សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំមន្រ្តីរាជការក្រោមឱវាទ គោរពវិញា្ញណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី
May 05, 2020    អ្នកទស្សនា :

      នៅព្រឹកថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំង ថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានអញ្ជើញគោរពវិញា្ញណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាក្មេក និងជាមាតាបង្កើត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានទទួលមរណភាពដោយជរាពាធ ក្នុងជន្មាយុ៩៦ឆ្នាំ កាលពីវេលាម៉ោង០២:១២នាទីទៀបភ្លឺ ថ្ងៃចន្ទ ១៣កើត ខែពិសាខ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ម្សិលមិញ។

      នៅក្នុងឱកាសប្រកបដោយសេចក្ដីក្ដុកក្ដួលអាឡោះអាឡ័យនោះ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដាក់កម្រងផ្កា និងអុជធូប សម្ដែងការគោរពឧទ្ទិសជូនដួងវិញ្ញាណក្ខន្ធសព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា និងបានអញ្ជើញជួបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ដោយសម្ដេចបានថ្លែងនូវពាក្យពេចន៍ចូលរួមរំលែកមរណទុក្ខប្រកបដោយសេចក្ដីក្រៀមក្រំ និងមនោសញ្ចេតនាខ្ពស់បំផុត ជូន សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា។

      ក្នុងសាររំលែកមរណទុក្ខជូនសម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នាទិវាប្រកបដោយសមានទុក្ខ និងសេចក្ដីសោកសង្រេងជាទីបំផុត រកអ្វីប្រៀបផ្ទឹមពុំបាននេះ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការស៊ីវិល និងកងកម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានបង្ហាញនូវសេចក្ដីក្តុកក្តួល និងសោកស្តាយឥតឧបមា ចំពោះមរណភាពរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ដែលការបាត់បង់ មាតា មាតាក្មេក ជីដូនប្រកបដោយព្រហ្មវិហារធម៌ កត្តញ្ញូតាធម៌ សេចក្ដីសណ្ដោសប្រណី និងជាសាធុជនជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត និងតែងបានលះបង់កម្លាំងកាយ និងបញ្ញាញាណ ខិតខំចិញ្ចឹមបីបាច់ថែរក្សា អប់រំទូន្មាន បុត្រា បុត្រី និងចៅៗបានប្រកបដោយគន្លងធម៌ រហូតក្លាយជាប្រមុខដឹកនាំ ជាថ្នាក់ដឹកនាំ និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។

      សម្ដេចក្រឡាហោម ក៏បានបង្ហាញនូវសេចក្ដីចងចាំជានិច្ចចំពោះគំរូវីរៈភាពដ៏ប្រពៃ និងគុណូបការៈដ៏ធំធេងរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាកុលបុត្រខ្មែរដ៏ឆ្នើម និងជាពុទ្ធសាសនូបត្ថម្ភ ប្រកបដោយទឹកចិត្តសប្បុរសធម៌មួយរូប តែងយកចិត្តទុកដាក់ និងបរិច្ចាគទ្រព្យផ្ទាល់ខ្លួន យ៉ាងច្រើនដោយទឹកចិត្តជ្រះថ្លា ក្នុងបុព្វហេតុនៃសាសនា ការអប់រំសិក្សាធិការជាតិ និងមនុស្សធម៌ ព្រមទាំងបានកសាងសមិទ្ធផលជាច្រើន បំរើដល់ឧត្តមប្រយោជន៍សង្គមជាតិ និងប្រពលរដ្ឋ រួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា នាំមកនូវសេចក្ដីចម្រុងចម្រើន និងសម្បូររុងរឿងក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ។

      ក្នុងនាមថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិនៃក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ សូមអនុញ្ញាតចូលរួមចែករំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំនេះ ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងជូនដួងវិញ្ញាណក្ខន្ធរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ