ក្រសួងមហាផ្ទៃ រៀបចំពិធីសូត្រមន្ត បង្សុកូល អបអរសាទរស្វាគមន៍ឆ្នាំថ្មី និងឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធបុព្វបុរសជាតិ មន្រី្តរាជការ ដែលបានពលីជិវិតក្នុងបុព្វហេតុជាតិ
April 09, 2020    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានរៀបចំពិធីសូត្រមន្ត បង្សុកូល ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្រ្តីជាន់ខ្ពស់ ព្រមទាំងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ក្រោមឱវាទក្រសួងមហាផ្ទៃជាច្រើនរូបផងដែរ។

      ពិធីនេះប្រព្រឹត្តទៅតាមប្រពៃណីទំនៀមទំលាប់ព្រះពុទ្ធសាសនា គឺដើម្បីបណ្តេញនូវឧបទ្រុបចង្រៃ ដែលនៅសេសសល់ពីឆ្នាំចាស់ ទទួលអំណរអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំជូត ទោស័ក ព.ស២៥៦៣ គ.ស ២០២០ នាពេលខាងមុខ និងដើម្បីអបអរសាទរស្វាគមន៍ឆ្នាំថ្មី ព្រមទាំងដើម្បីឧទ្ទិសមគ្គផល កុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណ និងបុព្វបុរសជាតិ ព្រមទាំងមន្ត្រីរាជការ និងយុទ្ធជន យុទ្ធនារី នគរបាលជាតិទាំងអស់ ដែលបានពលីមរណៈកាលទៅកាន់បរលោក។ ព្រមទាំងដើម្បីបួងដល់ទេវតាឆ្នាំថ្មីព្រះនាម គោរាគទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ដែលនឹងយាងចុះមកអភិបាលរក្សាទឹកដីនៃកម្ពុជា ក៏ដូចជានៅក្នុងទីស្តីការក្រសួងមហាផ្ទៃ និងសូមបួងសួងដល់វត្ថុសាកសិទ្ធក្នុងលោក មានគុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងទេវតាឆ្នាំថ្មី បញ្ចេញនូវមហិឬទ្ធិថ្វាយព្រះរាជសព្ទសាធុការពរ បវរមហាប្រសើរដល់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ កងកម្លាំងនគរបាលជាតិទាំងអស់ ជួបសេចក្តីសុខ សេចក្តីចម្រើនសព្វគ្រប់ប្រការ និងសូមឲ្យមានសន្តិភាពជារៀងរហូតតទៅ។

      ក្នុងឱកាសនេះផងដែរ ដោយសម្តេចក្រឡាហោម ស ខេង ព្រមទាំងមន្រ្តីរាជការក្រោមឱវាទ ក៏បានធ្វើការបូជាគ្រឿងសក្ការៈ ទៀន ធូប ផ្កាភ្ញី ថ្វាយចំពោះព្រះរតនត្រ័យ បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងធ្វើនូវបទនមស្ការព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដែលជាមង្គលដ៏ឧត្តុងឧត្តមប្រសើរថ្លាថ្លៃបំផុតផងដែរ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ