សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ ៖​ ច្រកចេញចូលតែមួយទទួលបានការគាំទ្រ និងវាយតម្លៃខ្ពស់ពីសំណាក់អ្នកប្រើប្រាស់
January 22, 2020    អ្នកទស្សនា :

      ពោធិ៍សាត់៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា​ ច្រកចេញចូលតែមួយ បានទទួលការគាំទ្រ និងវាយតម្លៃខ្ពស់ពីសំណាក់អ្នកប្រើប្រាស់សេវា ដោយសារបានកាត់បន្ថយជាអតិបរមានូវភាពអាណាធិបតេយ្យ និងអំពើពុករលួយ។

      ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ រាជធានី-ខេត្ត នៅរដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃ​ទី២១​ ខែមករា​ ឆ្នាំ​២០២០​ សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ បានថ្លែងឲ្យដឹងថា​ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យ ប្រជាពលរដ្ឋដែលសម្ពោធនាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀតនៃគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដែលរាជរដ្ឋាភិបាលដាក់ចេញដើម្បីបង្ករលក្ខណៈ ងាយស្រួល និងឆ្លើយតបតាមសំណូមពរ ពេលវេលា ព្រមទាំងតម្រូវការរបស់ប្រជាពលរដ្ឋ។

      សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ មានប្រសាសន៍បន្តថា​ "យន្តការច្រកចេញចូលតែមួយ បានទទួលការគាំទ្រ និងវាយតម្លៃខ្ពស់ពីសំណាក់អ្នកប្រើប្រាស់សេវា ដោយសារបានកាត់បន្ថយជាអតិបរមានូវការិយាធិបតេយ្យ និងអំពើពុករលួយក្នុងដំណើរការសុំសេវាផ្សេងៗពីស្ថាប័នរដ្ឋ។ ហើយលើសពីនេះទៅទៀត នៅតាមបណ្ដាប្រទេសដែល មានធនធានមនុស្សមានសមត្ថភាពផ្នែកបច្ចេកវិទ្យាព័ត៌មាន គេក៏បានអភិវឌ្ឍន៍នូវប្រព័ន្ធ និងយន្តការនេះរហូតដល់តាមប្រព័ន្ធអនឡាញ និងឌីជីថលទៀតផង"។

     សម្ដេចក្រឡាហោមបានរំលឹកថា កម្ពុជាបានអនុវត្តសាកល្បងនូវដំណើរការច្រកចេញចូលតែមួយនេះ រយៈពេល១៥ឆ្នាំរួចមកហើយ ដោយចាប់ផ្ដើមដំបូង នៅស្រុកក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាប ដោយមានការគាំទ្រពីរដ្ឋបាលស្រុកនៅអាល្លឺម៉ង់ និងអ៊ីតាលី។ ដោយសារយន្តការនេះមានប្រសិទ្ធភាពខ្ពស់ ក្រសួងមហាផ្ទៃបានសហការជាមួយក្រសួងពាក់ព័ន្ធ ពង្រីកការិយាល័យនេះនៅតាមបណ្ដាក្រុងស្រុកជាបន្តបន្ទាប់ គិតត្រឹមឆ្នាំ២០១៩ មានថ្នាក់ក្រុងស្រុកខណ្ឌចំនួន១១៥រួចមកហើយ។

      សម្ដេចបានបន្ថែមថា ការិយាល័យច្រកចេញតែមួយ និងការិយាល័យប្រជាពលរដ្ឋរបស់រាជធានីខេត្តទូទាំងប្រទេស បានដំណើរការផ្ដល់សេវាជិត៦០០ប្រភេទសេវា ហើយថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានចេញអនុក្រឹត្យពាក់ព័ន្ធនឹងការផ្ទេរមុខងារ និងធនធានមួយចំនួនពីថ្នាក់ជាតិមកឲ្យថ្នាក់ក្រោមជាតិ ព្រមទាំងបានកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលក្រងស្រុក និងបង្កើនថវិកាឃុំសង្កាត់នៅឆ្នាំ២០២០ដែរ។ ក្នុងនោះថវិកាអភិវឌ្ឍន៍មូលដ្ឋានមានជាង៧ម៉ឺនដុល្លារ ដើម្បីធានាឲ្យឃុំសង្កាត់បំពេញបានតាមតម្រូវការជាក់ស្ដែងក្នុងមូលដ្ឋាន។

      សម្ដេច​ក្រឡា​ហោម​គូសបញ្ជាក់ថា​ ការបង្កើតការិយាល័យ ច្រកចេញចូលតែមួយ ក៏បង្កើតការិយាល័យប្រជាពលរដ្ឋមួយទៀតដែរ ដែលមានតួនាទីទទួល សម្របសម្រួល និងដោះស្រាយពាក្យបណ្ដឹង ឬការតវ៉ានានារបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធការសម្រេចរបស់រដ្ឋបាលមូលដ្ឋាន ភាពមិនប្រក្រតីនៃការផ្ដល់សេវា ឬការបញ្ចេញអកប្បកិរិយាមិនសមរម្យណាមួយពីមន្ត្រីក្នុងពេលផ្ដល់សេវាជូនប្រជាពលរដ្ឋ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ