ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
April 23, 2020    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សមាជិកក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ថ្នាក់ដឹកនាំ ក្រុមការងារនៃធនាគារជាតិនៃកម្ពុជា ស្ថាប័ន អង្គភាព និងមន្រ្តីពាក់ព័ន្ធជាច្រើនផងដែរ។

      ឯកឧត្តម ងី ច័ន្រ្ទផល បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺមានគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មថ្មី។ ឯកឧត្តម បានបន្តថា សេចក្តីព្រាងច្បាប់ព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនេះ គឺត្រូវបានរៀបចំតាក់តែងបង្កើតថ្មីឡើងវិញទាំងស្រុង យោងតាមសេចក្តីសម្រេចរបស់អង្គប្រជុំអន្តរក្រសួងស្តីពីសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ដែលដឹកនាំដ៏ខ្ពង់ខ្ពស់ដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំនោះ អង្គប្រជុំទាំងមូលក៏បានសប្រេចឲ្យរៀបចំបង្កើតច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនេះជាថ្មីឡើងវិញ។

      ជាងនេះទៀត ឯកឧត្តម ក៏បានបញ្ជាក់ថា ការរៀបចំតាក់តែងនូវច្បាប់ថ្មីឡើងវិញទាំងស្រុងនេះ គឺដោយស្នារតីអង្គប្រជុំបានយល់ឃើញថា ច្បាប់នេះបានធ្វើវិសោធនកម្មចំនួនពីរដងកន្លងរួចមកហើយ គឺលើកទី១នៅឆ្នាំ២០០៧ និងលើកទី២នៅឆ្នាំ២០១៣ ដូច្នេះនៅលើកទី៣នេះដើម្បីមានភាពងាយស្រួលក្នុងការអនុវត្តមិនឲ្យមានភាពស្មុគស្មាញច្រើន គឺត្រូវតែរៀបចំបង្កើតច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មថ្មីឡើងវិញទាំងស្រុង។

      សូមជម្រាបថា ច្បាប់នេះមានគោលបំណងដាក់ចេញនូវវិធានការ ដើម្បីប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ព្រមទាំងការរៀបចំចាត់ចែង និងត្រួតពិនិត្យ ការប្រតិបត្តិវិធានការទាំងនោះ។ ជាងនេះទៀត ច្បាប់នេះ និងបទប្បញ្ញត្តិផ្សេងទៀតសម្រាប់ប្រតិបត្តិច្បាប់នេះ ត្រូវអនុវត្តសម្រាប់ទប់ស្កាត់ និងត្រួតពិនិត្យការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕ រតនា

ដោយ៖នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ