ក្រសួងមហាផ្ទៃ បន្តប្រជុំពិនិត្យ និងកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការរីកសាយភាយហិរញ្ញប្បទានអាវុធមហាប្រល័យ
February 12, 2020    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិនិត្យ និងកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការរីកសាយភាយហិរញ្ញប្បទានអាវុធមហាប្រល័យ ក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ដោយមានការចូលរួមពីសមាជិក សមាជិកាថ្នាក់ដឹកនាំក្រសួង និងអង្គភាពពាក់ព័ន្ធជាច្រើនផងដែរ។

      មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ងី ច័ន្ទ្រផល បានឱ្យដឹងថា កិច្ចប្រជុំនេះគឺធ្វើឡើងដើម្បីពិភាក្សារកមូលដ្ឋានរួមក្នុងការបំពេញបន្ថែមឱ្យបានគ្រប់ជ្រុងជ្រោយពីគ្រប់ភាគីពាក់ព័ន្ធ នៃដំណើរការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់នេះ។ ឯកឧត្តមបានបន្តថា ប្រទេសកម្ពុជាបានចូលជាសមាជិកនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វីក ចាប់តាំងពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៤ ស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ហើយក្នុងនោះប្រទេសកម្ពុជាត្រូវអនុវត្តតាមអនុសាសន៍របស់ក្រុមការងារហិរញ្ញវត្ថុ (FATF) ដែលទាក់ទងទៅនឹងការតាមដាន និងលុបបំបាត់ការសម្អាតប្រាក់ ក៏ដូចជាការប្រឆាំងហិរញ្ញប្បទានភេរវកម្មនៅតំបន់អាស៊ីប៉ាស៊ីហ្វីកផងដែរ។

      ឯកឧត្តមបានបន្ថែមថា នៅឆ្នាំ២០១០ កម្ពុជាក៏ទទួលបានអនុសាសន៍ពីក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force-FATE)ថា កម្ពុជានៅមានចំណុចខ្វះខាតជាយុទ្ធសាស្រ្តមួយចំនួនលើការងារសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលមិនទាន់បានស្របតាមស្តង់ដារអន្តរជាតិ និងបានផ្តល់អនុសាសន៍ឱ្យរាជរដ្ឋាភិបាលកម្ពុជាគួរមានការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តិដើម្បីអនុវត្តការដាក់ទណ្ឌកម្មហិរវញ្ញវត្ថុគោលដៅប្រឆាំងការរីកសាយភាយហិរញ្ញប្បទានអាវុធ ក៏ដូចជាក្នុងការអនុវត្តវិធានការនានា។

      ឯកឧត្តមបានបញ្ជាក់បន្ថែមដែរថា តាមរយៈអនុសាសន៍ទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកមកសិក្សាពិចារណា និងបានសម្រេចបង្កើតគណៈកម្មការក្រុមការងាររៀបចំតាក់តែងបង្កើតច្បាប់ថ្មី គឺស្តីពីការប្រឆាំងការរីកសាយភាយហិរញ្ញប្បទានអាវុធមហាប្រល័យ ដើម្បីឱ្យសមស្របតាមគោលការណ៍អនុវត្តយុទ្ធសាស្រ្តរបស់ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វីក លើការងារការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនេះ។

សូមជម្រាបថា ច្បាប់ស្តីពីការប្រឆាំងការរីកសាយភាយហិរញ្ញប្បទានអាវុធមហាប្រល័យ មាន៧ជំពូក និង២៥មាត្រា ហើយច្បាប់នេះមានគោលបំណងដាក់ចេញវិធានការប្រឆាំងការផ្តល់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធប្រល័យលោកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះទៀត ច្បាប់នេះមានគោលដៅកំណត់អំពីវិធានការបង្ការ ទប់ស្កាត់ បង្រ្កាប និងលុបបំបាត់ហិរញ្ញប្បទានការរីកសាយភាយអាវុធប្រល័យលោកនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ