ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំប្រកាសកែសម្រួលសមាសភាពថ្មី
January 23, 2020    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០ ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំប្រកាសកែសម្រួលសមាសភាពក្រុមការងារយេនឌ័រ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី អនុប្រធាន សមាជិកនៃក្រុមការងារយេនឌ័រ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

      សមាសភាពក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃថ្មីនេះ មានលោកជំទាវ ជូ ប៊ុនអេង ជាប្រធាន អមដោយអនុប្រធានចំនួន ១៧រូប និងសមាជិក សមាជិកា ២៣រូប ព្រមទាំងមានលេខាធិការដ្ឋានមួយជាសេនាធិការ ដឹកនាំដោយលោកជំទាវ ព្រំ ចន្ថា។

      ថ្លែងក្នុងឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍ថា ក្រុមការងារបានកែសម្រួល និងផ្លាស់ប្តូរ
បន្ថែមលើសមាសភាពក្រុមការងារចាស់ឱ្យបានគ្រប់អង្គភាពរបស់ក្រសួងមហាផ្ទៃ គឺដើម្បីរួមគ្នាពង្រីកវិសាលភាព និងប្រសិទ្ធភាពការងារពាក់ព័ន្ធនឹងការងារយេនឌ័រ។ ជាងនេះទៀត លោកជំទាវ ក៏បានណែនាំដល់សមាជិកក្រុមការងារថ្មីទាំងអស់ត្រូវខិតខំប្រឹងប្រែងអនុវត្តនូវតួនាទីភារៈកិច្ចប្រកបដោយភាពទទួលខុសត្រូវខ្ពស់។

      សូមជម្រាបថា ក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ មានភារកិច្ចទទួលខុសត្រូវដូចខាងក្រោម៖
-រៀបចំផែនការយុទ្ធសាស្រ្តបញ្ហាយេនឌ័រ រយៈពេលវែង ផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់ក្រុមការងារ
-សម្របសម្រួលការបញ្ជ្រាបយេនឌ័រទៅក្នុងផែនការយុទ្ធសាស្រ្ត គោលនយោបាយ កម្មវិធីគ្រប់អង្គភាពចំណុះក្រសួង ដើម្បីធានាការបំពេញតួនាទីភារកិច្ចដោយសមធម៌
-ផ្សព្វផ្សាយផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រឲ្យបានទូលំទូលាយ បង្កើនការយល់ដឹងដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ និងពង្រឹងសមត្ថភាពមន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងពន្ធនាគារ ដើម្បីបង្កើនភាពអង់អាចក្លាហាន និងលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការធ្វើសេចក្តីសម្រេចចិត្ត
-រៀបចំទិវាអន្តរជាតិនារី៨មិនា ជារៀងរាល់ឆ្នាំ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
-ចូលរួមផ្សព្វផ្សាយលើកកម្ពស់ការអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ(CEDAW) គោលនយោបាយជាតិនានាពាក់ព័ន្ធនឹងយេនឌ័រ
-រៀបចំនីតិវិធីសម្រាប់ការបង្កើនចំនួនមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ជានារីនៅគ្រប់កម្រិត ទាំងការសម្របសម្រួល និងជំរុញការអនុវត្តន៍ផែនការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
-រៀបចំកិច្ចប្រជុំពិភាក្សាការងារដោះស្រាយរៀងរាល់ត្រីមាស ជាទៀងទាត់ជាមួយក្រុមការងារយេនឌ័រអង្គភាពចំណុះក្រសួងមហាផ្ទៃ និងរាជធានី-ខេត្ត ដើម្បីពិនិត្យវឌ្ឍនភាព ការប្រឈម និងទិសដៅ
-កៀរគរការចូលរួមគាំទ្រធនធានថវិកា សម្ភារៈ មធ្យោបាយបច្ចេកទេស កិច្ចសហការពីបណ្តាដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងពង្រីកសមត្ថភាពយេនឌ័រ និងអនុវត្តផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ររបស់ក្រសួងឲ្យមានប្រសិទ្ធភាព
-ពង្រឹងទំនាក់ទំនង សហការជាមួយអង្គភាពក្រោមឱវាទក្រសួង ក្រុមការងារយេនឌ័រនៃបណ្តាក្រសួង និង អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ព្រមទាំងអង្គការសង្គមស៊ីវិលនានា ក្នុងគោលដៅលើកកម្ពស់សមភាពយេនឌ័រ និងលុបបំបាត់អំពើហិង្សាលើស្ត្រីគ្រប់រូបភាព
-ផ្សព្វផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពីលទ្ធផលនៃការលើកកម្ពស់សមភាពយេនឌ័រ និងទិសដៅ ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច
-តាមដានត្រួតពិនិត្យវាយតម្លៃលទ្ធផលនៃការអនុវត្តន៍គោលនយោបាយលើកកម្ពស់សមភាពយេនឌ័រយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀងរាល់ឆមាស និងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ