សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យសមត្ថកិច្ចត្រូវមានអាកប្បកិរិយាត្រឹមត្រូវចំពោះពលរដ្ឋ
April 13, 2020    អ្នកទស្សនា :

      សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានធ្វើការណែនាំឲ្យសមត្ថកិច្ចត្រូវមានអាកប្បកិរិយាត្រឹមត្រូវចំពោះប្រជាពលរដ្ឋខ្មែរ ក្នុងការណែនាំឲ្យពួកគាត់ប្រុងប្រយ័ត្ន និងការពារខ្លួននឹងជំងឺកូវីដ-១៩ ខណៈរហូតដល់ពេលនេះប្រទេសកម្ពុជា មិនទាន់មានពលរដ្ឋណាម្នាក់ស្លាប់ដោយជំងឺកូវីដ-១៩នៅឡើយទេ។

      សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «ការងារនេះមកដល់ពេលនេះ វាមិនបាន១០០%ទេ យើងជឿចឹងពីព្រោះថា នេះបទបញ្ជាមែន ប៉ុន្ដែគឺមិនអនុញ្ញាត្តឲ្យសមត្ថកិច្ចរបស់យើង ដើម្បីហ្នឹងចាត់វិធានការតឹងរឹងរហូតដល់ថា យកទោស អ្នកមិនបានគោរពទេ។ គ្រាន់ថា អង្វរក អំពាវនាវឲ្យគាត់យល់ ឲ្យចូលរួមតែប៉ុណ្ណឹងទេ ហើយមានអ្នកខ្លះទៅតាមផ្លូវជាតិ មិនបាន ទៅផ្លូវតូចៗ ហើយអ្នកខ្លះទៀតជិះឡាន តែនៅសល់៣០០ម៉ែត្រចុះដើរ ក៏មានដែរ ចុះដើរហើយគាត់ថា ផ្ទះគាត់នៅខាងមុខនេះ យើងធ្វើម៉េច?»។ សម្ដេចបន្ថែមថា«ខ្ញុំតែតែងណែនាំផ្ដល់នូវមតិយោបល់ ធ្វើម៉េចអាកប្បកិរិយារបស់មន្ដ្រីរបស់យើង គឺមិនត្រូវធ្វើនាំឲ្យប៉ះពាល់ ឬក៏ឈាន់មានការផ្ទុះសាវ៉ាយ អំពើ ហិង្សា ទាំងនោះទេ»។

      ក្នុងពិធីប្រគល់រថយន្ដជូនស្នងការដ្ឋានគរបាលខេត្ត និងប្រគល់សម្ភារមួយចំនួន ដើម្បីការពារជំងឺ កូវីដ-១៩ ជូនអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍អរគុណទៅដល់សមត្ថកិច្ច និងអាជ្ញាធរទាំងអស់ដែលចូលរួមគាំទ្រគោលការណ៍វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងបានអរគុណដល់មន្ដ្រីក្រសួងមហាផ្ទៃទាំងអស់ ដែលបានកាត់ប្រាក់ខែផ្ទាល់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹង កូវីដ-១៩នេះផងដែរ។

      សម្ដេចមានប្រសាសន៍ថា «មកដល់ពេលនេះជំងឺនេះ (ជំងឺកូវីដ) មិនទាន់ស្រាកស្រាន្ដ នៅលើសកលលោកយើងនេះ ដែលពីមួយថ្ងៃ ទៅមួយថ្ងៃ មានការកើនឡើងយ៉ាងច្រើន ហើយអ្នកស្លាប់ក៏មានកើនឡើង។ ដោយឡែកសម្រាប់កម្ពុជារបស់យើងមកទល់ពេលនេះ មាន១២២កំពុងឆ្លង ហើយបានជាសះស្បើយ៧៧ នៅក្នុងពេទ្យ៤៥ ប៉ុន្ដែមិនមានអ្នកស្លាប់ទេ»។

     សម្ដេចក្រឡាហោមបន្ដថា ដូច្នេះមានន័យថា ការយកចិត្តដាក់របស់មន្ដ្រី ក្រសួងសុខាភិបាលក៏ដូចជាប្រជាពលរដ្ឋគ្រប់រូបធ្វើឲ្យជំងឺកូវីដ-១៩ មិនអាចយកឈ្នះបាន។ សម្ដេចក្រឡាហោមក៏សង្ឃឹមថា នាពេលខាងមុខនេះ នឹងទទួលបានលទ្ធផលល្អកាន់តែប្រសើរ ក្នុងករណីដែលភាគីពាក់ព័ន្ធបានខិតខំប្រឹងប្រែង ទប់ស្កាត់នៅជំងឺនេះផងដែរ ប៉ុន្ដែនិយាយដូច្នេះ ភាគីពាក់ព័ន្ធក៏មិនត្រូវបន្ធូដៃឡើយ ត្រូវតែបន្ដបន្ថែមទៀត ដើម្បីចាត់វិធាន គ្រប់បែបយ៉ាងដែលអាចធ្វើទៅបាន។

      សម្ដេចក្រឡាហោម រំលឹកថា នាពេលកន្លងទៅ រាជរដ្ឋាភិបាល ចេញវិធានការ មិនឲ្យធ្វើចរាចរណ៍ ពីខេត្តមួយ ទៅខេត្តមួយ ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ ដែលកំពុងកើតមានឡើង ហើយបានលើកពេល ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ