គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រជុំត្រៀមបង្ការ និងឆ្លើយតបចំពោះការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ នៅកម្ពុជា
April 30, 2020    អ្នកទស្សនា :

      ទីស្ដីការក្រសួងមហាផ្ទៃ ៖ គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំ គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាមួយក្រុមទីភ្នាក់ងារអង្គការសហប្រជាជាតិ (អ.ស.ប) ក្នុងការត្រៀមបង្ការ និងការឆ្លើយតប ចំពោះការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ នៅកម្ពុជា ដោយកិច្ចប្រជុំនាពេលព្រឹកនេះមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អភិបាលខេត្ត រាជធានី-ខេត្ត និងស្ថាប័នពាក់ព័ន្ធជាដើម ហើយមានអ្នកចូលរួមសរុប ប្រមាណជា ៨០នាក់ផងដែរ។

ឯកឧត្តម សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងជារដ្ឋមន្ដ្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងការព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលទាមទារឲ្យប្រទេសទាំងអស់បង្កើនសមត្ថភាពបន្ថែមទៀតក្នុងការ ការពារទប់ស្កាត់កូវីដ-១៩ ឲ្យទាន់ពេលវេលា ជាពិសេស ពង្រឹងកិច្ចសហការប្រតិបត្តិការបន្ថែមទៀត ជាងនេះទៅទៀតក៏ត្រូវត្រៀមខ្លួនសម្រាប់ការរាតត្បាត ជំងឺឆ្លងនានាដែលអាចកើតមានឡើងនៅពេលអនាគត។

      ឯកឧត្តមបន្ថែមថា ទោះបីជាស្ថានភាព កូវីដ-១៩ នៅកម្ពុជាបច្ចុប្បន្ន ស្ថិតនៅស្ថានភាពអាចគ្រប់គ្រងបាន ប៉ុន្ដែភាគីពាក់ព័ន្ធត្រូវបន្ដបង្កើនការតាមដាន ដើម្បីយកចិត្តទុកដាក់បន្ថែមទៀត និងត្រៀមបំរុងរួចជាសម្រេច ចំពោះការរាតត្បាត នៅតាមសមាគមន៍ដែលអាចកើតមានឡើងជាយថាហេតុ។

      ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ Pauline Tamesis អ្នកសម្របសម្រួល អង្គការសហប្រជាជាតិ (អ.ស.ប) នៅកម្ពុជា បានថ្លែងថា «ទោះបីជាយើងពុំទាន់ឃើញសញ្ញាច្បាស់លាស់អំពីការឆ្លងក្នុងសហគមន៍ ដោយស្ថានភាពនេះអាចប្រែប្រួលយ៉ាងឆាប់រហ័ស។ យើងត្រូវត្រៀមខ្លួនជាស្រេច និងបន្ស៊ាំការឆ្លើយតបរបស់យើង ទៅតាមស្ថានភាពនោះ»។

      លោកជំទាវ ក៏បានកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងសុខាភិបាល ដែលព្យាបាលអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា បានជាសះស្បើយជាបន្ដបន្ទាប់ ហើយមានឆ្លងសរុបទាំងអស់ត្រឹមតែ១២២នាក់ប៉ុណ្ណោះ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ