ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិភាក្សាលើការធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
January 20, 2020    អ្នកទស្សនា :

      នាទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំលើកទី៣ជាមួយអង្គការសង្គមស៊ីវិល ដើម្បីពិនិត្យ និងពិភាក្សាលើខ្លឹមសារមួយចំនួនរបស់អង្គការសង្គមស៊ីវិល ពាក់ព័ន្ធនឹងការស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលដឹកនាំដោយ ឯកឧត្តម ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី អនុប្រធាន សមាជិកក្រុមការងារអន្តរក្រសួងរបស់រាជរដ្ឋាភិបាល អង្គទូតនានា ដៃគូរអភិវឌ្ឍន៍ ព្រមទាំងអង្គការសង្គមស៊ីវិល និងអង្គភាពស្ថាប័នពាក់ព័ន្ធជាច្រើនផងដែរ។

      ថ្លែងក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តម ប៊ុន ហ៊ុន បានលើកឡើងថាការងារបន្តពិភាក្សាលើខ្លឹមសារមួយចំនួននេះ គឺដើម្បីធ្វើយ៉ាងណាឲ្យច្បាប់នេះកាន់តែមានតម្លៃខ្ពស់បន្ថែមទៀត ជាពិសេសធ្វើយ៉ាងណាឲ្យការអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តម បានបន្តថា ក្រុមការងារអន្តរក្រសួង នឹងបន្តពិភាក្សាជាមួយអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ ដើម្បីពិនិត្យ រកអ្វីដែលជាចំណុចមិនសមស្របសម្រាប់អនុវត្តក្នុងស្ថានភាពបច្ចុប្បន្ន ដែលតម្រូវឱ្យធ្វើវិសោធនកម្មឡើងវិញ។ លើសពីនេះទៀត ឯកឧត្តម ក៏បានស្នើឲ្យអង្គការសង្គមស៊ីវិល ព្រមទាំងដៃគូរពាក់ព័ន្ធទាំងអស់ចូលរួមជាមួយក្រុមការងាររបស់រាជរដ្ឋាភិបាល អោយអស់ពីលទ្ធភាព ដើម្បីធ្វើយ៉ាងណាឱ្យរាល់កិច្ចពិភាក្សាទាំងអស់ដែលរៀបចំឡើងដោយក្រសួងមហាផ្ទៃ អាចស្វែងរកចំនុចខ្លាំង និងចំនុចខ្សោយ ហើយប្រមូលបានធាតុចូលសំខាន់ៗក្នុងការធ្វើវិសោធនកម្មច្បាប់មួយនេះឲ្យមានភាពពេញលេញដែលអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ហើយស្របតាមការអនុវត្តការងារជាក់ស្តែងផងដែរ។

      សូមបញ្ជាក់ដែរថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មានគោលបំណងធានាការពារ សិទ្ធិសេរីភាព ក្នុងការបង្កើតសមាគម និងអង្គការមែនរដ្ឋាភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់ និងការពារផលប្រយោជន៍សាធារណៈព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលជាមួយអាជ្ញាធរសាធារណៈ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ