រសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំ ស្តីពីបែបបទ និងនីតិវិធីសម្រាប់ការស្នើសុំទារក ការពពោះជំនួស ដើម្បីយកទៅចិញ្ចឹមនៅក្រៅប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ លោកជំទាវ ជូ ប៊ុនអេង បានធ្វើសេចក្តីរាយការណ៍ជូន សម្តេចក្រឡាហោម ជ្រាបថា គណៈកម្មធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅកំពុងបន្តការសម្របសម្រួល ពង្រឹងកិច្ចសហការជាមួយដៃគូជាតិ និងអន្តរជាតិ និងប្រមូលផ្តុំកម្លាំងចូលរួមរបស់ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព រាជធានី-ខេត្ត ពាក់ព័ន្ធ ដើម្បីបង្កើនកិច្ចខំប្រឹងប្រែងអនុវត្តតាមគោលការណ៍។ មិនតែប៉ុណ្ណោះទៀតសោត គណៈកម្មធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានរៀបចំផែនការសកម្មភាពទិសដៅជាតិ ដំណាក់កាលទី២ (២០១៧-២០១៨) និងសហការប្រតិបត្តិថ្នាក់ជាតិ ក្រោមជាតិ និងមន្រ្តីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសគោលដៅ ដើម្បីឱ្យយល់ពីគោលបំណងផ្សព្វផ្សាយគោលការណ៍ណែនាំ ស្តីពីបែបបទ និងនីតិវិធីសម្រាប់ការស្នើសុំទារក ការពពោះជំនួស ដើម្បីយកទៅចិញ្ចឹមនៅក្រៅប្រទេស៕