ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេ
February 14, 2020    អ្នកទស្សនា :

      នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកម៊ិញយី នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ក្រោមអធិបតីភាព ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានការចូលរួមពី ថ្នាក់ដឹកនាំបណ្តាក្រសួង មន្ទីរ និងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនផងដែរ។

      ឯកឧត្តម ឡាំ ជា បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះគឺធ្វើឡើងជាលើកទី៤ ដែលពិភាក្សាជាក់ស្តែងលើរបៀវារៈរួមមាន៖  ទី១.ពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារសាងសងច្រាំងការពារបង្គោលព្រំដែនលេខ២៤៥/៤១ និង២៤៦/២១, ទី២.រៀបចំផែនការសកម្មភាព សម្រាប់អនុវត្តការងារអនុវត្តការងារបន្ត, ទី៣.រៀបចំគម្រោងចំណាយថវិការលម្អិតសម្រាប់ការសាងសងច្រាំងទន្លេ ព្រែក, និងទី៤.ពិភាក្សាអំពីបញ្ហាប្រឈមនានា និងសំណូមពរ ដើម្បីចូលរួមជាមតិយោបល់ ប្រមូលនូវធាតុចូលយកមកពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាបាក់ច្រាំងទន្លេ និងព្រែកតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។

      លើសពីនេះ ឯកឧត្តម បានបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែធ្នូ ២០១៩ ឯកឧត្តម បានដឹកនាំសមាជិកគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងការពារបង្គោលព្រំដែនលេខ២៤៥/៤១ និង២៤៦/២១ ដែលស្ថិតនៅស្រុកកោះធំ ខេត្តកណ្តាល ហើយជារួមក្រុមការងារសង្កេតឃើញថា ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងក្រសួងធនធានទឹក និងឧត្តុនិយម បានសហការជាមួយរដ្ឋបាលខេត្តកណ្តាល និងគណៈកម្មការចម្រុះកិច្ចការព្រំដែន ដើម្បីសិក្សាលក្ខណៈបច្ចេកទេស និងរៀបចំសាងសង់ច្រាំងការពារព្រំដែនទាំងពីរកម្ពុជា-វៀតណាម ដែលស្ថិត ក្នុងស្ថានភាពបាក់ច្រាំងដោយបានគ្រប់គ្រងយ៉ាងល្អតាមការគ្រោងទុកនៅក្នុងដំណាក់កាលទី១នេះ។

      ឯកឧត្តម បានបន្តថា ក្រោមពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានពិនិត្យនូវរបាយការណ៍សង្ខេបស្តីពីការចុះសិក្សាលក្ខណៈបច្ចេកទេសរបស់គណៈកម្មការចម្រុះកិច្ចការងារព្រំដែនកាលពីថ្ងៃ ទី២០ ខែធ្នូ ឆ្នាំ២០២០នោះរួចមក សម្តេចក្រឡាហោម ក៏បានផ្តល់អនុសាសន៍ជាគោលការណ៍មួយចំនួនដើម្បីអនុវត្តនូវការងារដែលចាំបាច់ និងបានផ្តល់ចំណារឯកភាពលើសំណើររបស់ក្រុមការងារកិច្ចការងារព្រំដែនមួយចំនួនរួមមាន៖  ទី១.ស្នើឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្កើតគណនីធនាគារសម្រាប់គណៈកម្មការអន្តរក្រសួងទូទាត់ថវិការជូនក្រសួងជំនាញ ដើម្បីចំណាយលើការសាងសង់ច្រាំងការពារព្រំដែន និងបង្គោលព្រំដែន, ទី២.ស្នើឱ្យក្រសួងធនធានទឹក និងឧត្តុនិយម ព្រមទាំងក្រសួងសាធារណៈការ និងដឹកជញ្ជូន ផ្តល់របាយការណ៍ផ្លូវការអំពីវឌ្ឍនភាពការងារសាងសង់ច្រាំងការពារព្រំដែន ដើម្បីឱ្យគណៈកម្មការអន្តរក្រសួងវាយតម្លៃអំពីលទ្ធផលការងារឱ្យបានជាក់លាក់ និងបំពេញនីតិវិធីទូទាត់ថវិការសមមាតទៅនឹងទំហំនៃការងារដែលសម្រេចបាន, ទី៣.ស្នើឱ្យក្រសួងសួងធនធានទឹក និងឧត្តុនិយម ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងគណៈកម្មការចម្រុះកិច្ចការងារព្រំដែន រៀបចំឯកសារជំនួយស្មារតីសម្រាប់ជាមូលដ្ឋាននៃក្រុមការងារគណៈកម្មការអន្តរក្រសួងជួបប្រជុំពិភាក្សាជាមួយភាគីវៀតណាមនៅពេលខាងមុខ, និងទី៤.អញ្ជើញសមាជិកនៃគណៈកម្មការអន្តរក្រសួង ចូលរួមក្នុងកិច្ចប្រជុំដើម្បីរៀបចំផែនការសម្រាប់ការងារបន្ត និងត្រៀមសម្រាប់ពិភាក្សាជាមួយភាគីវៀតណាម។

      ទន្ទឹមនេះ ឯកឧត្តម ក៏បានស្នើឱ្យក្រសួងទាំងពីរ គឺក្រសួងធនធានទឹក និងឧត្តុនិយម និងក្រសួងសាធារណៈការ និងដឹកជញ្ជូន រៀបចំផែនការសកម្មភាព និងគម្រោងថវិការចំណាយលើឥដ្ឋសម្រាប់ការសាងសង់ច្រាំងទន្លេ ព្រែកទៅតាមស្ថានភាពជាក់ស្តែង ដើម្បីគណៈកម្មការអន្តរក្រសួង ស្នើសុំរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចផងដែរ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ