អគ្គស្នងការនគរបាលជាតិ អំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមរយៈអុិនធើណេតឲ្យកាន់តែមានប្រសិទ្ធភាព
December 30, 2019    អ្នកទស្សនា :

      ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អំពាវនាវឲ្យបណ្តាក្រុមហ៊ុនកាស៊ីណូ និងមន្រ្តីពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ដើម្បីពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ិនធើណេតអនឡាញក្នុង និងក្រៅប្រទេសឱ្យមានប្រសិទ្ធភាពខ្ពស់។

      ឯកឧត្តម នាយឧត្តមសេនីយ៍បានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញ បើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពី ពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ិនធើណេតអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០១៩ អគ្គស្នងការដ្ឋាននគរបាលជាតិ។

      សូមជម្រាបថា កន្លងមក រាជរដ្ឋាភិបាលសង្កេតឃើញថា សកម្មភាពអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ិនធើណេតអនឡាញ (Internet Online) ក្នុង និងក្រៅប្រទេសមួយចំនួនបានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល និងមួយចំនួនទៀតបានលួចលាក់ធ្វើសកម្មភាពនៅតាមទីតាំងផ្សេងៗគ្នា ហើយពួកឧក្រិដ្ឋជនបរទេសមួយចំនួន បានជ្រកក្រោមរូបភាពល្បែងភ្នាល់ប្រភេទនេះ ដើម្បីធ្វើសកម្មភាពបោកប្រាស់ជំរិតទារប្រាក់ពីជនរងគ្រោះទាំងក្នុង និងក្រៅប្រទេស ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម។

      ជាងនេះទៀត ដើម្បីពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូទិចតាមរយៈអ៊ិនធើណេតអនឡាញក្នុង និងក្រៅប្រទេស សំដៅចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម រាជរដ្ឋាភិបាល បានធ្វើការណែនាំដូចខាងក្រោម៖ 
១.មន្រ្តីនគរបាលយុត្តិធម៌ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការស្រាវជ្រាវ និងបង្ក្រាបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ិនធើណេតអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព ដែលធ្វើសកម្មភាពដោយមិនមានអាជ្ញាប័ណ្ណពីក្រសួង ស្ថាប័នមានសមត្ថកិច្ច។
២.ចំពោះអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ិនធើណេតអនឡាញក្នុង និងក្រៅប្រទេសដែលមានអាជ្ញាប័ណ្ណ ត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពរហូតផុតសុពលភាពដែលបានកំណត់
ក្នុងអាជ្ញាប័ណ្ណ។ បន្ទាប់ពីនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនបន្តសុពលភាពនៃអាជ្ញាប័ណ្ណអនុញ្ញាតឱ្យប្រកបអាជីវកម្មល្បែងភ្នាល់ប្រភេទនេះទៅទៀតឡើយ។
៣.រាជរដ្ឋាភិបាលបញ្ឈប់ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឱ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ិនធើណតអនឡាញក្នុង និងក្រៅប្រទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរណែនាំនេះតទៅ។

      ដោយឡែក ដើម្បីចូលរួមអនុវត្តសារាចរណែនាំរបស់រាជរដ្ឋាភិបាលខាងលើ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានដាក់ចេញនូវវិធានសំខាន់ៗដូចខាងក្រោម៖
១.បញ្ចប់ការបន្តសុពលភាព និងផ្តល់អាជ្ញាបណ្ណអាជីវកម្មល្បែងភ្នាល់អនឡាញចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ តទៅ។
២.ក្រុមហ៊ុនកាស៊ីណូទាំងអស់ ត្រូវបញ្ឈប់ការប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ិនធើណេតអនឡាញ ក្នុងនិងក្រៅប្រទេស នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ជាកំហិត។
៣.ក្នុងករណីមិនអនុវត្តតាមការណែនាំនេះ គណៈកម្មការចម្រុះបង្ក្រាបការលេងល្បែងកាស៊ីណូឆ្នោតឡូតូ ភ្នាល់អនឡាញ និងល្បែងភ្នាល់ខុសច្បាប់គ្រប់ប្រភេទ និងចាត់វិធានការតាមច្បាប់ជាធរមាន៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ