ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម
January 19, 2020    អ្នកទស្សនា :

      នាថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៅសាធារណរដ្ឋសង្គមនិយមវៀតណម។

      សេចក្តីប្រកាសព័ត៌មាននេះ ធ្វើឡើងបន្ទាប់ពីគណៈប្រតិភូជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ នៃព្រៈរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើដំណើរទៅបំពេញទស្សនកិច្ចការងារ ជាមួយក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងហូជីមីញ ចាប់ពីថ្ងៃទី ១៧-១៩ ខែមករា ឆ្នាំ២០២០។

      ក្នុងឱកាសនោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើន តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អ ដែល
សម្រេចបានក្នុងឆ្នាំ២០១៩ កន្លងទៅនេះ មានជាអាទិ៍ កិច្ចសហការផ្លាស់ប្តូរព័ត៌មានដើម្បីថែរក្សាសន្តិសុខជាតិ
ការពារព្រឹត្តិការណ៍ជាតិធំៗ ការពារសុវត្ថិភាពដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងកិច្ចសហការ
ប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ការផ្លាស់ប្តូរប្រតិភូបំពេញទស្សនកិច្ចដកពិសោធន៍ការងារ និងពិនិត្យព្យាបាលជម្ងឺ ការបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងកម្លាំងនគរបាលជាតិ ព្រមទាំងការជួយគាំទ្រគ្នាទៅវិញទៅមកផ្នែកសម្ភារបច្ចេកទេស បម្រើឲ្យការងារថែរក្សាសន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។

      ទន្ទឹមនេះ ភាគីទាំងពីរក៏បានកត់សម្គាល់ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងកងកម្លាំងនគរបាលនៅតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធ និងថែរក្សាបរិយាកាសសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនបានយ៉ាងល្អប្រសើរ រួមចំណែកបង្កលក្ខខណ្ឌអំណោយផលដល់ការប្រកបជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

      ក្នុងជំនួបទ្វេភាគីនេះផងដែរ ភាគីទាំងពីរក៏បានផ្លាស់ប្តូរនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនចំពោះ ឯកឧត្តម ង្វៀន ហ្វូចុង ប្រធានរដ្ឋ លោកជំទាវ ង្វៀន ធី គឹមងឹន ប្រធានរដ្ឋសភា និងឯកឧត្តម ង្វៀន ស៊ុន ហ្វ៊ុក នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

      ព្រមជាមួយគ្នានោះផងដែរ សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងនូវការអបអរសាទរចំពោះប្រទេសវៀតណាម ក្នុងឱកាសទទួលភារកិច្ចជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២០នេះ និងការជាប់ឆ្នោតជ្រើសតាំងជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខនៃ អង្គការសហប្រជាជាតិ
ក្នុងអាណត្តិ២០២០-២០២១។

      ឯកឧត្តម តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ក៏បានចូលរួមសម្តែងនូវការអបអរសាទរចំពោះប្រទេសកម្ពុជា ដែលទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី១៣ នៅឆ្នាំ២០២០នេះដែរ។ ភាគីទាំងពីរបានប្តេជ្ញាជួយគាំទ្រគ្នាទៅវិញទៅមកគ្រប់លទ្ធភាព ដើម្បីបម្រើឲ្យការប្រារព្វព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តទាំងនេះ ដំណើរការទៅដោយជោគជ័យតាមការគ្រោងទុក។

       បន្ទាប់មកទៀត ភាគីទាំងពីរបានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២០ និងបានឯកភាពយកចិត្តទុកដាក់បន្តអនុវត្តកិច្ចការសំខាន់ៗមួយចំនួនទៀត រួមមាន ៖
- បន្តចាត់វិធានការម៉ឺងម៉ាត់ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន បទល្មើសព្រៃឈើ និងបទល្មើសធនធានធម្មជាតិផ្សេងៗ នៅតាមបណ្តាខេត្តជាប់ព្រំដែន និងនៅតាមតំបន់មួយចំនួនដែលមានភូមិសាស្រ្តស្មុគស្មាញ។
- បន្តជំរុញចាត់វិធានការតឹងរ៉ឹង ដើម្បីទប់ស្កាត់ និងបង្ក្រាបការលួចឆ្លងដែនខុសច្បាប់។
-បន្តកិច្ចសហប្រតិបត្តិការគ្រប់គ្រងតាមខ្សែបន្ទាត់ព្រំដែន និងសហការដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវិធី ឈរលើគោលការណ៍គោរពឯករាជ្យ និងអធិបតេយ្យគ្នាទៅវិញទៅមក។

       ដើម្បីបន្តយន្តការកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរកាន់តែសកម្ម និងខ្លាំងក្លាថែមទៀត សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានអញ្ជើញឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២០ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២១ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា តាមពេលវេលាសមស្រប៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ