សម្តេចក្រឡាហោម ស ខេង អំពាវនាវដល់សមាគម និងអង្គការ​មិនមែនរដ្ឋាភិបាលទាំងអស់បន្តចូលរួម​ពង្រឹង​ជំហរ​ភាពជាដៃគូរជាមួយរាជរដ្ឋាភិបាល
February 03, 2020    អ្នកទស្សនា :

ក្នុងពិធីបើកវេទិកាលើកទី៤ ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នៅព្រឹក​ថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ នាទីស្តីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង នាយក​រដ្ឋមន្រ្តីស្តីទី បានអំពាវនាវឱ្យអង្គការសង្គម​ស៊ីវិលទាំងអស់​បន្តចូលរួមក្នុងវិស័យ​កំណែទម្រង់​នានា​របស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ​នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលថ្មីៗនេះ រាជរដ្ឋាភិបាលបាន​ផ្ទេរមុខងារចំនួន ៥៥មុខងារ ក្នុងវិស័យចំនួន១៨ រួមទាំងធនធាន​ចាំបាច់នានាទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រង និងចាត់ចែងមុខងារ និងធនធានទាំង​នោះ ដើម្បីឆ្លើយតបទៅ​នឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ សម្តេចបន្តថា អង្គការ​សង្គម​ស៊ីវិល ដៃគូអភិវឌ្ឍន៍ មេត្តាបន្តចូលរួម និងគាំទ្រនៅ​ក្នុងដំណើរការកំណែទម្រង់នេះ ដូចជា ការជួយ​កសាង​សមត្ថភាព​ដល់មន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ការបន្តពង្រឹងយន្តការគណ​នេយ្យភាព​របស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការពង្រឹង​ភាពជា​ម្ចាស់របស់​រដ្ឋបាលមូល​ដ្ឋានក្នុងការផ្តល់សេវា​ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធភាព។

សម្តេចក្រឡាហោម ក៏បានលើកឡើងដែរថា សមាគម និងអង្គការ​មិនមែនរដ្ឋាភិបាលដែល​បានចុះ​បញ្ជីនៅក្រសួងមហាផ្ទៃ និងសមា​គម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលបានចុះ​អនុ​ស្សរណៈ​​ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ ត្រូវបន្តអនុវត្តសកម្មភាពរ​បស់​ខ្លួនឱ្យបាន​ត្រឹមត្រូវស្រប​តាម​​បទប្បញ្ញត្តិនៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែន​រដ្ឋាភិបាល ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ លើសពីនេះ សូមចៀសវាងជាដាច់ខាតនូវសកម្មភាព​ទាំង​​ឡាយណាដែលអាចជាប់ពាក់ព័ន្ធ ឬគាំទ្រដល់ការលាង​សម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្មនិង​ហិរញ្ញប្បទាន​អាវុធ​ប្រល័យលោក ដើម្បីចៀសផុតពីការធ្វើឱ្យកម្ពុជា​ធ្លាក់ចូលទៅ​ក្នុងបញ្ជីប្រផេះ និងទទួលបច្ច័យជាអវិជ្ជមានលើផ្នែក​ប្រព័ន្ធហិរញ្ញវត្ថុ លំហូរវិនិយោគ និងនយោបាយជាដើម៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ