អារ៉ាប៊ីសាអូឌីត កោតសសើរដល់កម្ពុជាដែលទទួលបានសន្តិភាពពេញលេញរហូតមកដល់បច្ចុប្បន្ន
February 18, 2020    អ្នកទស្សនា :

ឯកឧត្តម Shiekh Saud F. M. Al Suwelim ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា បានថ្លែងកោតសរសើរចំពោះកម្ពុជា ដែលទទួលបាននូវការអភិវឌ្ឍន៍ និងសន្តិភាព រហូតមកដល់បច្ចុប្បន្ន។ 

មានប្រសាសន៍ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម Shiekh Saud F. M. Al Suwelim ក៏បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើសុខដុមនីយកម្មសាសនាបានយ៉ាងល្អប្រសើរ និងបង្កលក្ខណៈដល់ប្រជាពលរដ្ឋបានគោរពប្រតិបត្តិគ្រប់សាសនាតាមជំនឿរៀងៗខ្លួន   ដែលនេះចាត់ទុកជាលទ្ធិប្រជាធិបតេយ្យពេញលេញពិតប្រាកដមួយ។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានសំដែងបំណងស្វែងបង្កើតនូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាមួយប្រទេសកម្ពុជា ជាពិសេសលើវិស័យសន្តិសុខសាធាណៈ ដោយឯកឧត្តមក៏បានស្នើបង្កើតនូវអនុស្សរណៈយោគយល់គ្នារវាងក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរផងដែរ។

សម្តេចក្រឡាហោម បានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងខិតខំឥតឈប់ឈរ ដើម្បីធ្វើយ៉ាងណាឱ្យគ្រប់និន្នាការសាសនាទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជារស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា ហើយជាងនេះទៀត រាជរដ្ឋាភិបាលកម្ពុជា តែងតែជម្រុញ និងលើកទឹកចិត្តដល់គ្រប់សាសនាទាំងអស់ឱ្យចូលរួមគ្រប់សកម្មភាពរបស់សង្គម និងការងារអភិវឌ្ឍន៍របស់សង្គម ក៏ដូចជា ការងារទប់ស្កាត់បទល្មើសគ្រឿងញៀន ការងារទប់ស្កាត់ការជួញដូរមនុស្សជាដើម សំដៅរួមគ្នាកសាងសង្គមជាតិឱ្យមានការរីកចម្រើន។

សម្តេចក្រឡាហោម ស ខេង ក៏បានគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តម ឯកអគ្គរាជទូត និងបានជម្រាបជូនថា បើទោះបីជាប្រទេសទាំងពីរមកដល់ពេលនេះ មិនទាន់មានកិច្ចសហប្រតិបត្តិការលើវិស័យច្រើនជាមួយគ្នាក៏ដោយ ប៉ុន្តែនៅថ្ងៃអនាគត សម្តេចក្រឡាហោម ជឿជាក់ថា ប្រទេសទាំងពីរនឹងអាចបង្កើនកិច្ចសហប្រតិបត្តិការជាច្រើនជាមួយគ្នា ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ