ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ អំពាវនាវឱ្យពលរដ្ឋរក្សាសុខភាព និងអនាម័យឱ្យបានល្អ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
April 25, 2020    អ្នកទស្សនា :

      ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់ត្របែក បានអំពាវនាវឱ្យពលរដ្ឋរក្សាអនាម័យ និងរក្សាសុខភាពឱ្យបានល្អ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសអញ្ជើញចុះសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន៧០គ្រួសារដែលកំពុងជួបការខ្វះខាត នៅឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០។

      ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន៧០គ្រួសារដែលកំពុងជួបការខ្វះខាត ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ បានលើកឡើងនូវកត្តាមួយចំនួនដែលធ្វើឱ្យប្រជាពលរដ្ឋមានការខ្វះខាតស្បៀងរួមមាន ទន្និផលស្រូវមិនបានល្អដូចឆ្នាំមុនៗ, ការចែកដីទៅឱ្យកូនចៅដូច្នេះគ្មានដីគ្រប់គ្រាន់សម្រាប់បង្កបង្កើនផល, គ្រោះធម្មជាតិ, ពលរដ្ឋធ្វើចំណាកស្រុក, ការធ្វើស្រែប្រវាស់មេឃ, និងកត្តាដែលកម្ពុជាក៏ដូចជាពិភពលោកទាំងមូលកំពុងជួបប្រទះនោះ គឺជំងឺកូវីដ-១៩។

      ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ មានប្រសាសន៍បញ្ជាក់ថា បញ្ហានៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យពិភពលោកជួបការលំបាកជាខ្លាំង ដោយមកដល់ពេលនេះប្រទេសជិត២០០បានឆ្លង និងប្រជាជនជិត២លាននាក់ហើយបានស្លាប់។ ឯកឧត្តម មានប្រសាសន៍បន្តថា បើទោះបីជាប្រទេសយើងហាក់មានសំណាងជាងបណ្តាប្រទេសមួយចំនួន ដោយគ្មានអ្នកស្លាប់ ព្រមទាំងមានអ្នកជាសះស្បើយជាបន្តបន្ទាប់យ៉ាងណាក្តី ក៏យើងមិនត្រូវធ្វេសប្រហេសឡើយ ព្រោះថាជំងឺកូវីដ-១៩ នេះងាយនឹងឆ្លងណាស់ ក្នុងករណីបើប្រជាពលរដ្ឋយើងខ្វះការប្រុងប្រយ័ត្ន នឹងមានការឆ្លង។ ដូច្នេះបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវរក្សាគម្លាតសុវត្ថិភាព, ការរក្សាអនាម័យ ការពាក់ម៉ាស់, ការលាងដៃឱ្យបានស្អាត។ ឯកឧត្តម សន្តិបណ្ឌិត សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋនៅឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នឹងបង្កើនការប្រុងប្រយ័ត្ន ដោយចូលរួមទប់ស្កាត់ និងបង្ការកុំឱ្យឆ្លងជំងឺនេះ ជាមួយនឹងការថែរក្សាសុខភាព និងអនាម័យឱ្យបានជាប់ជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ