សម្តេចក្រឡាហោម ស ខេង៖ ដើម្បីធានាឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចដំណើរការតាមរចនាសម្ព័ន្ធគ្រប់គ្រងថ្មី ចាំបាច់ត្រូវផ្តល់​ការអភិវឌ្ឍសមត្ថភាពជាច្រើនបន្ថែមទៀតដល់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ
December 27, 2019    អ្នកទស្សនា :

      សម្តេចក្រឡាហោម ស ខេង បានមានលើកឡើងថា ដើម្បីធានា​ឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចដំណើរការតាមរចនា​សម្ព័ន្ធ​គ្រប់គ្រងថ្មី និងអាចគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារនានា​ដែលបានផ្ទេរឱ្យប្រកបដោយប្រសិទ្ធភាព ចាំបាច់ត្រូវផ្តល់ការ​អភិវឌ្ឍសមត្ថភាពជាច្រើនបន្ថែមទៀតដល់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងពិធីបិទមហាសន្និបាត លើកទី៣ អាណត្តិទី៣ នៃសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នាព្រឹកទី២៧ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ បានលើកឡើងបន្ថែមទៀតថា សាលាជាតិ​រដ្ឋបាលមូលដ្ឋានកំពុងតែសហការជាមួយក្រសួង ស្ថាប័នពាក់​ព័ន្ធក្នុងការរៀបចំឯកសារបណ្តុះបណ្តាលទាំងនេះ និងត្រូវខិតខំ​រៀបចំវគ្គបណ្តុះបណ្តាលដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌទាំងអស់​ឱ្យបានរួចរាល់យ៉ាងយូរក្នុងអំឡុងត្រីមាសទី១ នៃឆ្នាំ២០២០។ ដែលការបណ្តុះបណ្តាលនេះ ត្រូវផ្តល់អាទិភាពលើ​កិច្ចការ​សំខាន់ៗដែលពាក់ព័ន្ធនឹងមុខងារ និងរចនាសម្ព័ន្ធថ្មីរបស់​រដ្ឋបាលក្រុង ស្រុក ខណ្ឌគោលការណ៍ បែបបទ និងនីតិវិធី​នៃការគ្រប់គ្រងបុគ្គលិក និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុដែល​បានកែសម្រួល សំដៅធានាការចាប់ផ្តើមបំពេញការងារតាមប្រព័ន្ធ និងរចនាសម្ព័ន្ធគ្រប់គ្រងថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
បន្ថែមលើសពីនេះសម្តេចក្រឡាហោមបានស្នើឱ្យសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ បន្តយកចិត្តទុកដាក់បន្ថែមទៀត​លើការអភិវឌ្ឍសមត្ថភាពរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការដឹកនាំ ការគ្រប់គ្រង និងការតាមដានត្រួត​ពិនិត្យការអនុវត្តមុខងារ និងធនធានដែលបានផ្ទេរ ប្រកបដោយប្រសិទ្ធភាព តម្លាភាពគណនេយ្យភាព និងមានការចូលរួម។

      សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី២១ ខែសីហាឆ្នាំ២០១៩ កន្លងទៅ រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យ ស្តីពីការផ្ទេរធនធាន​បន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់សម្រាប់ចំណាយ​អភិវឌ្ឍន៍មូលដ្ឋានចាប់ពីឆ្នាំ២០២០តទៅ ដែលក្នុងនោះ រដ្ឋបាលឃុំ សង្កាត់នីមួយៗនឹងទទួលបាន​ថវិកាសរុបជាមធ្យមចំនួនប្រមាណ ១២២.០០០ដុល្លារ ក្នុងនោះថវិកាផ្នែកអភិវឌ្ឍន៍មូលដ្ឋាន​មានចំនួនប្រមាណជាង ៧០.០០០ដុល្លារ ពោលគឺកើនឡើងទ្វេដងធៀបនឹងឆ្នាំ២០១៩ ហើយថវិកានេះនឹងកើនឡើងជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ដែលរហូតដល់ឆ្នាំ២០២៣ រដ្ឋបាលឃុំ សង្កាត់នីមួយៗនឹង​ទទួលបានថវិកាជាមធ្យមចំនួនប្រមាណ ១៩៣.០០០ដុល្លារ ក្នុងនោះថវិកាផ្នែកអភិវឌ្ឍន៍មូលដ្ឋាន​មានចំនួនជាមធ្យម​ប្រមាណជាង ១៣២.០០០ដុល្លារ៕ គឺមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ