ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ៖ កម្ពុជាកំពុងជួបករណីកូវីដ-១៩ ស្របពេលដែលជនខិលខូច នាំចូលផលិតផលគ្មានច្បាប់មកកម្ពុជាកាន់កើនឡើង
April 17, 2020    អ្នកទស្សនា :

      ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានថ្លែងថា កម្ពុជាកំពុងជួបជំងឺកូវីដ-១៩ ក៏មានជនខិលខូចមួយចំនួនបានលួចនាំចូល និងចែកចាយនូវឧបករណ៍បរិក្ខាពេទ្យ ដូចជា អាល់កុល ជែល សារធាតុសម្លាប់មេរោគ ដែលគ្មានប្រភពច្បាសលាស់ មកកម្ពុជា ហើយគណៈកម្មាធិការ ក៏បានបង្ក្រាបទាន់ពេលវេលាផងដែរ។

      ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហការជាមួយ ក្រុមហ៊ុន ធី អ អ៊ី អ៊ីមផក អិចផត ឯ.ក នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តម សេនីយ៍ មៀច សុផាន់ណា បានឲ្យដឹងថា ក្នុងក្នុងស្ថានភាពកូវីដ-១៩ កើតមានឡើងនៅកម្ពុជា គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះបង្ក្រាបបទល្មើស ផលិតផលគ្មានច្បាប់ ដូចជា អាល់កុល ជែល ជាដើម បានច្រើនករណីផងដែរ។  

      ឯកឧត្តម មានប្រសាសន៍ថា «ការរាលដាលជំងឺកូវីដ-១៩ ដោយខណៈពេលដែលសកលលោក ក៏ដូចជា ប្រទេសកម្ពុជាកំពុងជួបមានករណីជំងឺកូវីដ-១៩ ដែលស្ថិតក្នុង ស្ថានភាព ដ៏ពិបាកនេះ ក៏មានជនខិលខូចមួយចំនួនបានលួចនាំចូល និងចែកចាយនូវឧបករណ៍បរិក្ខាពពេទ្យ អាល់កុល ជែល និងសារធាតុ សម្លាប់មេរោគ ដែលគ្មានប្រភពច្បាសលាស់ គ្មានគុណភាពគ្រប់គ្រាន់ ដោយពុំទាន់ទទួល បានលិខិតអនុញ្ញាតពីក្រសួង ស្ថាប័នមានសមត្ថកិច្ចនៅឡើយទេ ហើយសកម្មភាពទាំងនេះ គឺជាអំពើល្មើសច្បាប់ ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋយើង»។

      ទន្ទឹមនឹងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានបន្ដលើកឡើងថា ដើម្បីបង្ហាញឲ្យឃើញថា ក្រុមហ៊ុនដែលមានច្បាប់ទំលាប់ត្រឹមត្រូវ គឺត្រូវតែទទួលស្គាល់ និងលើកទឹកចិត្តឲ្យបន្ដសកម្មភាពធុរកិច្ចរបស់ខ្លួន ឲ្យបានកាន់តែរីកចំរើនថែមទៀត។ ឯកឧត្តមបន្ថែមថា ប្រជាពលរដ្ឋដែលពុំទាន់មានច្បាប់ទម្លាប់ត្រឹមត្រូវ ត្រូវប្រញាប់ទៅបំពេញបែបបទចុះបញ្ជីស្នាមឲ្យបានត្រឹមត្រូវ ដើម្បីឲ្យពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ទទួលបាននូវផលិតផល និងសេវាកម្មដែលមានគុណភាពហើយស្របច្បាប់៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ