សម្ដេចក្រឡាហោម​ ស​ ខេង​ ៖​ ភាពទន់ភ្លន់របស់មន្ត្រីច្រកព្រំដែន​ ស្មើនឹងផ្ញើសារដ៏ល្អរបស់កម្ពុជា​ទៅកាន់ជនបរទេស
January 30, 2020    អ្នកទស្សនា :

សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ​ បានថ្លែងថា​ ការផ្តល់ស្នាមញញឹម និងកាយវិការទន់ភ្លន់​ ប្រកបដោយភាពរាក់ទាក់របស់​ មន្ត្រីតាមច្រកព្រំដែន​ ស្មើនឹងផ្ញើសារដ៏ល្អរបស់កម្ពុជា​ ទៅកាន់ជនបរទេសជាច្រើន។  

ក្នុងពិធីបិទសន្និបាត​ បូកសរុបលទ្ធផលការងារ​ ប្រចាំ​ឆ្នាំ២០១៩​ និងលេីកទិសដៅការងារ​ ឆ្នាំ២០២០​ របស់​អគ្គនាយក​ដ្ឋានអន្ដោប្រវេសន៍​ នៅរសៀល​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០២០​ សម្ដេច ស​ ខេង​ បានប្រកាស​គាំទ្រពេញទំហឹងចំពោះគោលការណ៍របស់​ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលណែនាំឱ្យមន្ត្រីនគរបាលអន្តោប្រវេសន៍គ្រប់រូប​ អនុវត្តនូវពាក្យស្លោក “ផ្តល់សេវាដោយស្នាមញញឹម” ។  សម្ដេច​យល់ឃេីញថា នេះជាការចូលរួមយ៉ាងប្រពៃក្នុងការអនុវត្តគោលនយោបាយស្រូបទាញអ្នកទេសចររបស់ជាតិ និងអន្ដរជាតិ​ ព្រមទាំងស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលជំរុញឱ្យគ្រប់ក្រសួង-ស្ថាប័នបន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលជូនប្រជាពលរដ្ឋបានលឿនរហ័ស និងប្រកបដោយតម្លាភាព ។ សម្ដេច​ មានប្រសាសន៍ថា​ “នៅក្នុងសកម្មភាពជាក់ស្តែង ការផ្តល់ស្នាមញញឹម និងកាយវិការទន់ភ្លន់ប្រកបដោយភាពរាក់ទាក់របស់បងប្អូន ជាពិសេសមន្ត្រីដែលធ្វើការនៅតាមច្រកទ្វារ គឺមានន័យស្មើនឹង ការផ្ញើសារដ៏ល្អ របស់កម្ពុជាទៅកាន់ជនបរទេសជាច្រើនទៀត ដែលសារនោះ នឹងជួយអន្ទងឱ្យពួកគេចង់មកឃើញមកស្គាល់មកទស្សនកិច្ចព្រះរាជាណាចក្រកម្ពុជាយើង”។ 

សម្ដេច​ណែនាំ​ដល់មន្រ្តីនគរបាល ត្រូវបន្តលើកកម្ពស់តួនាទីជាកងកម្លាំងជួរមុខរបស់ប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ ក្នុងការបង្ការ រារាំងសមាសភាពអាក្រក់មិនទុកឱ្យពួក​ភេរវកម្ម​ មានលទ្ធភាពយកកម្ពុជាធ្វើជាទីជម្រក ដើម្បីលាក់ខ្លួនចាត់តាំងសកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន គ្រប់ប្រភេទ ឬគេចពីសំណាញ់ច្បាប់ នៅប្រទេសក្រៅ ។

ឆ្លៀតឱកាសនោះដែរ​ សម្ដេចក្រឡាហោម​ ស​ ខេង​ ក៏បានផ្ដាំផ្ញេីទៅមន្ត្រីនគរបាលច្រកទ្វារ ក្នុងការត្រួតពិនិត្យអ្នកដំណើរចេញ-ចូល ការស្វែងរកឯកសារមិនប្រក្រតី និងបណ្តាមុខសញ្ញាផ្សេងៗក្នុងបញ្ជីខ្មៅអន្តោប្រវេសន៍ ដើម្បីវិនិច្ឆ័យ ដោះស្រាយប្រកបដោយប្រសិទ្ធភាព ជាមួយនេះ ត្រូវលើកកម្ពស់ការប្រើប្រាស់ និងការថែទាំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលក្រសួងបំពាក់ជូនឱ្យបានល្អប្រសើរ និងអស់លទ្ធភាព ដើម្បីមានទិន្ន័យគ្រប់គ្រាន់សម្រាប់ការវិភាគ តាមដាន និងការដាក់ចេញនូវវិធានការចាំចាច់នានា ទៅតាមសំណូមពរការងារជាក់ស្តែង៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ