សម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង កិច្ចប្រជុំគណៈអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកទី៦
August 25, 2017    អ្នកទស្សនា :

      ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ  បានរៀបចំកិច្ចប្រជុំ អភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកទី៦ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  នៃព្រះរាជាណាចក្រកម្ពុជា  និងឯកឧត្តម ឧត្តមសេនីយ៍ឯក អនុភុង ផៅចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រថៃ ។
កិច្ចប្រជុំលើកទី៦ នេះដែរបានដំណើរការដោយរលូន ស្របទៅតាមកម្មវិធីដែលបានគ្រោងទុកក្នុងបរិយាកាស មិត្តភាព សាមគ្គីភាព ភាតរភាព និងយោគយល់គ្នាទៅវិញទៅមក។ ភាគីទាំងពីរបានបង្ហាញនូវការយល់ឃើញរួមគ្នាអំពីសារៈសំខាន់នៃការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកចំណងទំនាក់ទំនងជាមិត្តភាព សាមគ្គីភាពជាប្រពៃណីរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងកាន់តែស៊ីជម្រៅថែមទៀត។
កិច្ចប្រជុំបានសង្កត់ធ្ងន់ទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ទៅលើបញ្ហាផ្សេងៗ ដូចខាងក្រោម៖
១-ការឆ្លងកាត់ព្រំដែន: ភាគីទាំងពីរទទួលស្គាល់អំពីសារៈសំខាន់នៃការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋភិបាលថៃ ស្តីពីការឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥។
២-ពាណិជ្ជកម្មនិងការវិនិយោគៈ កិច្ចប្រជុំមានការពេញចិត្តចំពោះកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរដែលបានកើនឡើងដល់ជាង ៥ ប៊ីលាន (5 Billion) ដុល្លារអាមេរិកតាំងពីឆ្នាំ២០១៤មក ដែលក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីប្រមាណ៧០%ទទួលបានពីផ្លាស់ប្តូរពាណិជ្ជកម្មតាមព្រំដែន។
៣-ការតភ្ជាប់: គឺជាការតភ្ជាប់ផ្លូវដែក នៅចំណុចតភ្ជាប់ប៉ោយប៉ែត-អារញ្ញប្រាថេត កាលពីថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០១៦ និងផ្លូវដែកពីក្រុងប៉ោយប៉ែត ទៅខេត្តស្រះកែវ  និងជម្រុញការសាងសង់ស្ពានច្រកទ្វារព្រំដែនអន្តរជាតិ ខេត្តប៉ៃលិន ទៅខេត្តច័ន្ទបុរី។
៤-កិច្ចសហប្រតិបត្តិការវិស័យកសិកម្មៈ ដើម្បីជួសម្រួល និងជម្រុញការផ្លាស់ប្តូរកសិផល  ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ពិសេសពលរដ្ឋនៅតាមតំបន់ព្រំដែន។
៥-កិច្ចសហប្រតិបត្តិការវិស័យការងារៈ ភាគីទាំងពីរនឹងជម្រុញដល់ក្រសួង ស្ថាប័ន ឱ្យសហការគ្នាពន្លឿនការបំពេញបែបបទ និងនីតិវិធីស្របច្បាប់ជូនពលករកម្ពុជាដែលធ្វើការនៅប្រទេសថៃសព្វថ្ងៃ ដើម្បីធានានូវការស្នាក់នៅនិងបំពេញការងារស្របច្បាប់នៅប្រទេសថៃ។ 
៦-ច្រកទ្វារព្រំដែនៈ ភាគីទាំងពីរបានឯកភាពបានជម្រុញគណៈកម្មការចម្រុះខណ្ឌសីហាព្រំដែនគោកកម្ពុជា-ថៃ(JBC)នៃប្រទេសទាំងពីរ កំណត់ពេលវេលាសមស្របវាស់វែងលម្អិតរួមគ្នានៅច្រកទ្វារតំបន់ព្រំដែន។
៧-ការគ្រប់គ្រងព្រំដែនៈ ភាគីទាំងពីរឯកភាពគ្នាថាប្រសិនបើមានវិវាទណាមួយកើតឡើងនៅតាមព្រំដែន ត្រូវចេះអត់ធ្មត់ និងត្រូវប្រញាប់ដោះស្រាយទប់ស្កាត់ដោយសន្តិវិធី និងបានឆាប់រហ័ស។
៨-ការតបណ្តាញអគ្គិសនីៈ ភាគីទាំងពីរលើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការជម្រុញការតភ្ជាប់បណ្តាញអគ្គិសនីតាមតំបន់ជាយដែន។
៩-ការកាប់ឈើខុសច្បាប់: ភាគីទាំងពីរឯកភាពអនុវត្តច្បាប់សមស្របនៅក្នុងការដោះស្រាយបញ្ហាកាប់ឈើខុសច្បាប់តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងមិនប្រើអាវុធទប់ទល់និងអ្នកកាប់ឈើខុសច្បាប់។
១០-ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសៈ ភាគីទាំងពីរត្រូវវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចនៅតាមព្រំដែន ត្រូវខិតខំការពារនូវសន្តិសុខ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទដើម្បីស្តេរភាពសង្គម។
១១-កិច្ចសហការប្រតិបត្តិការវិស័យទេសចរណ៍: ភាគីទាំងពីរឯកភាពនឹងជម្រុញការអនុវត្តន៍ផែនការសកម្មភាពទេសចរណ៍អេកូណូម៉ិកឆ្នាំ២០១៦-២០១៨ និងទេសចរណ៍បៃតង។
១២-ទីក្រុងសម្ព័ន្ធភាពៈ ភាគីទាំងពីរត្រូវគាំទ្របង្កើតទីក្រុង ឬខេត្តសម្ព័ន្ធមេត្រីភាពនៃប្រទេសទាំងពីរ។
១៣-យន្តការសម្របសម្រួលៈ កិច្ចប្រជុំនេះបានលើកទឹកចិត្តដល់អភិបាលខេត្ត ក្រុង ស្រុកជាប់ព្រំដែន ឱ្យមានការជួបប្រជុំផ្លាស់ប្តូរម្ចាស់ផ្ទះម្តងម្នាក់។
  ជាចុងបញ្ចប់គណៈប្រតិភូទាំងពីរប្រទេស បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំក្រសួងនីមួយៗនៃប្រទេសកម្ពុជា-ថៃ ដែលផ្តល់កិច្ចសហប្រតិបត្តិការល្អ និងប្រព្រឹត្តិទៅដោយជោគជ័យ ថែមទាំងទទួលបានលទ្ធផលល្អជាទីគាប់ចិត្ត ឈានទៅដល់មានកិច្ចចុះហត្ថលេខាអនុស្សារណៈយោគយល់គ្នារវាងប្រទេសទាំងពីរ លើចំណុចដែលបានចែងខាងលើ។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ