សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិភាក្សា ដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ
May 08, 2020    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ដោយមានការចូលរួមពី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ  អ្នកជំនាញផ្នែកច្បាប់ ព្រមទាំងស្ថាប័ន អង្គភាព ភាគីពាក់ព័ន្ធជាច្រើនផងដែរ។

      នៅក្នុងកិច្ចប្រជុំនេះផងដែរ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា «តាមសំណើរបស់ ឯឧត្តម កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ យើងជួបជុំគ្នា ដើម្បីពិភាក្សារកដំណោះស្រាយភាពចង្អៀតណែននៃពន្ធនាគារ ហើយដោយសារការកកស្ទះ ឬក៏ភាពយឺតយ៉ាវ នៃសំណុំរឿងមួយចំនួន ដែលមិនទាន់បានដោះស្រាយ ហើយក្រសួងយុត្តិធម៌ បានយកចិត្តទុកដាក់ ដើម្បីពន្លឿនការដោះស្រាយ ការកកស្ទះ សំណុំរឿងនេះ ដែលចាត់ទុកការងារដ៏ពិសេសចាំបាច់មួយ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលទាក់ទងទៅនឹងភាពចង្អៀតណែន»។

      សម្ដេចក្រឡាហោម មានប្រសាសន៍បន្ថែមថា «តាមរយៈជំងឺ កូវីដ-១៩ ដែលយើងកំពុងជួបប្រទះនេះ ប្រទេសមួយចំនួនបានដោះលែងអ្នកទោស ប៉ុន្ដែយើងមិនដល់ថ្នាក់នឹងទេ គឺនៅរក្សាបាន ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ គឺយើងបន្ដដោះស្រាយការកកស្ទះនេះ ទៅនឹងភាពចង្អៀតណែន»។

      ក្នុងឱកាសនោះ ឯកឧត្តម កើត រិទ្ធ បានថ្លែងថា តាមកិច្ចប្រជុំវាយតម្លៃការដាក់ចេញយុទ្ធនាការដើម្បីការដោះស្រាយបញ្ហាការកកស្ទះភាពចង្អៀតណែន នៅក្នុងពន្ធនាគារ គឺជារឿងចាំបាច់ បន្ទាប់ពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង ដែលអនុវត្តទទួលបានជោគជ័យ។

      ឯកឧត្តម បន្ថែមថា ចំនួនអ្នកជាប់ឃុំខ្លួននៅក្នុងពន្ធនាគារ ត្រូវបានកើនឡើង បើតាមរបាយការណ៍យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងទៅ ជនល្មើសដែលត្រូវបានចាប់ខ្លួនពីបទល្មើសគ្រឿងញៀន មានប្រមាណ២ម៉ឺននាក់ ហើយសំណុំរឿងត្រូវបានកើនឡើងជាគំហុកនៅតាមសាលាដំបូង រីឯអ្នកជាប់ឃុំ នៅតាមពន្ធនាគារក៏មានការកើនឡើងផងដែរ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ