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០។ ជាងនេះទៅទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន លើកឡើងថា ការគ្រប់គ្រងអត្តសញ្ញាណបុគ្គល មានសារៈសំខាន់ណាស់ គឺជាគន្លឹះ និងជាមូលដ្ឋានគ្រឹះនៃកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល ដូចជា ការគ្រប់គ្រងរដ្ឋបាលដែនដី, ការថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ, ការធានានូវសិទ្ធិផលប្រយោជន៍ស្របច្បាប់មូលដ្ឋានរបស់បុគ្គល, ការលើកកម្ពស់ផ្ដល់សេវាសាធារណៈ និងការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិជាដើម។ ឯកឧត្តមបន្ថែមថា ដើម្បីពង្រឹងក្នុងការគ្រប់គ្រង អត្តសញ្ញាណបុគ្គល រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កាលពីខែមេសា ឆ្នាំ២០១៤ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រង និងផ្ដល់សេវាសាធារណៈ អត្តសញ្ញាណកម្មប្រជាពលរដ្ឋ។

      ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានផ្តលប្រសាសន៍ណែនាំផងដែរថា «ផែនការសកម្មភាព ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម មានសារៈសំខាន់ណាស់ ដើម្បីឲ្យមានភាពជាក់លាក់ ហើយងាយស្រួលដល់ការសម្របសម្រួលថវិកា ដើម្បីបម្រើការងារក៏ដូចជា បង្កើនប្រសិទ្ធភាពនៃការចាត់ចែងការងារតាមតួនាទីរបស់នាយកដ្ឋាននីមួយៗ ដែលចំណុះអោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម»។ សម្ដេចក្រឡាហោម បន្ដថា រហូតដល់ពេលនេះ ក្រសួងបានឆ្លងអនុម័តផែនការសកម្មភាព របស់អគ្គនាយកដ្ឋានមួយចំនួនផងដែរដូចជា អគ្គស្នងការដ្ឋាននគរបាលជាតិ  រាជបណ្ឌិតសភា អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ជាដើម៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ