សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យអភិបាលខេត្ត Ehime នៃ ប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម
January 16, 2020    អ្នកទស្សនា :

      នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០ សម្តេចក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាន​អនុញ្ញាតឲ្យឯកឧត្តម Tokihiro NAKAMURA អភិបាលខេត្ត Ehime នៃប្រទេសជប៉ុន ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម នាទី​ស្តីការក្រសួងមហាផ្ទៃ។

      ជាកិច្ចចាប់ផ្តើម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងការស្វាគមន៍ចំពោះការអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជារបស់ឯកឧត្តមអភិបាលខេត្ត ព្រមទាំងគណៈប្រតិភូ ពិសេសក្រុមធុរកិច្ចជនខេត្ត EHIME នៃប្រទេសជប៉ុនដែលបានរួមដំណើរមកនាពេលនេះ។

      សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាខេត្ត EHIME នៃប្រទេសជប៉ុន បានកសាងទំនាក់ទំនងយ៉ាងល្អជាមួយខេត្តបាត់ដំបងរបស់ប្រទេសកម្ពុជា ដោយបានបង្កើតទំនាក់ទំនងរវាងថ្នាក់ដឹកនាំខេត្ត និងខេត្ត និងរវាងធុរជន និងធុរជន ហើយតាមរយៈទំនាក់ទំនងដ៏ល្អនេះ ក៏មានក្រុមហ៊ុនជប៉ុនបានមកបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តបាត់ដំបង ហើយជាងនេះទៀត សម្ដេចសង្ឃឹមថានឹងមានការវិនិយោគពីជប៉ុនមកខេត្តបាត់ដំបងកាន់តែច្រើនទៀតផងដែរ។

      នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍ដែរថា ទំនាក់ទំនងដ៏ល្អនេះ មិនមែនតែរវាងខេត្តបាត់ដំបង និងខេត្ត EHIMEនៃប្រទេសជប៉ុននោះទេ ក៏ប៉ុន្តែទំនាក់ទំនងនេះ គឺជាផ្នែកមួយនៃផ្លែផ្លាកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ដោយសម្ដេចបានលើកឡើងពីការថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនប៉ុន ដែលបានចូលរួមជួយជ្រោមជ្រែងការអភិវឌ្ឍកម្ពុជារហូតមក។

      ឯកឧត្តម TOKIHIRO NAKAMURA អភិបាលខេត្តនៃប្រទេសជប៉ុន បានសម្ដែងសេចក្ដីថ្លែងអំណរគុណសម្ដេចក្រឡាហោម ដែលបានផ្ដល់ឱកាសជូនឯកឧត្តម បានដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាពេលនេះ និងបានជម្រាបជូនសម្ដេចអំពីសមាសភាពគណៈប្រតិភូ ព្រមទាំងសកម្មភាពនៃដំណើរទស្សនកិច្ចកម្ពុជា។ នោក្នុងនោះផងដែរ ឯកឧត្តមអភិបាលខេត្តរបស់ប្រទេសជប៉ុន ក៏បានជម្រាបជូនសម្ដេចដែរថា ប្រតិភូពិតជាមានការចាប់អារម្មណ៍ខ្លាំងចំពោះខេត្តបាត់ដំបង ជាខេត្តធំ មានសក្ដានុពលដល់ដំណាំកសិកម្ម និងជាខេត្តជាប់ព្រំដែនមួយដែលមានក្រុមហ៊ុនជប៉ុនកំពុងវិនិយោគស្រាប់ និងបានជម្រាបសម្ដេចថាឯកឧត្តមបានអញ្ជើញឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងដឹកនាំប្រតិភូទៅទស្សនកិច្ចប្រទេសជប៉ុននៅអំឡុងខែមេសាខាងមុខ។

      ជាការឆ្លើយតបសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងការស្វាគមន៍ និងមានប្រសាសន៍ថាសម្ដេចសូមគាំទ្រឱ្យឯកឧត្តមអភិបាលខេត្តបាត់ដំបងដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន និងបានជូនពរឯកឧត្តមអភិបាលខេត្ត ព្រមទាំងគណៈប្រតិភូជប៉ុនបំពេញទស្សនកិច្ចនៅកម្ពុជាប្រកបដោយភាពរីករាយ និងជោគជ័យ ព្រមទាំងធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ