សម្តេចក្រឡាហោម ស ខេង៖ សមាគមជាតិក្រុមប្រឹក្សា​រដ្ឋបាល​ថ្នាក់ក្រោមជាតិ ទាំងអស់នឹងបន្តក្លាយ​ជាដៃគូដ៏​សំខាន់ ក្នុងការ​ចូល​រួមចំណែក អនុវត្តគោលនយោបាយ កម្មវិធីកំណែ​ទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការ​ប្រកបដោយប្រសិទ្ធភាព
December 27, 2019    អ្នកទស្សនា :

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា មានជំនឿយ៉ាងមុតមាំថា សមាគមជាតិក្រុមប្រឹក្សារដ្ឋបាលថ្នាក់​ក្រោមជាតិទាំងអស់នឹងបន្តក្លាយជាដៃគូដ៏សំខាន់ ក្នុងការចូលរួម​ចំណែកក្នុងកិច្ចដំណើរការរៀបចំ និងអនុវត្តគោលនយោ​បាយរបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងការរៀបចំ និងអនុវត្តកម្មវិធី​កំណែ​ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ​ប្រកបដោយប្រសិទ្ធភាព ដែលកំពុងមានការវិវឌ្ឍឈានចូលទៅ​ដំណាក់កាលកាន់តែស៊ីជម្រៅពាក់ព័ន្ធនឹងការផ្ទេរមុខងារ ធនធាន និងការទទួលខុសត្រូវកាន់​តែច្រើនឡើងៗទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ រួមនឹងការពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំ​របស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារ និងធនធាន​ដែលបានផ្ទេរឱ្យទាំងនោះ។ សម្តេចក្រឡាហោម បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញ​ជាអធិបតីបិទមហាសន្និបាត លើកទី៣ អាណត្តិទី៣ នៃសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នាព្រឹកទី២៧ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ។

សម្តេចក្រឡាហោម បន្តថា សមាគមក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ​មាន​តួនាទី ភារកិច្ចសំខាន់ៗ រួមមាន៖ ទី១. ជាមជ្ឈមណ្ឌល​ចងក្រង​ឯកសារ និងប្រមូលផ្ដុំព័ត៌មានអំពីក្រុមប្រឹក្សា​នៅថ្នាក់ក្រោម​ជាតិ, ទី២. ជាវេទិកាសម្រាប់ផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន គោលនយោបាយ ច្បាប់ លិខិតបទដ្ឋាន និងគោលការណ៍ណែនាំផ្សេងៗរបស់រដ្ឋាភិបាលនៅថ្នាក់ជាតិដល់​ក្រុមប្រឹក្សាថ្នាក់​ក្រោម​ជាតិដែលជាសមាជិករបស់សមាគម, ទី៣. ជាយានសម្រាប់ពាំនាំបញ្ហាប្រឈមនា​នា​របស់ក្រុមក្សាថ្នាក់ក្រោមជាតិ ដើម្បីជម្រាបជូនរដ្ឋាភិបាលជាតិក្នុង​បំណងស្វែងរកដំណោះ​ស្រាយ, ទី៤. ជាសម្លេងរបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិក្នុង​ការស្វែងរកការគាំទ្រ និងការការពារផល​ប្រយោជន៍​រួម​របស់ក្រុម​ប្រឹក្សាថ្នាក់ក្រោមជាតិ,ទី៥. ជាអ្នកផ្តល់សេវាពិគ្រោះយោបល់ និងការកសាង​សមត្ថភាពដល់សមាជិករបស់ខ្លួនជាក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ និងទី៦. ជាយន្តការសម្រាប់ឲ្យក្រុម​ប្រឹក្សា​ថ្នាក់​ក្រោមជាតិ ចែករំលែកចំណេះដឹង មេរៀន និងបទពិសោធន៍ល្អៗ ទាក់ទងនឹងការងារ​អភិបាល​​កិច្ច ការងារអភិវឌ្ឍន៍មូលដ្ឋាន និងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

សូមបញ្ជាក់ដែរថា បច្ចុប្បន្ន ប្រទេសកម្ពុជា មានសមាគមក្រុម​ប្រឹក្សា​រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានចុះបញ្ជីផ្លូវការចំនួន ៣ ប្រភេទគឺ ១). សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ឬហៅថា សម្ព័ន្ធភាពជាតិក្រមប្រឹក្សាថ្នាក់មូលដ្ឋាន, ២). សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន​ថ្នាក់​រាជ​ធានី ខេត្ត និង, ៣). សមាគម​ជាតិក្រុមប្រឹក្សារាជធានី ខេត្ត ឬហៅថា សមាគម​ក្រុម​ប្រឹក្សាថ្នាក់តំបន់៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ