ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត
January 16, 2020    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ក្នុងដែនសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ឡាំង ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អភិបាលរងខេត្តទទួលបន្ទុកជាប់ព្រំដែនសមុទ្រ ព្រមទាំងមន្រ្តីជំនាញផងដែរ។

      ថ្លែងក្នុងកិច្ចប្រជុំនាព្រឹកនេះ ឯកឧត្តម ឡាំ ជា បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឯកភាពគ្នាកែសម្រួលខ្លឹមសារមួយចំនួន ដែលត្រូវកំណត់នូវសមត្ថកិច្ចចូលបន្ថែមនៅក្នុងផែនការជាតិនេះ ដូច្នេះត្រូវតែមានការសួរយោបល់ពីតំណាងខេត្តទាំង៤ដែលជាប់សមុទ្រ និងមន្រ្តីជំនាញពាក់ព័ន្ធរបស់ក្រសួងមហាផ្ទៃ ដើម្បីបានជាធាតុចូលសម្រាប់កសាងផែនការសកម្មភាពជាតិស្តីពីការបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត សម្រាប់ប្រើប្រាស់ប្រកបដោយវិសាលភាពទូលំទូលាយ និងធានាបាននូវការទប់ស្កាត់បានទាំងស្រុងនូវបទល្មើសនេសាទធនធានធម្មជាតិក្នុងដែនសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។

      សូមជម្រាបថា៖ ផែនការសកម្មភាពជាតិស្តីពីការបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ត្រូវបានរៀបចំឡើង ផ្អែកលើផែនការសកម្មភាពអន្តរជាតិ ផែនការសកម្មភាពថ្នាក់តំបន់ និងគោលការណ៍ណែនាំរបស់អាស៊ាន-លេខាធិការដ្ឋានអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ស្តីពីការបង្ការការនាំចូលផល ផលិតផល ជលផលពីសកម្មភាពនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ចូលទៅក្នុងខ្សែសង្វាក់ផលិតកម្ម។ និងមានគោលបំណង ដើម្បីប្រយុទ្ធប្រឆាំង នឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ដោយអនុវត្តវិធានការដ៏ទូលំទូលាយ មានប្រសិទ្ធភាព និងតម្លាភាព និងដើម្បីផ្តល់ប្រសិទ្ធភាពពេញលេញនូវការអនុវត្តបទប្បញ្ញត្តិដែលជាផ្នែកសំខាន់នៃកម្មវិធីគ្រប់គ្រងជលផល។

      ដោយឡែក ផែនការសកម្មភាពជាតិនេះ ត្រូវបានរៀបចំឡើងដែលមានសកម្មភាពសំខាន់ៗដូចជា៖ ការកែសម្រួល ប្រព័ន្ធច្បាប់ សេចក្តីព្រាង និងការអនុម័តផែនការជាតិត្រួតពិនិត្យ និងអធិការកិច្ច ការបណ្តុះបណ្តាលអ្នកអង្កេតការកម្ពុជា និងមន្ត្រីអធិការកិច្ចកំពង់ផែនេសាទ កាតព្វកិច្ចធ្វើរបាយការណ៍ និងការកត់ត្រាប្រព័ន្ធតាមដាននាវានេសាទនៅកម្ពុជា៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ