សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០របស់បណ្ឌិត្យសភានគរបាលកម្ពុជា
April 29, 2020    អ្នកទស្សនា :

      នៅទីស្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាព ឆ្នាំ២០២០ របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ស្ថាប័នពាក់ព័ន្ធ និងអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

      ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា «កិច្ចប្រជុំនាពេលនេះ គឺធ្វើឡើងដើម្បីឆ្លងផែនការសកម្មភាព ឆ្នាំ២០២០ របស់បណ្ឌិត្យសភានគរបាលកម្ពុជា ហើយនាពេលកន្លងទៅ យើងក៏បានឆ្លងផែនការសកម្មភាពរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ហើយក៏មានការកែតម្រូវសម្រួលខ្លឹមសារខ្លះៗឡើងវិញ ផងដែរ»។

      សម្ដេចក្រឡាហោម ក៏បានជំរុញការងារសកម្មភាពរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ឲ្យខិតខំធ្វើឲ្យបានលឿនទើបជាការល្អ។ សម្ដេចក្រឡាហោម ជឿជាក់ថា ដោយសារនេះជាកិច្ចការងារដែលបណ្ឌិត្យសភានគរបាលកម្ពុជា ទើបតែធ្វើដំបូង ចឹងហើយវាមិនអាចសុក្រឹត្យទាំងអស់ឡើយ។

      ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានលើកឡើងថា ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ប្រហែលជាការអនុវត្តអាចនឹងមានបញ្ហាប្រឈមខ្លះ ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ ភាគីពាក់ព័ន្ធត្រូវគិតថា ឆ្នាំ២០២១ មានមូលដ្ឋានក្នុងចំណែកឆ្នាំ២០២០នេះ អាចធ្វើផែនការសកម្មភាពរបស់ខ្លួនបានល្អជាង ដូច្នេះ សម្ដេចក្រឡាហោម បានស្នើដល់អគ្គនាយកដ្ឋាននានាទៀត ត្រូវជំរុញការងារសកម្មភាពបន្ថែមទៀត ឲ្យបានចប់សព្វគ្រប់នៅខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះក៏ជាការល្អដែរ។

      ពាក់ព័ន្ធនឹងការកសាងផែនការ និងការដាក់ចេញទិសដៅត្រូវអនុវត្ត សម្ដេចក្រឡាហោម ក៏បានជំរុញឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា ពន្លឿនកិច្ចការទាំងនេះឱ្យបានឆាប់ ទោះមានកិច្ចខ្លះជារឿងថ្មី និងត្រូវបានធ្វើឡើងនៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ក៏ដោយ។ សម្ដេចក៏បានណែនាំឱ្យថ្នាក់ដឹកនាំពាក់ព័ន្ធបន្តពង្រឹងយន្តការកែទម្រង់ឱ្យបានខ្លាំងក្លា និងមានប្រសិទ្ធភាព ក្នុងនោះក៏ត្រូវបែងចែកកងកម្លាំងបំពេញភារកិច្ចឱ្យបានច្បាស់លាស់ដែរ។

      សម្ដេចបានបន្តថា សម្រាប់នគរបាលដែលបញ្ចប់ការសិក្សា និងតាំងស៊ុបជាមន្ត្រីនគរបាលជាតិ ត្រូវបែងចែកឱ្យបំពេញការងារនៅអង្គភាពដែលមានតម្រូវការធនធានពិតប្រាកដ និងចាំបាច់ ពោលគឺមិនអាចបណ្ដែតបណ្ដោយឱ្យទៅប្រមូលផ្ដុំនៅអង្គភាពណាមួយដែលមិនសូវមានតម្រូវការនោះទេ។

      សម្ដេចក៏បានណែនាំថ្នាក់ដឹកនាំបណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវបន្តបង្កើនការបើកវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីលើមុខជំនាញចាំបាច់ និងទាន់សភាពការណ៍វិវត្តន៍ជាក់ស្ដែងមួយចំនួន ជូនដល់ថ្នាក់ដឹកនាំនគរបាលគ្រប់លំដាប់ថ្នាក់ ដើម្បីបានជាទុនបន្ថែមក្នុងការពង្រីកចំណេះដឹង ពង្រឹងជំនាញ និងសម្រាប់ការអប់រំ ផ្សព្វផ្សាយ ណែនាំដល់មន្ត្រីនគរបាលក្រោមឱវាទ ដោយវគ្គបណ្ដុះបណ្ដាលនោះអាចធ្វើឡើង២ទៅ៣ថ្ងៃក៏បាន។

      ក្រោមអធិបតីសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី អង្គប្រជុំក៏បានពិភាក្សាគ្នាដែរអំពីតម្រូវការធនធានកងកម្លាំងនគរបាលប្រចាំឆ្នាំ ដើម្បីបំពេញចំនួនមន្ត្រីនគរបាលដែលចូលនិវត្តន៍ ឬមានបញ្ហាសុខភាព ឬត្រូវបានបណ្ដេញចេញ និងក៏ដើម្បីឆ្លើយតបនឹងសេចក្ដីត្រូវការក្នុងកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងកិច្ចការពារព្រំដែន៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ